ជាតិ
ពីនេះ ពីនោះ
ត្រី​គល់រាំង ជា​ត្រី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​កម្ពុជា ត្រូវបាន​លែង​ចូលក្នុង​បឹង​ទន្លេសាប​វិញ​
14, Apr 2018 , 6:30 pm        
រូបភាព
អ្នកនេសាទ ផាន់ សុភឿន និងត្រីគល់រាំង មុនពេលលោកធ្វើពិធីលែងចូលក្នុងបឹងទន្លេសាបវិញ។  នេះជាត្រីគល់រាំងដែលលោកចាប់បានលើកទី១។ រូបថតផ្តល់ដោយ ផាន់ សុភឿន
អ្នកនេសាទ ផាន់ សុភឿន និងត្រីគល់រាំង មុនពេលលោកធ្វើពិធីលែងចូលក្នុងបឹងទន្លេសាបវិញ។ នេះជាត្រីគល់រាំងដែលលោកចាប់បានលើកទី១។ រូបថតផ្តល់ដោយ ផាន់ សុភឿន
ដោយ: ថ្មីៗ
កាល​ថ្ងៃទី ១០ មិនា ឆ្នាំ​២០១៨ នៅក្នុង​គេហទំព័រ​ថ្មីៗ បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់លោក ផាន់ សុភឿន ជា​អ្នកនេសាទ​ម្នាក់ ដែល​រស់នៅក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ សុភឿន បាន​និយាយប្រាប់​យើង​ថា ការលក់​ត្រី​គល់រាំង នោះ​ស្មើរ​នឹង​គាត់​លក់ «​អត្តសញ្ញាណ​ជាតិ​កម្ពុជា​ដែរ​» ។ ដោយ​យល់ឃើញ​យ៉ាង​ដូច្នេះហើយ ទើប​កាលពី​ឆ្នាំមុន ពេលដែល​គាត់​ចាប់បាន​ត្រី​គល់រាំង​ចំនួន​ពីរ​ក្បាល​នៅក្នុង​បឹង​ទន្លេសាប គាត់​បានសម្រេច​ចិត្ត​លែង​វា​ចូលទៅក្នុង​បឹង​ទន្លេសាប​វិញ ដូច​មាន​បង្ហាញ​រូបភាព​ស្រាប់​។​

 
​គួររំលឹកថា កាលពី​រដូវ​នេសាទ​ឆ្នាំ ២០១៧ កន្លងទៅនេះ លោក សុភឿន ធ្លាប់​ចាប់បាន​ត្រី គល់រាំង ចំនួន​ពីរ​ក្បាល ដោយ​ឧបករណ៍​នេសាទ «​លប​ឡុ​ក​» ដែល​គាត់​ដាក់​ក្នុង​បឹង​ទន្លេសាប​។ ដោយ​ធ្លាប់​ទទួលបាន​ការផ្សព្វផ្សាយ​ពី​ខាង​រដ្ឋបាល​ជលផល​ថា ត្រី​គល់រាំង ជា​ត្រី​កម្រ និង​ជិត​ផុត​ពូជ ហើយក៏​ជា​ត្រី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​កម្ពុជា​ផងដែរ​នោះ ក្រោយ​ចាប់បាន​ភ្លាម ផាន់ សុភឿន ក៏បាន​រាយការណ៍​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ក្រគរ រួច​ក៏​ធ្វើ​ពិធី ដុត​ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ រួច​លែង​ចូលទៅក្នុង​បឹង​ទន្លេសាប​វិញ​។ 
 
​លោក​មានប្រសាសន៍​បន្ត​ទៀតថា​៖ «​ខ្ញុំ​មិន​ហ៊ាន​លក់ដូរ​ត្រី​ប្រភេទ​នេះ​ទេ ព្រោះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ត្រី​គល់រាំង និង​ត្រី​រាជ ក្រៅពី​ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ និង​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា វា​ក៏​ជា​ប្រភេទ​ត្រី​ធំ ដែល​ពពួក​អារក្ស អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី តាម​ថែរក្សា​ផងដែរ​។ ដូច្នេះ ទោះបី​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​យ៉ាងណា ក៏​ខ្ញុំ​មិន​ហ៊ាន​លក់ដូរ​ដែរ ព្រោះ​ប្រាក់​ទាំងនោះ មិនអាច​ដោះស្រាយ​បញ្ហា ឬ​គ្រោះ​អកុសល ដែល​កើតចេញពី​ការលក់ដូរ​ត្រី​នោះ មកលើ​គ្រួសារ​ខ្ញុំ​បានទេ សេចក្តីសុខ​ក្នុង​គ្រួសារ​ខ្ញុំ​សំខាន់​ជាង និង​មានតម្លៃ​ជាង​។ ម្យ៉ាងទៀត បើ​ខ្ញុំ​លក់​វា ស្មើរ​នឹង​ខ្ញុំ​លក់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​អ៊ីចឹង​ដែរ​»​។ 
 
​នៅ​ថ្ងៃទី ២១ ខែមេសា ខាងមុខនេះ គឺជា​ថ្ងៃ​ដែល​ពិភពលោក ប្រារព្ធ​ទិវា​ពិភពលោក​នៃ​ការធ្វើ​ចរាចរ​ផ្លា​ល់​ទី​របស់​មច្ឆជាតិ (World Fish Migration Day)​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​ពួកយើង​ធ្វើការ​អបអរសាទរ​ដ​ល់​ប្រភេទ​ត្រី​ដែលមាន​លក្ខណៈពិសេស របស់​ប្រទេស​កម្ពុជា​យើង ដូចជា​ត្រី​គល់រាំង​នេះ​ជាដើម ដែល​វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ចូលទៅក្នុង​ទន្លេមេគង្គ នៅក្នុង​ចុងរដូវ​ប្រាំង​។ ចូរ​យើង​នាំគ្នា​ការពារ​ត្រី​ដែលមាន​លក្ខណៈពិសេសរ​បស់​ប្រទេស​កម្ពុជា ព្រមទាំង​ទន្លេ ដែល​ដែលជា​ជម្រក​ចាំបាច់​របស់​ពពួក​ត្រី​ទាំងនេះ​ផងដែរ​!

(​អត្ថបទ​៖ Chhut Chheana / USAID Wonders of the Mekong)

© រក្សាសិទ្ធិដោយ thmeythmey.com