ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចុះ​ពិនិត្យ​សិប្បកម្ម​មួយកន្លែង ក្នុងស្រុក​ស្អាង ដែល​ផលិត​ភេសជ្ជៈ​ខ្វះ​ស្ដង់ដារ និង​មិន​ស្រប​តាប​ច្បាប់​
20, Apr 2018 , 10:40 pm        
រូបភាព
ដោយ:
សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច  បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​មួយកន្លែង នៅ​ជិត​រាជធានី​ភ្នំពេញ​ ដោយ​រកឃើញថា ការផលិត​ភេសជ្ជៈ​មិន​ទៅតាម​ស្តង់ដារ ហើយ​មិន​អនុលោម​តាមច្បាប់​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


 
​សមត្ថកិច្ច បាន​រកឃើញ ការផលិត​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ដែលមាន​ម៉ាក​ដូចជា B-Smart Grean Tea, Honey, Strawberry, Energy Drink​ប៉ៃ​តង Energy Drink ខៀវ ក្នុង​រោងចក្រ​សិប្ប​កម្មនេះ​។ នេះ​បើតាម​លោក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា ដែល​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រង់​សម្ដី​។​
 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ពី​ការលើកឡើង​របស់លោក លោក ម៉ាត់ យូ​សុះ ទៀតថា ការផលិត​មិនបាន​អនុលោម​ត្រឹមត្រូវ​តាម​ការចុះបញ្ជី នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៅឡើយ​ទេ​។ លោក បន្ថែមថា សូម្បី​ទីតាំង ក៏​មិនបាន​រៀបចំ​ទៅតាម​បទដ្ឋាន​ត្រឹមត្រូវ​ដែរ និង​ខ្វះ​អនាម័យ​ក្នុង​ការផលិត​។​
 
​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ លោក ចាន់ វ៉ាន់​ធឿន ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ មិនបាន​បិទ​ការផលិត​ភេសជ្ជៈ​នោះឡើយ គ្រាន់តែ​ណែនាំ​ម្ចាស់​សិប្បកម្ម ឲ្យ​ផលិត​ភេសជ្ជៈ​ស្របតាម​ស្តង់ដារ និង​មាន​អនាម័យ​ប៉ុណ្ណោះ​។ នេះ​ជា​អះអាង​របស់លោក ម៉ាត់ យូ​សុះ ដដែល ដោយ​បន្តថា ករណី​ដែល​មិន​បិទ​សិប្បកម្ម តម្រូវ​ឲ្យ​ម្ចាស់​ផលិត​ភេសជ្ជៈ​កែប្រែ និង​ធ្វើ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដែលមាន​អនាម័យ​ត្រឹមត្រូវ​។ 
 
​សូមបញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ភេសជ្ជៈ​នេះ ស្ថិតនៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត កណ្តាល ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​រាជធានី​ភ្នំពេញ​៕

Tag:
 រោងចក្រសិប្បកម្ម
  ​ភេសជ្ជៈ​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com