អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​ស៊ីម​បា​វ៉េ​ហៅ​លោក មូ​ហ្កា​បេ សួរនាំ​រឿង​បាត់​ពេជ្រ​តម្លៃ​១៥​ពាន់​លាន​ដុល្លារ​
13, Apr 2018 , 9:59 pm        
រូបភាព
​គណៈកម្មាធិការ​សភា​ស៊ី​ម​បា​វ៉េ​នឹង​កោះហៅ​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ ទៅ​សួរនាំ​រឿង​បាត់​ពេជ្រ​តម្លៃ​ប្រហែល​១៥​ពាន់​ដុល្លារ​។ ពេជ្រ​ទាំងនោះ​ត្រូវបាន​បាត់​ពី​កន្លែង​រុករក​រ៉ែ Marange ។ មិន​ត្រឹមតែ​អតីត​ប្រធានាធិបតី​រូបនេះ​ឡើយ មន្ត្រី​មួយចំនួនទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាត់​ពេជ្រ​នេះ បានបង្ហាញ​ខ្លួន​ចំពោះមុខ​គណៈកម្មាធិការ​សភា​រួចហើយ​។​

 
​គណៈកម្មាធិការ​ទទួល​ធនធាន​រ៉ែ និង​ថាមពល​នៃ​សភា​ស៊ីម​បា​វ៉េ នឹង​ហៅ​អតីត​មេដឹកនាំ​វ័យ​ចំណាស់ រ៉ុ​បឺត មូ​ហ្ក​បេ ឲ្យ​បង្ហាញមុខ​ចំពោះមុខ​គណៈកម្មាធិការ​នេះ​ដើម្បី​ផ្ដល់ព័ត៌មាន​លើ​ការបាត់​ពេជ្រ​ដ៏​ច្រើន និង​មានតម្លៃ​ប្រហែល​១៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ ពេជ្រ​ដ៏​ច្រើន​នេះ​បាន​បាត់​ក្នុងសម័យ​លោក មូ​ហ្កា​បេ ដឹកនាំ​ប្រទេស ដែល​ពោរពេញ​ដោយ​អំពើពុករលួយ អតិផរណា​កប់​ពពក ព្រម​គ្នា​នឹង​សេដ្ឋកិច្ច​ដ៏​យ៉ាប់យ៉ឺន​ថែមទៀត​។​
 
​សភា​ស៊ីម​បា​វ៉េ​ទំនង​សង្ស័យ​លោក មូ​ហ្កា​បេ ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អតីត​ប្រធានាធិបតី​រូបនេះ​ធ្លាប់​និយាយ​ក្នុង​កិច្ច​សម្ភាស​ពេល​កាន់អំណាច​នៅឡើយ​ថា ក្រុមហ៊ុន​ខ្លះ​បាន​ដឹកជញ្ជូន​ពេជ្រ​ទាំងអស់​ចេញពី​តំបន់​អណ្ដូងរ៉ែ Marange បាត់ទៅហើយ​។ ប៉ុន្តែ​ក្រោយមក លោក George Charamba ដែលជា​អតីត​អ្នកនាំពាក្យ​ប្រធានាធិបតី​និយាយថា លោក មូ​ហ្កា​បេ និយាយ​បែប​ប្រៀបធៀប​ប៉ុណ្ណោះ​។​
 
​ប្រធាន​គណៈកម្មាធិការ​ខាងលើ​លោក Temba Mliswa ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក The Herald ស្រង់​សម្ដី​នៅ​ថ្ងៃទី​១១ ខែមេសា ថា គណៈកម្មាធិការ​របស់​លោក​មានការ​តាំងចិត្ត​ដើម្បី​អញ្ជើញលោក មូ​ហ្កា​បេ ទៅ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ករណី​បាត់​ពេជ្រ​នេះ​។ យ៉ាងណាមិញ គណៈកម្មាធិការ​មិនទាន់​កំណត់​ពេល​ច្បាស់​ពី​ការបង្ហាញ​ខ្លួន​របស់លោក មូ​ហ្កា​បេ ទេ​។​
 
«​គំនិត​របស់ខ្ញុំ គឺ​យើង​មិនបាន​ប៉ុនប៉ង​ធ្វើបាប​នរណា​ឡើយ​។ យើង​ចង់​ឲ្យ​ស្ថាប័ន​សភា​នេះ​ឆ្លើយតប​ទៅនឹង​ករណី​បាត់​ពេជ្រ​ដែល​តម្លៃ​១៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ពេល​មាន​ភស្តុតាង​គ្រប់គ្រាន់ យើង​នឹង​ជជែក​ពិភាក្សា​ករណីនេះ ប៉ុន្តែ​ចំពោះ​ករណីនេះ យើង​អញ្ជើញ​មនុស្ស​ទាំងអស់ ជាពិសេស​គាត់​តែម្ដង (​លោក មូ​ហ្កា​បេ​) ព្រោះ​គាត់​ជា​ប្រភពព័ត៌មាន​»​។ នេះ​ជា​សម្ដី​របស់លោក Mliswa ដែលជា​សមាជិកសភា​ស៊ី​ម​បា​វ៉េ​។​
 
​ជុំវិញ​សំណុំ​រឿងនេះ អតីតមន្ត្រី​ជាន់ខ្ពស់ និង​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​រដ្ឋាភិបាល​សព្វថ្ងៃ និង​អង្គភាព​សន្តិសុខ​ផង​នោះ ត្រូវបាន​ហៅ​ឲ្យ​បង្ហាញមុខ​ចំពោះមុខ​សមាជិកសភា​រួចហើយ​ដើម្បី​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ការបាត់​ពេជ្រ​នេះ​។ ជាមួយគ្នានេះ គេ​មិនទាន់​ដឹងថា នឹង​ចំណាត់ការ​យ៉ាងណា​ទៀតឡើយ​លើ​អតីត​ប្រធានាធិបតី​ដែល​អស់អំណាច​កាលពី​ឆ្នាំមុន​៕ 
 

Tag:
 ​ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com