ជាតិ
លោក សម រង្ស៊ី និង​អតីត CNRP ងាក​មកសុំ​អន្តរាគមន៍​ពី​ប្រទេស​នៅ​តំបន់​អាស៊ី​
18, Apr 2018 , 10:19 pm        
រូបភាព
លោក សម រង្ស៊ី និងភរិយា រួមទាំងសហការី ជួបជាមួយសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាជប៉ុន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី និងភរិយា រួមទាំងសហការី ជួបជាមួយសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាជប៉ុន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី ចាប់ផ្តើម​បំពេញបេសកកម្ម​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ​ដើម្បី​សុំ​ឲ្យ​ជួយ​ស្រោចស្រង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ជាពិសេស ជួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចំអក​ថា ការស្វែងរក​ជំនួយ​ពី​បរទេស​របស់លោក សម រង្ស៊ី ប្រៀបដូចជា​ការរាវរ​ក​ម្ជុល​ក្នុង​បាតសមុទ្រ​។



​មួយរយៈ​ចុងក្រោយ​នេះ ក្រុមប្រឆាំង ដោយមាន​លោក សម រង្ស៊ី ជា​បង្គោល ប្រឹងប្រែង​រឹតតែ​ខ្លាំង ក្នុងការ​ស្វែងរក​ជំនួយ​ពី​បរទេស ដើម្បី​ជួយ​ឲ្យ​ខ្លួន បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ បន្ទាប់ពី​សុំ​អន្តរាគមន៍​ពី​ប្រទេស​ធំៗ​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​កាណាដា ជាដើម លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ក៏​ងាក​ទៅ​ពឹងពាក់​ប្រទេស​ក្នុង​តំបន់​អាស៊ី​វិញ​ម្តង​។

​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​លោក សម រង្ស៊ី និង​សហការី ឈាន​ជើង​ចូល​មុនគេ ដើម្បី​ស្វែងរក​ជំនួយ គឺ​ជប៉ុន​។ លោក បាន​ជួប​សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន មកពី​គណបក្សកាន់អំណាច​ផង និង​មកពី​គណបក្សប្រឆាំង​ផង​។

​លោក សម រង្ស៊ី ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ ក្នុងប្រទេស​ជប៉ុន​ផងដែរ​។ ក្នុង​ពិធី​សំណេះសំណាល​នោះ លោក បានបង្ហាញ​ជំនឿ​ថា ដំណោះស្រាយ នឹង​កើតមានឡើង មុន​ការបោះឆ្នោត​មកដល់​។

​អតីត​មេបក្ស​ប្រឆាំង បាន​ប្រាប់​អ្នកគាំទ្រ យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​យើង មាន​មិត្តភក្តិ​ដ៏​សំខាន់​ក្នុង​ពិភពលោក គួបផ្សំ​នឹង​ការគាំទ្រ​ពី​ប្រជារាស្ត្រ​យ៉ាងខ្លាំង​ក្លា​ផងដែរ ដូច្នេះ ខ្ញុំ​មានសង្ឃឹម​យ៉ាង​មោះមុត​ថា ការរៀបចំ ដែល​គេច​ង់​បិទបាំង ចង់​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុងការ​បោះឆ្នោត នឹង​អាច​រក​ច្រក​ណាមួយ​ចេញ​ជាមិនខាន​។ ហើយ​រឿង​ដែល​គេ​មិន​ចង់​ឲ្យ​កឹម សុខា​-​សម រង្ស៊ី ចូលរួម​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អា​ចរក​ដំណោះស្រាយ​ណាមួយ​ដែរ​»​។

​ផ្ទុយ​មកវិញ លោក សម រង្ស៊ី បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក បន្តថា ប្រសិនបើ គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រជាពលរដ្ឋ ដែល​ចូលរួម​បោះឆ្នោត មាន​ចំនួន​តិច ការបោះឆ្នោត នឹង​គ្មាន​ន័យ និង​មិនមាន​ភាពស្របច្បាប់ ចំណែក​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​ឡើយ​។

​ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​ជប៉ុន​ភ្លាម លោក សម រង្ស៊ី និង​ភរិយា រួមទាំង​សហការី​មួយចំនួនទៀត ក៏​បន្តដំណើរ​ទៅ​ឥណ្ឌូណេស៊ី​។ លោក បាន​ជួបពិភាក្សា​ជាមួយ​លោក  Fadli Zon អនុប្រធានរដ្ឋសភា​ឥណ្ឌូនេស៊ី  និង​តំណាងរាស្ត្រ​ឥណ្ឌូណេស៊ី​មួយចំនួនទៀត​។

​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ថា ការរត់​ទៅ​ពឹងពាក់​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ គឺ​គ្រាន់តែ​ជា​ដំណើរ​ផ្សងព្រេង​របស់លោក សម រង្ស៊ី ប៉ុណ្ណោះ​។ លោក ហ៊ាន​សន្និដ្ឋាន​ជាមុន​ថា បំណង​របស់លោក សម រង្ស៊ី និង​បក្សពួក  ដែល​ទៅសុំ​ឲ្យ​បរទេស​ជួយ មិនអាច​ទទួលបាន​ផល​វិជ្ជមាន​ឡើយ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ទៅកាន់​អ្នកកាសែត យ៉ាង​ដូច្នេះ​ថា​៖«​ការធ្វើ​ពនេចរ​នេះ គឺ​គ្រាន់​ជាការ​ផ្សងសំណាង ដូច​ចាក់​កន្ទុយលេខ​អ៊ីចឹង ឬ​ជាការ​រាវរក​ម្ជុល​តូច​មួយ​នៅក្នុង​លំហ​សមុទ្រ​ដូច្នោះ​ដែរ​»​។

​បើ​គិត​ទៅ នៅសល់តែ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ឈាន​មកដល់​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ចាត់ទុកថា​គណបក្សប្រឆាំង​ធំជាងគេ និង​ជា​គូប្រកួត​តែមួយគត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិនទាន់​រស់​ឡើងវិញ​នោះទេ​។ 

​សហគមន៍​អន្តរជាតិ​មួយចំនួន ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់ ដោយ​ធ្វើយ៉ាងណា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម ទើប​ការបោះឆ្នោត ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ និង​មាន​លក្ខណ​ស្របច្បាប់​។ ពួកគេ អាច​នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត បើ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​យា់ង​ណាក៏ដោយ គណបក្សកាន់អំណាច ក៏ដូចជា​រដ្ឋាភិបាល មិនទាន់​ផ្តល់​សញ្ញា​វិជ្ជមាន​ណាមួយ​ដល់​គណបក្សប្រឆាំង​នោះទេ មកដល់ពេលនេះ​។ រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា ចំណាត់ការ​របស់​តុលាការ ទៅលើ​គណបក្សប្រឆាំង គឺ​ស្រប​នឹង​ច្បាប់ ដោយ​មិនអាច​លើកលែង​ឲ្យ​បាន​។ រដ្ឋាភិបាល ថែមទាំង​ប្រកាសថា ការបោះឆ្នោត នឹង​ដំណើរការ​តាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ថា​មាន​ឬ​គ្មាន​គណបក្សប្រឆាំង ហើយ​សហគមន៍​អន្តរជាតិ​ទទួលស្គាល ឬ​មិន​ទទួលស្គាល​នោះទេ​៕


Tag:
 សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com