អន្តរជាតិ
អង្គការសហប្រជាជាតិ អំពាវនាវ​ជំនួយ​ជាង ១០០​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​កូរ៉េខាងជើង​
15, Apr 2018 , 6:11 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ដោយ:
​អង្គការសហប្រជាជាតិ និង​ដៃគូ​ពាក់ព័ន្ធ​របស់ខ្លួន កំពុងតែ​អំពាវនាវ​ស្វែងរក​ជំនួយ​បន្ទាន់​ចំនួន ១១១ លាន​ដុល្លារ​ដើម្បី​ជួយសង្គ្រោះ និង​ផ្គត់ផ្គង់​ប្រជាជន​កូរ៉េខាងជើង​ជាច្រើន​នាក់ ដែល​កំពុងតែ​រស់នៅក្នុង​ស្ថានភាព​ស្រេកឃ្លាន ជាពិសេស​នោះ​កុមារៗ​តែម្តង ដែល​ពួកគេ មិនអាច​ទទួល​អាហារ​ឧបត្ថម្ភ​គ្រប់គ្រាន់ ។​

​មន្ត្រី​ជំនាញ​សម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ខាងជើង​លោក Tapan Mishra នៅ​ថ្ងៃ ១២ មេសា បាន​អះអាងថា ជំនួយ​មនុស្សធម៌ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​រាប់លាន​នាក់ ដែល​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងជើង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ។ 
 
​ខណៈ​ទទួលស្គាល់ថា​ភាគរយ​នៃ​ភាព​ស្រេកឃ្លាន​របស់​ប្រជាជន​នៅ​ទីនោះ​មានការ​ថយចុះ​បន្តិច លោក Tapan Mishra ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ឆ្នាំ​២០១៧​កន្លងទៅ អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន បាន​នាំយក​ជំនួយ​ទៅដល់​ប្រជាជន ៦ លាន​នាក់ ក៏ប៉ុន្តែ បញ្ហា​នេះ មិនអាច​ព្រងើយកន្តើយ​បានឡើយ ។ 
 
​បើតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​ជំនាញ​ជំនួយ​មនុស្សធម៌​អង្គការសហប្រជាជាតិ (OCHA) មាន​ប្រជាជន​ជាង ១០​លាន​នាក់ ដែល​ស្មើនឹង​៤០​ភាគរយ​នៃ​ប្រជាជន​កូរ៉េខាងជើង​សរុប កំពុងតែ​ត្រូវការ​ជំនួយ​មនុស្សធម៌ ខណៈ​បញ្ហា​កុមារ​មិន​ទទួលបាន​អាហារ​ឧបត្ថម្ភ​គ្រប់គ្រាន់ បាន​កើតឡើង​ស្ទើរតែ​ពាសពេញ​ប្រទេស ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា មហិច្ឆតា​ក្នុងការ​កសាង​ប្រទេស​ឲ្យ​ក្លាយជា​ប្រទេស​បរមាណូ​របស់​មេដឹកនាំ​ត្រកូល​គីម នៃ​កូរ៉េខាងជើង ប៉ុន្មាន​ជំនាន់​មកនេះ បានធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​លើ​ពិភពលោក​មួយ​នេះ ទទួលរង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ ។ ក៏ប៉ុន្តែ​ទណ្ឌកម្ម​នេះ មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង ថមថយ​ឥរិយាបថ​ខ្លួន​ក្នុងការ​បោះឆ្នោត​មហិច្ឆតា​ខ្លួន​ឡើយ ហើយ​ចុងក្រោយ​គឺ​ប្រជាជន​នោះទេ ដែលជា​អ្នករងគ្រោះ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ៕ 
 
 

Tag:
 កូរ៉េខាងជើង
  ភាពក្រីក្រ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com