ជាតិ
​បច្ចេកវិទ្យា
សិស្ស​ថ្នាក់​ទី​១១​ពីររូប បង្កើត​ប្រព័ន្ធ​បិទ​-​បើកភ្លើង​ស្វ័យប្រវត្តិ​បញ្ជា​ពី​ទូរ​សព្ទ​
13, Apr 2018 , 7:59 pm        
រូបភាព
 ភ្នំពេញ​៖ យុវតី ថន សិរី​រដ្ឋា និង​យុវជន ពូ គុណ​វឌ្ឍន៍ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី ដែល​បាន​រួមគ្នា​បង្កើត​ប្រព័ន្ធ​បិទ​-​បើកភ្លើង​ក្នុងផ្ទះ​ស្វ័យប្រវត្តិ (Home Automation) ។ ពួកគេ បង្កើត​បច្ចេកវិទ្យា​នេះ  ក្នុង​បំណង​បន្ថយ​ការចំណាយ និង​ការពារ​ហានិភ័យ​នៅក្នុង​ផ្ទះ​។​


​យុវ​សិស្ស​កម្ពុជា​២​រូប ដែលជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី បាន​ស្រាវជ្រាវ​ការបង្កើត​ប្រព័ន្ធ​បិទ​-​បើកភ្លើង​ក្នុងផ្ទះ​ស្វ័យប្រវត្តិ (Home Automation)  បញ្ជា​ពី​ទូរស័ព្ទ​។ យុវតី ថន សិរី​រដ្ឋា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មនុស្ស​ម្នាក់ៗ​តែងតែ​ចង់​ប្រើប្រាស់​អ្វីដែល​កាន់តែ​ងាយស្រួល​ទៅៗ និង​ឆាប់រហ័ស ព្រមទាំង​មិនចាំបាច់​រំខាន​ដល់​អ្នកដទៃ​។ ដូច្នេះហើយ ទើបបានជា​កញ្ញា និង​មិត្តភក្តិ​គាត់​ម្នាក់ទៀត នឹកឃើញ​បង្កើត​ប្រព័ន្ធ​បិទ​-​បើកភ្លើង​ក្នុងផ្ទះ​ស្វ័យប្រវត្តិ​នេះ​ឡើង​។ យុវតី ថន សិរី​រដ្ឋា បន្ថែម​ដូច្នេះ​ថា​៖«​វា​អាចជួយ​សន្សំសំចៃ​ការប្រើប្រាស់​អគ្គិសនី​នៅក្នុង​ផ្ទះ​បាន​ច្រើន និង​ជាពិសេស​ជួយ​សម្រួល​ដល់​មនុ​ស្សចា​ស់ជ​រា និង​ជនពិការ​ដែល​ពិបាកធ្វើ​ចលនា ដោយ​ពុំ​ចាំបាច់​ឡើង​ចុះ​បិទ​-​បើក​កុងតាក់​ភ្លើង​»​។​
  
 
​ការស្រាវជ្រាវ​លើ​ប្រព័ន្ធ​បិទ​-​បើកភ្លើង​ក្នុងផ្ទះ​ស្វ័យប្រវត្តិ​នេះ គឺ​បាន​ចំណាយពេល​២​សប្តាហ៍ ដោយ ដោយមាន​ការចង់​ប្រព័ន្ធ​កូដ​(Code) និង​ដាក់​លេខ​សម្ងាត់ (Password) ភ្ជាប់​ជាមួយ​ប្លូ​ធូ (Bluetooth) នឹង​បញ្ជា​បិទ​-​បើកភ្លើង​ដោយ​App​នៅក្នុង​ទូរស័ព្ទ​។  នេះ​បើតាម យុវជន ពូ គុណ​វឌ្ឍន៍ ដៃគូ​ស្រាវជ្រាវ​របស់ សិរី​រដ្ឋា​។ យុវជន ពូ គុណ​វឌ្ឍន៍ ក៏បាន​សាកល្បង​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​រៀងរាល់ថ្ងៃ​ដែរ មុននឹង​យក​ប្រព័ន្ធ​នេះ ទៅ​ប្រជែង​ក្នុង​កម្មវិធី Asean Student Science Project Competition 2018 (ASPC)  នៅ​ប្រទេស​ថៃ ជាមួយ​សិស្ស នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ផ្សេងៗ​ទៀត​។ ការប្រកួតប្រជែង ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។ 
 
​យុវ​សិស្ស ពូ គុណ​វឌ្ឍន៍ រៀបរាប់​ដូច្នេះ​៖«​ខ្ញុំ​បាន​បំពាក់​វា​នៅក្នុង​បន្ទប់​គេង​របស់ខ្ញុំ​រួចហើយ និង​ប្រើប្រាស់​វា​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​បានដាក់​ប្រព័ន្ធ​កំណត់​នាទី នៅក្នុង​ទូរស័ព្ទដៃ​របស់ខ្ញុំ​។ ឧទាហរណ៍ ខ្ញុំ​កំណត់​ពេលវេលា​១​ម៉ោង នៅពេល​មើល​មេរៀន ឬ​ធ្វើ​លំ​ហាត់​នៅ​យប់ ចៃដន្យ​ខ្ញុំ​គេង​មុន​ម៉ោង​កំណត់ ដូច្នេះ​ប្រព័ន្ធ​ភ្លើង​ដែល​ខ្ញុំ​បានកំណត់ វា​នឹង​បិទ​ដោយ​ខ្លួនឯង​»​។​
​ពូ គុណ​វឌ្ឍន៍ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រព័ន្ធ​នេះ​អាច​បញ្ជា​បិទ​-​បើកភ្លើង បាន​លើសពី​១០០​ម៉ែត្រ​ដោយ​គ្មាន​របាំង និង​បាន​ចម្ងាយ​៣០​ម៉ែត្រ ពេល​មាន​របាំង​ផ្សេងៗ ដូចជា កញ្ចក់ ទ្វារ ជាដើម​៕










Tag:
 បច្ចេកវិទ្យា​
  ថន សិរី​រដ្ឋា​
 ​ពូ គុណ​វឌ្ឍន៍​
 ​ភ្នំពេញ​
 ​ស៊ី​សុ​វ​ត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com