អន្តរជាតិ
ចិន​ទាត់ចោល​របាយការណ៍​អាមេរិក​ដែលថា «​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​» ជា​ឈ្នាន់​បង្កើន​ឥទ្ធិពល​
19, Apr 2018 , 7:39 pm        
រូបភាព
កំពង់ផែ Gwadar របស់ប៉ាគីស្ថាន ដែលសាងសង់ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន
កំពង់ផែ Gwadar របស់ប៉ាគីស្ថាន ដែលសាងសង់ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន
​នៅ​ដើម​សប្ដាហ៍​នេះ ស្ថាប័ន​ស្រាវជ្រាវ C4ADS ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បានចេញ​ផ្សាយ​របាយកាណ៍​មួយ​ស្ដីពី​ឥទ្ធិពល​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។ បើតាម C4ADS គោលដៅ​ពិតប្រាកដ​របស់​នៃ​គម្រោង​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នេះ គឺ​ពង្រីក​ឥទ្ធិពល​នយោបាយ និង​វត្តមាន​យោធា​ចិន​នៅ​ឡើ​ពិភពលោក​។ យ៉ាងណាមិញ ក្រុង​ប៉េកាំង​បានចាត់ទុក​របាយការណ៍​នេះ​ជាការ​មើល​ចិន​ក្នុង​ផ្លូវ​អាក្រក់​។​



​នៅក្នុង​របាយការណ៍រ​បស់​ខ្លួន វិទ្យាស្ថាន​ស្រាវជ្រាវ C4ADS បាន​វិភាគ​ពី​ឯកសារ​ផ្លូវការ និង​មិន​ផ្លូវការ​របស់​មន្ត្រី​ចិន​ជុំវិញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុង​ឆ្នាំ​២០១៣ ។ វិទ្យាស្ថាន​នេះ​មាន​គោលដៅ​ស្វែងរក​បំណង​ពិត​របស់​ចិន​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រជាជន​ពិភពលោក​ជាង​៦៥​ភាគរយ​ក្នុងប្រទេស​ជាង​៦០​នៃ​តំបន់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ដែល​ស្ថិត​តាមផ្លូវ​សូត្រ​បុរាណ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP វិទ្យាស្ថាន C4ADS បាន​សិក្សា​លើ​គម្រោង​ដែល​ផ្ដល់​ហិរញ្ញវត្ថុ​ដោយ​ចិន​នៅតាម​ប្រទេស​មួយចំនួន​ដូចជា បង់​ក្លា​ដែ​ស ស្រីលង្កា កម្ពុជា ឥណ្ឌូណេស៊ី អូ​ម៉​ង់ និង​ប្រទេស​ផ្សេងទៀត​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លទ្ធផល​ដែល​ចេញផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ​បង្ហាញថា គម្រោង​របស់​ចិន​មិនមែន​កើតឡើង​ដោយសារ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឈ្នះ​-​ឈ្នះ​ដូច​ការអះអាង​ឡើយ តែ​ជា​គម្រោង​បង្កើត​ឥទ្ធិពល​ផ្នែក​នយោបាយ ពង្រីក​វត្តមាន​យោធា និង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ទៅវិញ​។​

​យ៉ាងណាក្ដី ក្រុង​ប៉េកាំង​បាន​ទាត់ចោល​របាយការណ៍រ​បស់​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ខាងលើនេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​បកស្រាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៨ ខែមេសា អ្នកនាំពាក្យ​រូបនេះ​លើកឡើងថា គម្រោង​ដ៏​ធំ​នេះ​មាន​គោលដៅ​ជំ​វុ​ញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ជំរុញ​ការអភិវឌ្ឍ ហើយ​ចិន​គោរព​តាម​គោលការណ៍​ពិភាក្សាគ្នា តម្លាភាព និង​ផលប្រយោជន៍​រួមគ្នា​។​

​ដោយ​ចង់​រិះគន់​អ្នកសរសេរ​របាយការណ៍​របស់ C4ADS លោកស្រី​នាំពាក្យ​ខាងលើ​បាន​ផ្ញើ​សារ​ថា​៖ «​បើ​ពួកគេ​បន្ត​មើល​អ្នកផ្សេង និង​ពិភពលោក​ដោយ​គំនិត​ខ្មៅ​ងងឹត និង​តាមរយៈ​កញ្ចក់​ប្រឡាក់ ពួកគេ​នឹង​ឃើញ​គ្រប់យ៉ាង​សុទ្ធតែ​ងងឹត និង​អន្ទាក់​។ ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​បើកចំហ និង​ដោយ​ចិត្ត​ទូលាយ ពួកគេ​នឹង​ឃើញ​ពិភពលោក​មាន​ពន្លឺព្រះអាទិត្យ ដែល​ភ្លឺ​ថ្លា និង​កក់ក្ដៅ​»​។

​តាមពិតទៅ វា​ជា​រឿង​មិនអាច​ប្រកែក​បាន​ដែល​ឥទ្ធិពល​ចិន​ពិតជា​រីក​សាយភាយ​ក្នុង​ក្របខណ្ឌ​វិថី​សូត្រ​ថ្មី​នេះ​។ លោក Peter Cai អ្នកស្រាវជ្រាវ​នៅឯ​វិទ្យាស្ថាន Lowry និយាយថា ការតភ្ជាប់​ថ្មី​នេះ​នឹង​បង្កើត​សកម្មភាព​សេដ្ឋកិច្ច ដែល​នោះ​មានន័យថា ប្រទេសមួយ​នឹងមាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ដែរ ហើយ​ដូចដែល​បានដឹង ឥទ្ធិពល​លើ​វិស័យសេដ្ឋកិច្ច​នេះ​អាច​ប្រែ​ទៅ​កូនជញ្ជីង​ផ្នែក​នយោបាយ និង​អំណាច​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន South China Morning Post ៕


Tag:
 ចិន​
  អាមេរិក​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com