ជាតិ
ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​៖ រថយន្ត​មួយគ្រឿង​បើក​បុក​រនាំង​សញ្ញា​ម្តងទៀត
18, Apr 2018 , 2:12 pm        
រូបភាព
រូបពីហ្វេសប៊ុកអ្នកសារព័ត៌មាន
រូបពីហ្វេសប៊ុកអ្នកសារព័ត៌មាន
ដោយ:
​ភ្នំពេញ​៖ រនាំង​ស្លាក​សញ្ញា​នៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែល​តម្រូវ​ឲ្យ​អ្នកបើកបរ​គោរព​តាម​នេះ ត្រូវបាន​រថយន្ត​ធុន​ធំ បុក​ធ្លាក់​ចំនួន​ពីរលើក​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ មេសា​។​



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា រនាំង​ដែល​បាន​ខូចខាត​ដោយសារ​រថយន្ត​មួយគ្រឿង​បុក​កាលពី​ថ្ងៃទី​១៧ មេសា ត្រូវបាន​អាជ្ញាធរ​រៀបចំ​ឡើងវិញ​ហើយ​។ ចំណែក​រថយន្ត​បង្កហេតុ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។ លោក មាស​ភក្តី បានបញ្ជាក់​ថា​ករណី​បុក​រនាំង​នេះ មិន​បណ្តាល​ឲ្យ​មាន​របួសស្នាម​លើ​នរណាម្នាក់​ឡើយ គ្រាន់តែ​ខូចខាត​រនាំង ដោយសារ​អ្នកបើកបរ​មិនមាន​ការប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។

​បើតាម​អ្នកនាំពាក្យ​រូបនេះ រនាំង​ដែល​បាន​ខូចខាត​ម្ដងទៀត គឺជា​រនាំង​ស្លាក​សញ្ញា ដែល​ត្រូវបាន​រថយន្ត​បើក​បុក​ម្តង​រួចមកហើយ កាលពី​ថ្ងៃទី​១២ មេសា​។​

​បើ​មើល​តាម​ស្លាក​សញ្ញា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ដាក់​បា​រ៉ា​ស់​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នោះ មានការ​បង្ហាញ​ពី​កម្ពស់​រថយន្ត​ត្រឹមតែ​៣​ម៉ែត្រ​ចុះក្រោម និង​អាច​ផ្ទុក​ទម្ងន់​បាន​៣០​តោន ហើយ​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​តូច​ធ្វើដំណើរ​បាន ពោលគឺ​រថយន្ត​ធុន​ធំ​ត្រូវបាន​ហាម​ចរាចរណ៍​។​

​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ​នៅ​ថ្ងៃទី ១២ រហូតដល់​ថ្ងៃនេះ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​។ តាមរយៈ​សេចក្តីថ្លែងការណ៍​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ជា​បណ្តោះអាសន្ន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែលជា​ស្ពាន​អាកាស​ទី​៥ ក្នុង​រាជធានី​ភ្នំពេញ​។ ស្ពាន​នេះ​អាចធ្វើ​ដំណើរ​ត្រឹមតែ​២​ជួរ ហើយ​ស្ពាន​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​ចំនួន ៦១​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា​៕


Tag:
 ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​
 ​ម៉េ​ត មាស​ភក្តី​
© រក្សាសិទ្ធិដោយ thmeythmey.com