កីឡាអន្តរជាតិ
អន្តរជាតិ
Alvarez ត្រូវ​ហាម​ឡើង​សង្វៀន​៦​ខែ ចំ​ជំនួប​ជម្រះបញ្ជី​ជាមួយ Golovkin
19, Apr 2018 , 10:39 pm        
រូបភាព
​កីឡាករ​ប្រដាល់សកល​លំដាប់​ពិភពលោក Saul Canelo Alvarez ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ប្រកួត​រយៈពេល ៦ ខែ គិត​ចាប់ពី​ថ្ងៃទី ១៧ ខែកុម្ភៈ​តទៅ បន្ទាប់ពី​រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់ ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​ចំនួន​២​លើក​នៅក្នុង​ឆ្នាំនេះ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបានធ្វើ​តេស​ត្ត​ដោយ​ស្ម័គ្រចិត្ត​ម្តង​ហើយ​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​រកឃើញថា​មាន​ស្លាកស្នាម​កាកសំណល់​នៃ​សារធាតុ Clenbuterol នៅក្នុង​រាងកាយ​បន្ទាប់ពី​រូបគេ​បាន​បរិភោគ​សាច់​កខ្វក់ ដែលជា​សារធាតុ​ត្រូវបាន​ហាមឃាត់​ក្នុង​សកម្មភាព​កីឡា​។ Clenbuterol ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺហឺត​ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើត​ម៉ាស​សាច់ដុំ​ខ្លាញ់ និង​ដុត​ជាតិ​ខ្លាញ់​ពី​រាងកាយ​ផងដែរ​។ ការធ្វើ​តេស្ត​លើក​ទី​២ រូបគេ​នៅតែ​រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​នេះ​ដដែល​។​

​ការហាម​មិន​ឲ្យ​មាន​សកម្មភាព​ប្រដាល់​រហូតដល់​ទៅ ៦​ខែ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួប​រវាង Alvarez ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់ Gennadyevich Golovkin ជា​លើក​ទី​២ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ត្រូវ​លើក​ពេល​វិញ ហើយ​ត្រូវ​រង់ចាំ​ទាល់តែ​ផុត​បម្រាម​នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​របស់​អ្នក​ផ្គូផ្គង​កីឡាប្រដាល់ Golden Boy (​លោក Oscar De La Hoya) ថា Alvarez នឹង​ត្រឡប់​ទៅកាន់​សង្វៀន​វិញ​នៅ​ខែកញ្ញា នា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​ម៉ិ​ក​ស៊ិ​ក​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ អ្នក​ប្រដាល់​ដែល​ធ្លាប់​ប្រកួត ៥១​ដង ឈ្នះ​៤៩ ស្មើ​១ និង​ចាញ់​ម្តង​បានលើកឡើង​ក្នុង​សវនាការ​គណៈកម្មាធិកា​រ​អត្តពលកម្ម​រដ្ឋ Nevada សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៨ ខែមេសា​នេះ​ថា រូបគេ​មានការ​ភ្ញាក់ផ្អើល និង​រំខាន​ដោយសារ​ការរកឃើញ​នៃ​ការធ្វើ​តេស្ត​នេះ​។ លើសពីនេះ​ទៀត​រូបគេ ក៏បាន​បន្ទោស​ទៅលើ​ការចម្លង​រោគ​សាច់​ដែល​បាន​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​រាប់សិប​នាក់​នៅ​ម៉ិ​ក​ស៊ិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ហើយ​ដោយសារ​បញ្ហា​នេះ បច្ចុប្បន្ន Alvarez ត្រូវ​ផ្លាស់​ទី​ហ្វឹកហាត់​របស់គេ ពី​ម៉ិ​ក​ស៊ី​កទៅ​សហរដ្ឋអាមេរិក​ទៀតផង​៕


Tag:
 ប្រដាល់​
  សារធាតុ​ហាមឃាត់​
  Saul Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com