អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UNSC៖ រុស្ស៊ី​បរាជ័យ​ក្នុង​ការអនុម័ត​ដំណោះស្រាយ​ថ្កោលទោស​អាមេរិក​និង​សម្ព័ន្ធមិត្ត​វាយប្រហារ​ស៊ី​រី​
15, Apr 2018 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​បរាជ័យ​ក្នុងការ​អនុម័ត​ដំណោះស្រាយ​ដែល​ព្រាង​ឡើង​ដោយ​រុស្ស៊ី​មាន​គោលដៅ​ថ្កោលទោស​អាមេរិក អង់គ្លេស និង​បារាំង​ដែល​វាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំង​ស៊ី​រី​ថ្ងៃ​សុក្រ​ទី ១៤ មេសា​។ ប្រទេស​ទាំងបី​ខាងលើ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​បោះឆ្នោត​ជំទាស់​ដំណោះស្រាយ​នេះ​។   

​ក្រោយ​ជជែក​គ្នា​តឹងសរសៃក​អស់​ប្រហែល​ពីរ​ម៉ោង ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សមាជិក​ចំនួន​ប្រាំបី បានសម្រេច​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​ដែល​រុស្ស៊ី​ព្រាង​ឡើង​ពាក់ព័ន្ធ​ស្ថានការណ៍​ស៊ី​រី​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែមេសា​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីព្រាង​ដំណោះស្រាយ​ស៊ី​រី​នេះ​មាន​ខ្លឹមសារ​ថ្កោលទោស​អាមេរិក អង់គ្លេស និង​បារាំង​ដែល​សហការគ្នា​វាយប្រហារ​ស៊ី​រី​ដោយ​បាញ​ផ្លោង​មី​ស៊ី​ល​អស់ ១០៥​គ្រាប់​។ 
​តាមពិតទៅ ដើម្បី​អនុម័ត​ដំណោះស្រាយ​នេះ វា​ត្រូវការ​សំឡេងគាំទ្រ​ប្រាំបួន​ហើយក៏​មិន​ត្រូវមាន​សំឡេង​ជំទាស់​ណាមួយ​ពី​សំណាក់​សមាជិក​អចិន្ត្រៃយ៍​ណាមួយ​ក្នុងចំណោម​សមាជិក​ទាំង​ប្រាំ​ដែរ​។​
 
​ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ វា​មាន​សមាជិក​ត្រឹមតែ​បី​មាន​ចិន រុស្ស៊ី និង​បូ​លី​វី ប៉ុណ្ណោះ​ដែល​បាន​បោះឆ្នោត​គាំទ្រ​។ សមាជិក​ចំនួន​ប្រាំបី​បាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​របស់​រុស្ស៊ី​នេះ ខណៈដែល​ប្រទេស​បួន​ផ្សេងទៀត​មាន​ប៉េ​រូ កា​ហ្សា​ក់​ស្ថាន អេ​ត្យូ​ពី និង​អេក្វាទ័រ​ហ្គី​ណេ បោះឆ្នោត​អនុប្បវាទ​។​
 
​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​នេះ​ក៏​បរាជ័យ​ផងដែរ​ក្នុងការ​អនុម័ត​ដំណោះស្រាយ​របស់ អាមេរិក និង​របស់​រុស្ស៊ី​ដែលមាន​គោលដៅ​ទាមទារ​ឲ្យ​មានការ​បង្កើត​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​នោះ​។ 
 
​ត្រឡប់មកវិញ​ក្រោយ​បោះឆ្នោត​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​ថ្ងៃ​សៅរ៍ តំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ក៏បាន​ឆ្លៀត​ទិតៀន​អាមេរិក​និង​សម្ព័ន្ធមិត្ត​ខ្លាំងៗ​ដែរ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ស៊ី​រី ដោយ​ចោទថា លោកខាងលិច​នេះ​កំពុង​បំពាន​ច្បាប់​អន្តរជាតិ​។​
 
​លោក Vassily Nebenzia បាន​ចោទ​ជា​សំណួរ​ដូច្នេះ​៖« ហេតុអ្វី​អ្នកឯង​មិន​រង់ចាំ​រហូតដល់​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​អ្នក​ចង់បាន​នោះ​ចេញមក​សិន​? ខ្ញុំ​សង្ឃឹមថា ក្រុម​ចិត្ត​ក្តៅ​នឹង​ចុះ​ត្រជាក់​វិញ ហើយ​វា​នឹង​ប្រសើរឡើង​»​។​
 
​យ៉ាងណា​ក៏ដោយចុះ តំណាង​អាមេរិក អង់គ្លេស និង​បារាំង​បាន​អះអាងថា សកម្មភាព​យោធា​របស់ខ្លួន​នៅ​ស៊ី​រី​ជា​សកម្មភាព​ស្របច្បាប់​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មហាអំណាច​ទាំងនេះ​ព្រមាន​ថា សកម្មភាព​យោធា​នឹងមាន​ជា​បន្តបន្ទាប់​បើសិនជា​របប​ដឹកនាំ​ស៊ី​រី​មិន​ឈប់​ប្រើប្រាស់​អាវុធ​គីមី​ទេនោះ​។​
​តាមពិត ការវាយប្រហារ​លើ​ស៊ី​រី​នោះ កើតឡើង​ស្រប​ពេលដែល​ក្រុម​ស្វែងរក​ការពិត​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) កំពុង​ស្ថិតនៅ​ប្រទេស​ស៊ី​រី​ស្រាប់​។ ពួកគេ​ត្រូវ​ចាប់ផ្តើម​ការងារ​ស្វែងរក​ភស្តុតាង ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com