អន្តរជាតិ
លោក អាសាដ ហៅ​បា​រាំងជា​ទាសករ​របស់​អាមេរិក​
20, Apr 2018 , 10:19 pm        
រូបភាព
លោក បាសា អាល់អាសាដ ក្នុងដំណើរទស្សនកិច្ចនៅបារាំង (រូបភាព AFP)
លោក បាសា អាល់អាសាដ ក្នុងដំណើរទស្សនកិច្ចនៅបារាំង (រូបភាព AFP)
​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ បានប្រគល់​គ្រឿងឥស្សរយស​ថ្នាក់​ខ្ពស់បំផុត Legion of Honor ទៅ​ឲ្យ​បារាំង​វិញ​ហើយ ក្រោយ​បារាំង​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​ស៊ី​រី​កាលពី​សប្ដាហ៍​មុន​។ អតីត​ប្រធានាធិបតី​បារាំង ហ្សា​ក់ ស៊ីរ៉ា​ក់ បានប្រគល់​គ្រឿងឥស្សរយស​នេះ​ឲ្យ​លោក អាសាដ ក្នុង​ឆ្នាំ​២០០១ ។ លោក​ប្រធានាធិបតី​ស៊ី​រី​ក៏បាន​ហៅ​បារាំង​ជា​ទាសករ​របស់​អាមេរិក ព្រោះ​ចូល​ដៃ​ជាមួយ​អាមេរិក​បាញ់​មី​ស៊ី​ល​ដាក់​ស៊ី​រី​។



«​ក្រសួងការបរទេស​បាន​បញ្ជូនទៅ​ឲ្យ​សាធារណរដ្ឋ​បារាំង​នូវ​គ្រឿងឥស្សរយស Grand Croix of the Légion d'honneur ដែល​បាន​ផ្ដល់ជូន​ប្រធានាធិបតី បា​សា អាល់​អាសាដ​»​។ នេះ​ជា​សេចក្ដីប្រកាស​នៅ​ទំព័រ Twitter ប្រធានាធិបតី​ស៊ី​រី​នៅ​ថ្ងៃទី​១៩ ខែមេសា​។ គ្រឿងឥស្សរយស​នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុងប៉ារីស​តាមរយៈ​ស្ថានទូត​រូ​ម៉ា​នី​ប្រចាំ​រដ្ឋធានី​ដា​ម៉ាស់ ដែលជា​អន្តរការី​តំណាង​ប្រយោជន៍​បារាំង​នៅ​ទឹកដី​ស៊ី​រី​។​

​ការសម្រេចចិត្ត​បញ្ជូន​គ្រឿងឥស្សរយស​ថ្នាក់​បំផុត​របស់​បារាំង​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការចូលរួម​របស់​បារាំង​ក្នុងការ​យុទ្ធនាការ​យោធា​លើ​ស៊ី​រី​កាលពី​សប្ដាហ៍​មុន ដែលជា​លោកខាងលិច​អះអាងថា ជាការ​ផ្ដល់​មេរៀន​ឲ្យ​លោក អាសាដ ដែល​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​លើ​ពលរដ្ឋ​ខ្លួនឯង​។ ក្នុងចំណោម​មី​ស៊ី​ល​ទាំង​១០៤​គ្រាប់ បារាំង​បាញ់​មី​ស៊ី​ល​ចំនួន​១២​គ្រាប់ ឯ​គ្រាប់​សេសសល់​ផ្សេងទៀត​ជា​របស់​អាមេរិក និង​អង់គ្លេស​។​


​ក្រោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ដែល​ដឹកមុខ​ដោយ​អាមេរិក លោក អាសាដ យល់ថា វា​ជា​រឿង​មិនអាច​ទទួលយកបាន​ក្នុង​ការពាក់​គ្រឿងឥស្សរយស​ដែល​ផ្ដល់​ដោយ​ប្រទេស​ជា​ទាសករ និង​អ្នក​ហែរ​ហម​អាមេរិក​។ នេះ​បើតាម​អត្ថន័យ​របស់​សារ​បង្ហោះ​លើ​ទំព័រ Twitter របស់​ប្រធានាធិបតី​ស៊ី​រី​ជា​ភាសា​អារ៉ាប់ និង​បកប្រែ​ដោយសារ​ព័ត៌មាន RT ។ ស៊ី​រី​ចោទ​បារាំង​ថា បាន​គាំទ្រ​ពួក​ភេរ​វករ និង​បាន​បំពាន​គោលការណ៍​ចម្បង​បំផុត​របស់​ច្បាប់​អន្តរជាតិ​។​

​នៅមុន​ការបញ្ជូន​ទៅវិញ​នេះ នៅឯ​បារាំង​ឯណោះ សារព័ត៌មាន​នានា​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុងប៉ារីស​បានរៀបចំ​ដំណើរការ​ដកហូត​គ្រឿងឥស្សរយស​ថ្នាក់ខ្ពស់​នេះ​ពី​ប្រមុខ​ដឹកនាំ​ស៊ី​រី​វិញ​ដែរ​។ អតីត​ប្រធានាធិបតី​បារាំង ហ្សា​ក់ ស៊ីរ៉ា​ក់ ជា​អ្នក​បំពាក់​មេដាយ​នេះ​ទៅ​ឲ្យ​លោក អាសាដ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​២០០១ គឺ​ប៉ុន្មាន​ឆ្នាំក្រោយ​លោក អាសាដ ឡើងកាន់តំណែង​ជំនួស​ឪពុក​របស់លោក​។​

​កន្លងមក បារាំង​ក៏​ធ្លាប់​ដកយក​គ្រឿងឥស្សរយស​នេះ​ពី​បុគ្គល​មួយចំនួន បន្ទាប់ពី​បុគ្គល​ទាំងនោះ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​កិត្តិនាម​គ្រឿងឥស្សរយស​នេះ​។ អតីត​អ្នក​ប្រណាំង​កង់​ល្បី​របស់​អាមេរិក​ឈ្មោះ Lance Armstrong, អ្នក​ច្នៃ​ម៉ូត​អង់គ្លេស John Galliano និង​ផលិតករ​ភាពយន្ត​ហូលីវូដ Harvey Weinstein សុទ្ធ​បាន​បាត់បង់​គ្រឿងឥស្សរយស Grand Croix of the Légion d'honneur របស់​បារាំង​៕


Tag:
 ស៊ី​រី​
  បារាំង​
  អាមេរិក​
  Bashar al-Assad
© រក្សាសិទ្ធិដោយ thmeythmey.com