អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ៖ ប្រទេស​ទាំងអស់​ត្រូវចៀ​សវាង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ស៊ី​រី​កាន់តែ​លំបាក​
14, Apr 2018 , 7:40 pm        
រូបភាព
​ប្រមុខ​ការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​១៤ ខែមេសា បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ និង​ស្នើ​ឲ្យ​ប្រទេស​នានា​ឲ្យ​បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ស៊ី​រី​កាន់តែ​យ៉ាប់យ៉ឺន​។ លោក ហ្គូ​តេ​រ៉េ​ស អំពាវនាវ​បែបនេះ បន្ទាប់ពី​អាមេរិក អង់គ្លេស និង​បារាំង បើក​ប្រតិបត្តិការ​ដែនអាកាស​វា​យ​ប្រហារ​លើ​ស៊ី​រី​ដើម្បី​ឆ្លើយតប​នូវ​អ្វីដែល​ប្រទេស​ទាំងបី​នេះ​ជឿថា ជាការ​វាយប្រហារ​អាវុធ​គីមី​លើ​ប្រជាជន​ស៊ី​រី​។ ប្រទេស​ទាំងបី​ចោទ​រដ្ឋាភិបាល​ស៊ី​រី​ថា នៅ​ពីក្រោយ​ការ​ប្រហារ​នេះ​។​

​ប្រមុខ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​លើក​ពេល​ទស្សនកិច្ច​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ពិនិត្យ​ស្ថានការណ៍​នៅ​ស៊ី​រី ស្របពេល​អាមេរិក អង់គ្លេស និង​បារាំង វាយប្រហារ​ដោយ​មី​ស៊ី​ល និង​យន្តហោះ​ផង​នោះ​លើ​ទីតាំង​ស្តុក និង​ស្រាវជ្រាវ​អាវុធ​គីមី​របស់​ស៊ី​រី​។ មី​ស៊ី​ល​ច្រើនជាង​មួយ​រយគ្រាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​នេះ​ដោយ​សំដៅលើ​ទីតាំង​នៅក្បែរ​រដ្ឋធានី​ដា​ម៉ាស់ និង​នៅឯ​ទីក្រុង​ហូ​ម​របស់​ស៊ី​រី​។​
 
​ដោយ​មិន​និយាយ​ចំឈ្មោះ​មហាអំណាច​ទាំងបី ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១៤ ខែមេសា លោក ហ្គូ​តេ​រ៉េ​ស បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​បង្ហាញ​ការអត់ធ្មត់​ក្នុងស្ថានភាព​គ្រោះថ្នាក់​នេះ និង​ត្រូវ​ចៀសវាង​រាល់​សកម្មភាព​ដែល​អាចធ្វើ​ឲ្យ​ស្ថានការណ៍​រាលដាល និង​ធ្វើ​ឲ្យ​ការលំបាក​ប្រជាជន​ស៊ី​រី​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​ប្រតិបត្តិការ​ដែនអាកាស​របស់​ប្រទេស​ទាំងបី​ខាងលើ ជាការ​ឆ្លើយ​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​លើ​ជនស្លូតត្រង់​ស៊ី​រី​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី និង​ស៊ី​រី​ទាត់ចោល​។ លោក ហ្គូ​តេ​រ៉េ​ស បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយបាន​ហៅ​សកម្មភាព​នេះ​ជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម​។ លោក​ក៏បាន​ទទូច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​យល់ព្រម​គ្នា​បង្កើត​ការស៊ើបអង្កេត​ដើម្បី​រកមុខ​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមពិតទៅ ក្រោយ​ការវាយប្រហារ​នៅ​ស៊ី​រី ក្រុមប្រឹក្សាសន្តិសុខ​បាន​កោះប្រជុំ​បន្ទាន់​រួច​ម្ដង​ទៅហើយ ប៉ុន្តែ​គ្មាន​បាន​ផល​អ្វី​ទេ​។ រ​មហាអំណាច​ទាំងពីរ​នេះ​មាន​គោលដៅ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​រៀងៗ​ខ្លួន​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​។ ដំណោះស្រាយ​របស់​អាមេរិក​គឺ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ថ្មី​ដើម្បី​ស្វែងរក​ប្រភព​នៃ​ការប្រើប្រាស់​អាវុធ​គីមី​នេះ ខណៈដែល​ដំណោះស្រាយ​រុស្ស៊ី​គឺ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​យល់ព្រម​ពី​ក្រុមប្រឹក្សាសន្តិសុខ​ផង​។​
 
​តាម​សេចក្ដីថ្លែងការណ៍​ដដែល លោក ហ្គូ​តេ​រ៉េ​ស ចាត់ទុក​ក្រុមប្រឹក្សាសន្តិសុខ​ជា​ស្ថាប័ន​ទទួលបន្ទុក​ការពារ​ស្ថិរភាព​ពិភពលោក​។ ខណៈ​អាមេរិក បារាំង អង់គ្លេស និង​រុស្ស៊ី ជា​សមាជិក​ក្រុមប្រឹក្សា​នេះ លោក ហ្គូ​តេ​រ៉េ​ស សង្កត់​ថា ក្រុមប្រឹក្សាសន្តិសុខ​មានការ​ទទួលខុសត្រូវ​សំខាន់​សម្រាប់​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com