អន្តរជាតិ
អនាគត​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លួច​ជួប​លោក គីម ជុង​អ៊ុន នៅ​ព្យុងយ៉ាង​
18, Apr 2018 , 9:19 pm        
រូបភាព
អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានទៅជួបលោក គីម ជុងអ៊ុន ដល់ព្យុងយ៉ាង (រូបភាព Fox News)
អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានទៅជួបលោក គីម ជុងអ៊ុន ដល់ព្យុងយ៉ាង (រូបភាព Fox News)
​នៅ​ថ្ងៃទី​១៧ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ថា អាមេរិក និង​កូរ៉េខាងជើង​មាន​ទំនាក់ទំនង​ដោយផ្ទាល់​កម្រិត​ខ្ពស់បំផុត​ដើម្បី​រៀបចំ​ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​។ បន្ទាប់ពី​ការ​បង្ហើប​របស់លោក ត្រាំ សារព័ត៌មាន​អាមេរិក​ផ្សាយ​ថា អនាគត​រដ្ឋមន្ត្រី​ការ​បរ​ទស Mike Pompeo បានធ្វើ​ដំណើរ​ជាសម្ងាត់​ទៅកាន់​កូរ៉េខាងជើង និង​បាន​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន ទៀតផង​។ ដំណើរ​ទស្សនកិច្ច​នេះ​ផ្ដោតលើ​ការរៀបចំ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ។​



​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​ពី​ទំនាក់ទំនង​សម្ងាត់​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ កន្លងមក កូរ៉េខាងត្បូង​គឺជា​ស្ពាន​ត​ភ្ជាប់​រវាង​អាមេរិក និង​កូរ៉េខាងជើង ដ្បិត​ប្រទេស​ទាំងពីរ​គ្មាន​ចំណង​ការទូត​ផ្លូវការ​ឡើយ​។ យ៉ាងណាមិញ ទំនាក់ទំនង​ផ្ទាល់​នេះ មិនមែន​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ទាល់​ឡើយ តែ​លោក ត្រាំ អះអាងថា ស្ថិត​កម្រិត​ខ្ពស់​មួយ​។​

​ក្រោយ​ការលើកឡើង​របស់លោក ត្រាំ សារព័ត៌មាន​អាមេរិក Washington Post ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមេសា ថា នាយក​ទីភ្នាក់ងារ​ចារកម្ម (CIA) Mike Pompeo បានធ្វើ​ដំណើរ​លួចលាក់​ទៅកាន់​កូរ៉េខាងជើង​នៅ​ដើមខែ​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក Pompeo ត្រូវបាន​ជ្រើសរើស​ជា​រដ្ឋមន្ត្រីការបរទេស​ជំនួស​លោក រិច ធី​ល័​រ​សិន និង​ក្នុងនាម​ប្រេសិត​ពិសេស​របស់លោក ត្រាំ ។ ក្នុង​ដំណើរ​ទៅកាន់​ព្យុងយ៉ាង លោក Pompeo បាន​ពិភាក្សា​ជាមួយ​លោក គីម ដែរ​។​

​គោលដៅ​នៃ​ដំណើរ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក ត្រាំ គឺ​ដើម្បី​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ដែល​លោក ត្រាំ និយាយថា អាចធ្វើ​នៅ​ដំណាច់​ខែឧសភា ឬ​ដើមខែ​មិថុនា​។ សេត​វិមាន​ហាក់​លាក់បាំង​ដំណើរ​របស់លោក Pompeo ទៅកាន់​កូរ៉េខាងជើង ដោយ​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​ត្រឹម​បញ្ជាក់ថា វ៉ាស៊ីនតោន និង​ព្យុង​យ៉ាងពិត​ជាមាន​ទំនាក់ទំនង​ថ្នាក់ខ្ពស់​បំផុត​មែន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ជាមួយនឹង​ការបញ្ជាក់​ពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង ប្រធានាធិបតី​អាម​រិ​ក​ក៏បាន​ទម្លាយ​ដែរ​ថា ប្រទេស​ទាំងពីរ​បាន​ជជែក​ពី​ទីតាំង​ដែល​លោក​ត្រូវ​ជួប​លោក គីម ផង​។ ទីតាំង​ចំនួន​៥ ត្រូវបាន​ពិចារណា​សម្រាប់​ជំនួប​លើកទីមួយ​នេះ ប៉ុន្តែ​មិនមែន​នៅ​ទឹកដី​អាមេរិក​ឡើយ​។ សម្រាប់​លោក ត្រាំ រឿង​សំខាន់ គឺ​លទ្ធផល​នៃ​ការចរចា មិនមែន​ការរៀបចំ​ជំនួប​នេះ ឬក៏​ការ​គិតថា ការជួបគ្នា​រវាង​លោក​និង​លោក គីម អាច​កើតឡើង​ឬ​អត់​ឡើយ​។​

​ជាមួយគ្នា​នោះដែរ លោក ត្រាំ ក៏បាន​ជូនពរ​ឲ្យ​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ជោគជ័យ​ដែរ​។ លោក គីម នឹងត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែមេសា នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ មុន​ជំនួប​មកដល់ គេ​ឃើញ​មាន​ព័ត៌មាន​លេច​ឮថា កូរ៉េ​ទាំងពីរ​អាច​ព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េ​ផ្លូវការ​ទៀតផង​។ ក៏​ព្រោះតែ​កូរ៉េ​ទាំងពីរ​ស្ថិត​ក្នុងការ​ស្ថានភាព​ធ្វើសង្គ្រាម​នៅឡើយ ខណៈ​ការ​វាយ​ប្រយុទ្ធ​ចប់​នៅ​ឆ្នាំ​១៩៥៣ ដោយ​បទ​ឈប់​បាញ់​ប៉ុណ្ណោះ​៕ 



Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com