អន្តរជាតិ
IMF៖ ៥ ឆ្នាំ​ទៀត ស្ថានភាព​បំណុល​អាមេរិក​អាក្រក់​ជាង​រដ្ឋ​អាហ្វ្រិក​ខ្លះទៅ​ទៀត​
19, Apr 2018 , 9:59 pm        
រូបភាព
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា អត្រា​បំណុល​របស់​អាមេរិក​នឹង​កើនឡើង​ខ្ពស់​នៅ​រយៈពេល​៥​ឆ្នាំ​មុខ​។ ការកើនឡើង​បំណុល​នេះ នឹងធ្វើ​ឲ្យ​ស្ថានភាព​នៃ​បំណុល​របស់​មហាអំណាច​មួយ​នេះ​យ៉ាប់យ៉ឺន​ជាង​ប្រទេស​នៃ​តំបន់​អាហ្វ្រិក​ខ្លះ​ទៅទៀត​។ កំណើន​ការចាយវាយ និង​ការបាត់បង់​ចំណូល​ដោយសារ​នយោបាយ​កាត់បន្ថយ​ពន្ធ ជា​មូលហេតុ​ធ្វើ​ឲ្យ​បំណុល​អាមេរិក​កើនឡើង​ខ្លាំង ទោះជា​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ រំពឹង​យក​ចំណូល​ពី​សេដ្ឋកិច្ច​ដើម្បី​ទូទាត់​ការចំណាយ​ដ៏​ច្រើនក្ដី​។



​នៅត្រឹម​ឆ្នាំ​២០២៣ អត្រា​បំណុល​ធៀប​នឹង​ផលិត​ក្នុងស្រុក​របស់​អាមេរិក នឹង​កើន​ដល់​១១៦.៩​ភាគរយ ដោយ​នាំមុខ​អ៊ីតាលី​ដែលជា​សមាជិក​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧​របស់​ពិភពលោក​។ អត្រា​បំណុល​របស់​រដ្ឋ​អឺរ៉ុប​អ៊ីតាលី​មាន​កម្រិត ១១៦.៦​ភាគរយ​។ របាយការណ៍​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ ១៨ ខែម​សា បានផ្ដល់​ចំណាត់ថ្នាក់​ឲ្យ​អាមេរិក​ស្ថិតនៅ​ពីលើ​រដ្ឋ​អាហ្វ្រិក​ដូចជា​ម៉ូ​សំ​ប៊ិក និង​ប៊ូ​រុន​ឌី​ទៅទៀត​។​

​របាយការណ៍​របស់ IMF ធ្វើ​ឲ្យ​គេ​ងាក​ទៅ​ចាប់អារម្មណ៍​ការធ្លាក់ចុះ​ថវិកាជាតិ​របស់​អាមេរិក បន្ទាប់ពី​ការអនុម័ត​ច្បាប់​កាត់​បន្ថយពន្ធ​ចំនួន​១.៥​ទ្រី​លាន​ដុល្លារ និង​ថវិកា​សម្រាប់​ចំណាយ​៣០០​ពាន់​ដុល្លារ​។ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា ការកាត់បន្ថយ​ពន្ធ រួមគ្នា​នឹង​ការកាត់បន្ថយ​បញ្ញត្តិ​សម្រាប់​ការរកស៊ី នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ដែល​ត្រឡប់មកវិញ​នឹង​បង្កើត​ចំណេញ​ដើម្បី​ការពារ​ហានិភ័យ​ហិរញ្ញវត្ថុ​។​

​យ៉ាងណាមិញ មន្ត្រី​ធនាគារ​អាមេរិក និង​ការិយាល័យ​ថវិកា​សភា (CBO) ហាក់​សង្ស័យ​ក្ដី​រំពឹង​របស់​រដ្ឋបាល​លោក ត្រាំ ដោយសារ​ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​អាមេរិក​នៅ​រយៈពេល​វែង​របស់​ស្ថាប័ន​ទាំងពីរ​មាន​កម្រិត​ទាប​។ នេះ​មានន័យថា អាមេរិក​នឹងមិន​អាច​រកប្រាក់​ដើម្បី​ទូទាត់​ការចំណាយ​របស់ខ្លួន​បាន​។ ធនាគារ​អាមេរិក​វាយ​តម្លៃ​ថា អត្រា​កណ្ដាល​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ដល់​២​ភាគរយ​នៃ​ឆ្នាំ​២០២០ ឯ CBO ព្យាករ​ថា កំណើន GDP នឹងមាន​អត្រា​១.៨​ភាគរយ​នៅ​ឆ្នាំ​២០២០​។​

​តាំងពី​ឆ្នាំ​២០០១ មក ការចំណាយ​របស់​អាមេរិក​បាន​កើនឡើង​យ៉ាង​រហ័ស នៅពេលដែល​សម័យកាល​ថវិកា​លើស​របស់​អាមេរិក​ត្រូវបាន​បញ្ចប់​។ ការកាត់បន្ថយ​ពន្ធ​ដែល​មិនអាច​ទូទាត់​វិញ​បាន​ដោយ​ការកាត់បន្ថយ​ចំណាយ និង​កំណើនសេដ្ឋកិច្ច​, សង្គ្រាម​អ៊ីរ៉ាក់ និង​យុទ្ធនា​ការប្រឆាំង​ភេរវកម្ម ក៏ដូចជា​ផលប៉ះពាល់​វិបត្តិ​ហិរញ្ញវត្ថុ ជា​មូលហេតុ​នៅ​ពីក្រោយ​ការរីក​រាលដាល​ឱនភាព​សេដ្ឋកិច្ច និង​កំណើន​បំណុល​ជាតិ​។ 

​ជុំវិញ​បរិមាណ​បំណុល​នេះដែរ ទំហំ​បំណុល​ជាតិ​របស់​អាមេរិក​មាន​ដល់​ទៅ ២១.៤​ទ្រី​លាន​ដុល្លារ ឯ​ចិន គឺជា​ម្ចាស់​ធំជាងគេ​របស់​អាមេរិក​។ ស្ថិតិ​របស់​ក្រសួង​រតនាគារ​អាមេរិក​បង្ហាញថា បំណុល​រដ្ឋាភិបាល​អាមេរិក​ជំពាក់​ចិន​មាន​ចំនួន​១.២​ទ្រី​លាន​ដុល្លារ ដែល​ភាគច្រើន​ក្នុង​រូប​ភាពជា​ហ៊ុន​។ មានន័យថា ចិន​នាំចូល​ទំនិញ​ជាច្រើន​ចូល​ទីផ្សារ​អាមេរិក ហើយ​អាមេរិក​ទូទាត់​ជា​ហ៊ុន​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់ CNN Money ៕


Tag:
 អាមេរិក​
  អាហ្វ្រិក​
  បំណុល​
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com