អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​៖ មី​ស៊ី​លបាញ់​ចូល​ស៊ី​រី​មាន​ច្រើនជាង​១០០​គ្រាប់​, ខ្លះ​ត្រូវស៊ីរី​ស្ទាក់​ជាប់​
14, Apr 2018 , 6:22 pm        
រូបភាព
​នៅ​យប់​ថ្ងៃទី​១៣ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​បាន​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​យោធា​ដោយ​ប្រើ​មី​ស៊ី​ល​ប្រឆាំង​ស៊ី​រី ក្រោម​ហេតុផល​ថា ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​លើ​ពលរដ្ឋ​ខ្លួនឯង​។ មី​ស៊ី​ល​ច្រើនជាង​មួយរយ​គ្រាប់​ត្រូវបាន​បាញ់​ដាក់​ទីតាំង​ក្បែរ​រដ្ឋធានី​ដា​ម៉ាស់ និង​ទីក្រុង​ផ្សេងទៀត​។ មី​ស៊ី​ល​ខ្លះ​ត្រូវបាន​ស្ទាក់​ជាប់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី ខណៈ​ខ្លះទៀត​បាញ់​ចំ​គោលដៅ​។ ឯ​អាមេរិក​អះអាងថា មិនមាន​ផែនការ​វាយប្រហារ​លើក​ទី​ពីរ​ទៀតឡើយ​។ 

​ភ្លាមៗ​បន្ទាប់ពី​ទទួលបញ្ជា​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យោធា​អាមេរិក និង​សម្ព័ន្ធមិត្ត​មានបារាំង និង​អង់គ្លេស បាន​បើក​ការវាយប្រហារ​លើ​ស៊ី​រី​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា​។ នេះ​ជា​អន្តរាគមន៍​ដ៏​ធំ​បំផុត​របស់​បស្ចិមប្រទេស​លើ​វិបត្តិ​ស៊ី​រី និង​ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​អាវុធ​គីមី​នៅ​ទីក្រុង Douma​ដែល​សម្លាប់​មនុស្ស​ច្រើនជាង​៧០​នាក់ ទោះជា​រុស្ស៊ី និង​ស៊ី​រី​អះអាងថា គ្មាន​ការវាយប្រហារ​អាវុធ​គីមី​អ្វី​សោះ​ក្ដី​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និយាយថា មី​ស៊ី​ល​ច្រើនជាង​មួយ​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​កប៉ាល់ចម្បាំង និង​យន្តហោះ តម្រង់​ទីតាំង​ស្ដុក និង​ផលិត​អាវុធ​គីមី​បី​កន្លែង​របស់​ស៊ី​រី​។ ការវាយប្រហារ​លើក​នេះ ប្រើ​មី​ស៊ី​ល​ច្រើនជាង​ការវាយប្រហារ​មី​ស៊ី​ល​ឆ្នាំ​២០១៧ ចំនួន​ពីរដង​។ លោក ម៉ា​ធី​ស និយាយថា ប្រតិបត្តិការ​នេះ គឺធ្វើឡើង​តែម្ដង​ប៉ុណ្ណោះ តែមាន​គោលដៅ​ផ្ដល់​សារ​ដ៏​ខ្លាំងក្លា​ទៅ​ឲ្យ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្នុង​ប្រតិបត្តិការ​នេះដែរ លោក ម៉ា​ធី​ស ក៏​បញ្ជាក់ដែរថា មី​ស៊ី​ល​បាន​ជួប​ប្រព័ន្ធ​ស្ទាក់​មី​ស៊ី​ល​ផងដែរ​។ ទូរទស្សន៍​រដ្ឋ​ស៊ី​រី​ផ្សាយ​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​បាញ់​មី​ស៊ី​ល​ចំនួន​១៣​គ្រាប់​។ ចំណែកឯ​រុស្ស៊ី​វិញ​ក៏​ចេញមក​ប្រកាស​ដែរ​ថា គ្មាន​មី​ស៊ី​ល​ណាមួយ​របស់​សម្ព័ន្ធមិត្ត​អាមេរិក អង់គ្លេស និង​បារាំង ហោះចូល​តំបន់​ការពារ​របស់​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​នៅ​ទឹកដី​ស៊ី​រី​ឡើយ​។ រុស្ស៊ី​បាន​ពង្រាយ​ប្រព័ន្ធ​ស្ទា​ក់មី​ស៊ី​ល​ដើម្បី​ការពារ​កំពង់ផែ​Tartus និង​មូលដ្ឋាន​អាកាស Khemimim ។​
 
​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​រិះគន់​ការវាយប្រហារ​ដែនអាកាស​នេះ​យ៉ាងខ្លាំង​។ ក្រសួងការបរទេស​រុស្ស៊ី​អះអាងថា ការវាយប្រហារ​នេះ​ធ្វើឡើង ចំពេល​ដែល​ក្រុង​ដា​ម៉ាស់​កំពុង​ឈាន​ជិត​ដល់​ការស្វែងរក​សន្តិភាព​ក្នុងប្រទេស​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova និយាយថា ការវាយប្រហារ​បាន​សំដៅលើ​រដ្ឋធានី​ប្រទេសមួយ​ដែលមាន​អធិបតេយ្យ និង​ដែល​ព្យាយាម​រស់​ក្រោម​ការ​គំរាម​របស់​ភេរវកម្ម​។ 
 
​គេ​មិនទាន់​ឃើញ​មាន​របាយការណ៍​ពី​ការខូចខាត​ដោយសារ​យុទ្ធនាការ​ដែនអាកាស​នេះ​នៅឡើយ​ទេ ខណៈ​រុស្ស៊ី​លើកឡើងថា មី​ស៊ី​ល​របស់​ក្រុមចម្រុះ​បាន​ធ្លាក់ចំ​ទីតាំង​យោធា និង​ស៊ីវិល​ផង​។ ប៉ុន្តែ​ប្រមុខ​ការពារជាតិ​អាមេរិក​និយាយថា អាមេរិក​ចៀសវាង​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល និង​ក្រុម​បរទេស​នៅ​ស៊ី​រី​។ ដោយឡែក នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក Joseph Dunford បញ្ជាក់ដែរថា អាមេរិក​បានកំណត់​គោលដៅ​ពិសេស​ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ទីតាំង​របស់​រុស្ស៊ី​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com