ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្គរ​ដៃ​មួយ និង​គម្របឆ្នាំង​២ រួមជាមួយ​អ្នក​ច្រៀង​ម្នាក់ ក្លាយជា​តន្ត្រី​ទាក់ចិត្ត​យុវជន​យ៉ាងច្រើន​
17, Apr 2018 , 8:39 pm        
រូបភាព
ភ្នំពេញ​៖ ព្រោះតែ​ការស្រឡាញ់ និង​ចង់​ថែរក្សា​សិល្បៈ​បុរាណ លោក ថាំង សុខ​អាន បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះថា «​ក្រុម​តន្ត្រី​ឬ​ស្សី​ស្រុក​រីករាយ​» ដើម្បី​ច្រៀង​លេង​កម្សាន្ត​នៅក្នុង​ពី​ធី​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និង​បុណ្យ​ដទៃទៀត ជា​លក្ខណៈ​គ្រួសារ​។ ក្រុម​តន្ត្រី​នេះ​មាន​សមាជិក​តែ​៣​ទៅ​៤​នាក់ ហើយ​មានតែ​ស្គរ​ដៃ​មួយ គម្របឆ្នាំង​២​ជា​ឧបករណ៍​ភ្លេង និង​អ្នក​ច្រៀង​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ តែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​យុវជន​។


​លោក ថាំង សុខ​អាន គឺជា​តន្ត្រី​ករលេខ​ឧបករណ៍​ស្គរ​ដៃ ក្នុង​វង់ភ្លេង​តន្ត្រី​ឬ​ស្សី​ស្រុក​រីករាយ​នេះ បាន​និយាយថា ក្រុម​តន្ត្រី​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៧​មកម្ល៉េះ ពោល​តាំងពី​លោក​នៅ​ក្មេងៗ​ម្ល៉េះ​។ លោ​កថា​សមាជិក​ក្រុម​ភ្លេង​នេះ ដោយមាន​សុទ្ធតែជា​បងប្អូន​របស់​លោក​។ ព្រោះតែ​ការស្រឡាញ់​តន្ត្រី និង​ចង់​ថែរក្សា​សិល្បៈ​បុរាណ ទើបបានជា​លោក​បង្កើត​ក្រុម​តន្ត្រី​នេះ​ឡើង​។ បើតាម​លោក សុខ​អាន ក្រុម​តន្ត្រី​នេះ​តែង​លេង​ជា​លក្ខណៈ​គ្រួសារ​នៅផ្ទះ ពេល​ជួបជុំ​បងប្អូន និង​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ភ្ជុំ ជាដើម​។ លោក សុខ​អាន បញ្ជាក់​៖« ក្រុម​តន្ត្រី​នេះ​បង្កើតឡើង​គ្រាន់តែ​ជាការ​កម្សាន្ត​សម្រាប់​គ្រួសារ ពេល​ជួបជុំគ្នា​ពេល​បុណ្យទាន​។ ទាំង​ខ្ញុំ​និង​បងប្អូន​ខ្ញុំ​ស្រឡាញ់​តន្ត្រី​តាំងពី​តូចៗ ចូលចិត្ត​ច្រៀង​លេង ជាពិសេស​ច្រៀង​រាំវង់​ស្គរ​ដៃ​ហ្នឹង​»​។​

​អ្នកស្រី ស៊ង សារី ជា​សមាជិក​ក្រុម​តន្ត្រី​នេះដែរ បានឱ្យដឹងថា តន្ត្រី​ស្គរ​ដៃ​របស់​ក្រុម​អ្នកស្រី​អាច​ច្រៀង​បទ​ចម្រៀង រាំវង់ សារ​វ៉ាន់ ឡាំ​លាវ ក​ន្ទ្រឹ​ម ជាដើម​។ អ្នក​មកពី​ខេត្តតាកែវ​រូបនេះ បញ្ជាក់ថា មូលហេតុ​ដែល​ក្រុម​តន្ត្រី​របស់​អ្នកស្រី​ដាក់ឈ្មោះ «​ក្រុម​តន្ត្រី​ឬ​ស្សី​ស្រុក​រីករាយ​» គឺ​តំណាងឱ្យ​ភូមិ​របស់​អ្នកស្រី​។ «​ឈ្មោះ ក្រុម​តន្ត្រី​ឬ​ស្សី​ស្រុក​រីករាយ នេះ តំណាងឱ្យ​ភូមិ​របស់ខ្ញុំ ឈ្មោះ​ឬ​ស្សី​ស្រុក ហើយក៏​តំណាងឱ្យ​ថា ក្រុម​របស់ខ្ញុំ​ទៅដល់​ទីណា រីករាយ​ដល់ទី​នោះដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សារី​។​
 

​ក្រុម​តន្ត្រី​ឬ​ស្សី​ស្រុក​រីករាយ​នេះ បង្កើតឡើង​ដើម្បី​ថែរក្សា​ទម្រង់​សិល្បៈ​តន្ត្រីបុរាណ និង​ដើម្បី​រាំលេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ តែ​កន្លងមក​ក្រុម​នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​យុវជន នៅតាម  បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅក្នុង​កម្មវិធី​បុណ្យ​ភូមិ​ផងដែរ​៕ 


Tag:
 តន្ត្រីបុរាណ​ ​
© រក្សាសិទ្ធិដោយ thmeythmey.com