អន្តរជាតិ
អ្នកជំនាញ OPCW រង់ចាំ​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សាសន្តិសុខ មុន​ចូល​ស៊ើបអង្កេត​ករណី​ប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី​
18, Apr 2018 , 10:59 pm        
រូបភាព
ទីក្រង ឌូម៉ា (AFP)
ទីក្រង ឌូម៉ា (AFP)
​ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ស្វែងរក​ការពិត​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​( OPCW) រង់ចាំ​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សាសន្តិសុខ​មុន​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​នៅ​ក្រុង ឌូ​ម៉ា ដែលមាន​ករណី​វាយប្រហារ​ដោយ​អាវុធ​គីមី​នោះ​។ ដោយសារ​ការ​យឺតយូរ​នៃ​ការស៊ើបអង្កេត​នេះ លោកខាងលិច​បាន​ព្រមាន​ថា ភស្តុតាង​ដែល​បង្ហាញ​ពី​ការប្រើប្រាស់​អាវុធ​គីមី​អាច​ត្រូវបាន​គេ​បំផ្លាញចោល​អស់​ផង​ក៏​មិនដឹង​។​



​បន្ទាប់ពី​ទៅដល់​ស៊ី​រី ក្រុមការងារ​ស៊ើបអង្កេត​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​មិនទាន់​អាច​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ឡើយ​។ ពួកគេ​នៅ​បន្ត​រង់ចាំ​ការផ្តល់​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សាសន្តិសុខ​ជាមួយ​សិន មុន​ចាប់ផ្តើម​ស៊ើបអង្កេត​រឿង​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP តំណាង​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Bashar Jaafari បាន​ថ្លែងប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា ក្រុម​ស្វែងរក​ការពិត​នេះ​អាច​នឹង​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មេសា​នេះ ក្រោយ​បានទទួល​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ​ហើយ​នោះ​។ 

«​ប្រសិនបើ​ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​ថា ស្ថានភាព​នៅ​ប្រសើរ​នៅ​ក្រុង​ឌូ​ម៉ា ក្រុម​ស្វែងរក​ការពិត​នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួនគេ​ភ្លាម​នៅ​ថ្ងៃ​ពុធ​»​។​
​តំណាង​ក្រុង​ដា​ម៉ាស​បាន​បន្ថែមថា រដ្ឋាភិបាល​ស៊ី​រី​កំពុង​ប្រឹងប្រែង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​សម្រួល​ដល់​បេសកកម្ម​របស់​អ្នកជំនាញការ​មកពី​អង្គការ OPCW​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​អង្គការ OPCW​និង​ក្រុមប្រឹក្សាសន្តិសុខ​ផ្ទាល់​ថា​តើ​គួរ​ចូលទៅ​កាន់​ក្រុង​ឌូ​ម៉ា ឬក៏​យ៉ាងណា​នោះ​ដោយ​យោងតាម​ស្ថានភាព​សន្តិសុខ​ជាក់ស្តែង​។​

​ការបញ្ជូន​អ្នកជំនាញ​របស់​អង្គការ OPCW នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា កាលពី​ថ្ងៃ ៧ ខែមេសា​កន្លងទៅ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែឡ ៤០​នាក់​ស្លាប់​នោះ​។ ក្រុម​អ្នកជំនាញ​នេះ​បាន​ទៅដល់​ស៊ី​រី​នៅ​ថ្ងៃ​ដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស​សម្រេច​បាញ់​ផ្លោង​មី​ស៊ី​ល ១០៣ គ្រាប់​សំដៅលើ​ទីតាំង​សំខាន់​ដែល​គេ​ជឿជាក់ថា ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ផង​។ ប៉ុន្តែ​ពេលទៅដល់​ភ្លាម ក្រុមការងារ​នេះ​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលទៅ​កាន់​ក្រុង​ឌូ​ម៉ា​ឡើយ​។

​ដោយសារ​បញ្ហា​នេះ រដ្ឋាភិបាល​បារាំង និង​អាមេរិក​បាន​ចោទ​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ភស្តុតាង​ដែល​ស្ថិតនៅក្នុង​ក្រុង​ឌូ​ម៉ា​។ ក្រសួងការបរទេស​បារាំង​បាន​លើកឡើងថា វា​មាន​ភាគរយ​ច្រើនណាស់​ដែល​ភស្តុតាង​ស្តីពី​ការប្រើប្រាស់​អាវុធ​គីមី​នោះ​ត្រូវបាន​ស៊ី​រី និង​រុស្ស៊ី​កម្ទេចចោល​អស់​។ ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ថា ការចោទប្រកាន់​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល ហើយ​ខ្លួន​គាំទ្រ​ពេញទំហឹង​ចំពោះ​ការស៊ើបអង្កេត​រក​ការពិត​នេះដែរ​។ 


Tag:
 អាវុធ​គីមី​
  ស៊ី​រី​
  OPCW
  អាមេរិក​
  ឌូ​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com