អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​ដាំ​ដើមឈើ ១០០​លាន​ដើម​មួយឆ្នាំ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​
14, Apr 2018 , 7:30 pm        
រូបភាព
ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​កាន់តែ​បៃតង និង​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ចេញ​វិធាន​ការដាំ​ដើមឈើ​រាប់លាន​ដើម​ក្នុង​មួយឆ្នាំ និង​ជំរុញ​ការ​អគ្គិសនី​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ​។ នូ​វែ​ល​សេ​ឡង់​ក៏​បង្កើន​ការចំណាយ​លើ​ការបង្កើត​ផ្លូវ​សម្រាប់​កង់ និង​ការដឹកជញ្ជូន​តាម​រថ​ភ្លើង​ដូចគ្នា​។



​ក្រោយ​ឡើងកាន់តំណែង​នៅ​ខែតុលា​ឆ្នាំ ២០១៧ លោកស្រី Jacinda Arderm នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ចាប់ផ្តើម​ដាក់ចេញ​វិធានការ​ក្នុងការ​ការពារ​បរិស្ថាន និង​ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​បៃតង​។ វិធានការ​ទាំងនោះ​មានដូចជា ការដាំ​ដើមឈើ​ឲ្យ​បាន ១០០ លាន​ដើម​ក្នុង​មួយឆ្នាំ និង​ជំរុញ​ការផលិត​ថាមពល​កកើតឡើង​វិញ​ផង​។​

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ World Economic Forum ក្រៅពី​ការដាំ​ដើម​ឈរ​រាប់លាន​ដើម និង​ផលិត​ថាមពល​កកើត​ឡើងវិញ លោកស្រី​ក៏​ជំរុញ​ឲ្យ​មានការ​សម្រួល​ដល់​អ្នក​ដំណើរ​ដោយ​ជិះ​កង់ និង​ជំរុញ​ការប្រើប្រាស់​រថភ្លើង​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។​

នាយករដ្ឋមន្ត្រី​វ័យក្មេង​ត្រឹម ៣៧​ឆ្នាំនេះ រំពឹងថា គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​លោកស្រី​នឹង​ក្លាយជា​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​រក្សា​បរិស្ថាន និង​ជួយ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​សាកល​ដូចគ្នា​។ លោកស្រី​សង្ឃឹមថា នូ​វែ​ល​សេ​ឡង់​នឹង​អាច​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ដល់​កម្រិត​សូន្យ​នៅត្រឹម​ឆ្នាំ ២០៥០ ខាងមុខ​។

មកដល់​បច្ចុប្បន្ននេះ នូ​វែ​ល​សេ​ឡេង់​បានសម្រេច​បង្កើត​ថាមពល​អគ្គិសនី ៨៥​ភាគរយ​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា​ជីវម៉ាស ខ្យល់ សូ​ឡា និង​វា​រី​អគ្គិសនី​ផង​។ នាយករដ្ឋមន្ត្រី Ardern មាន​គម្រោង​បង្កើន​វា​ឲ្យ​ដល់ ១០០​ភាគរយ​ត្រឹម​ឆ្នាំ ២០៣៥ ព្រោះ​បច្ចុប្បន្ន​វា​មានការ​ចាប់ផ្តើម​វិនិយោគ​កាន់តែច្រើន​លើ​ការទាញយក​ថាមពល​ព​ន្លឺ​ព្រះអាទិត្យ​៕

Tag:
 ​អាកាសធាតុ​
  ដាំ​ដើមឈើ​
  នូ​វែ​ល​សេ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com