អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ព្រមាន​ដើរចេញ​ពី​តុ​ចរចា បើ​ជំនួប​ជាមួយ គីម ជុង​អ៊ុន គ្មាន​ផ្លែផ្កា​ទេ​
19, Apr 2018 , 11:29 am        
រូបភាព
លោក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida (រូបភាព AFP)
លោក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ក្ដីសង្ឃឹម​ថា ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ទទួលបាន​ជោគជ័យ​មិន​ខាន​។ លោក ត្រាំ និយាយ​បែបនេះ បន្ទាប់ពី​បង្ហើប​ពី​ដំណឹង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម (CIA) លោក Mike Pompeo ទៅ​ជួប​លោក គីម នៅ​កូរ៉េខាងជើង ដែល​លោក​អះអាងថា បាន​បង្កើត​ទំនាក់ទំនង​ល្អ​ទៀតផង​។ យ៉ាងណាមិញ លោក ត្រាំ បាន​ព្រមាន​ទុក​មុន​ដែរ​ថា លោក​នឹងមិន​ទៅ​ចរចា​ឡើយ បើ​គ្មាន​បាន​ផល​អ្វី​នោះ​។​



​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ គឺជា​របៀបវារៈ​ធំ​សម្រាប់​ជំនួប​មិន​ធ្លាប់មាន​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មាន​ជំហរ​ចង់​ឲ្យ​ការចរចា​លើកដំបូង​នេះ ដែល​មិនទាន់​កំណត់​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​នេះ ទទួលបាន​ជោគជ័យ ឬក៏​មាន​លទ្ធផល​ដែល​អាច​ទទួលយកបាន​។ សម្រាប់​លោក ត្រាំ បើ​គ្រាន់តែ​ជួប​ហើយ​គ្មាន​បានការ​អ្វី​នោះ គ្មាន​ហេតុផល​អ្វីដែល​លោក​ត្រូវ​ទៅ​ចរចា​ឡើយ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៨ ខែមេសា លោក ត្រាំ បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការជួប​ទល់មុខ​លើកទីមួយ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​សង្ឃឹមថា អាច​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ ហើយ​ការចរចា​នឹង​ជោគជ័យ​។ ក្នុងករណី​មិនអាច​សម្រេច​លទ្ធផល​អ្វី​ទេនោះ លោក ត្រាំ ព្រមាន​ថា លោក​នឹងមិន​ទៅ​ជួប​លោក គីម ឡើយ​។

«​ប្រសិនបើ​ខ្ញុំ​គិតថា នេះ​ជា​កិច្ចប្រជុំ​ដែល​មិនមាន​ផ្លែផ្កា យើង​នឹងមិន​ទៅ​ប្រជុំ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ក្នុង​សន្និសីទ​នៅឯ​រដ្ឋ Florida ។ លោក​ប្រធានាធិបតី​អាមេរិក​ក៏​បន្ថែមថា ទោះជា​កិច្ចប្រជុំ​ចាប់ផ្ដើម ហើយ​លោក​កំពុង​ចូលរួម​ក្ដី បើ​គ្មាន​លទ្ធផល​ផ្លែផ្កា​អ្វី​ទេ លោក​នឹង​នៅតែ​ដើរចេញ​ដដែល​។ 

​ការរៀប​ជំនួប​លើកដំបូង​នេះ កំពុង​ធ្វើឡើង​យ៉ាង​ញាប់ដៃ​។ លោក ត្រាំ បាន​បញ្ជូន​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម (CIA) លោក Mike Pompeo ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​គម្រោង​ជំនួប​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ព្យុងយ៉ាង លោក Pompeo ក៏បាន​ជួប​ជាមួយ​លោក គីម ដែរ ដោយ​លោក ត្រាំ លើកឡើងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយ​រលូន និង​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ផងដែរ ហើយ​ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​កំពូល​ក៏​កំពុង​រៀបចំ​ដែរ​។​

​ជុំវិញ​លទ្ធផល​នៃ​ការជួបគ្នា​រវាង​លោក ត្រាំ និង​លោក គីម លោក Pompeo រំពឹងថា នឹង​ទទួលបាន​ផ្លែផ្កា​ខ្លះ តែ​មិន​ដល់​ថ្នាក់​សម្រេច​គោលដៅ​ធំ​ឡើយ​។ លោក​ប្រាប់​សមាជិកសភា​អាមេរិក​ថា អាមេរិក​ចង់បាន​កិច្ចព្រមព្រៀង​មួយ​ដែល​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​កំរាម​កំហែង​អាមេរិក​។ លោក​ទំនង​ចង់​បានន័យថា កូរ៉េខាងជើង​អាច​មិន​បោះបង់​នុយក្លេអ៊ែរ​ក្នុងការ​ចរចា​លើកទីមួយ​នេះ​ទេ ហើយ​ជំនួប​លើក​ក្រោយៗ នឹង​លេច​ជា​រូបរាង​ដើម្បី​សម្រេច​ឲ្យ​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com