កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល G រវាង​បែលហ្ស៊ិក ប៉ា​ណា​ម៉ា ទុយ​នេ​ស៊ី និង​អង់គ្លេស​
21, Apr 2018 , 8:19 am        
រូបភាព
ក្រុម​ដែល​អាច​ឈរ​នៅ​កំពូល​តារាង​ពូ​ល G ទំនងជា​ត្រូវ​ប្រជែង​គ្នា​ខ្លាំង​រវាង​ក្រុម​មកពី​អឺរ៉ុប​ពីរ​ដែល​សុទ្ធសឹង​ជា​ក្រុម​ដែល​សម្បូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ​កំពុង​ប្រកប​អាជីព​ក្នុង​លី​កនៅ​តំបន់​អឺរ៉ុប​។ បែលហ្ស៊ិក និង​អង់គ្លេស​ជា​ក្រុម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ខណៈ​ពួកគេ នឹងត្រូវ​ជួបគ្នា​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ក្នុង​ព្រឹត្តិការណ៍ World Cup​។ វត្តមាន​របស់​ក្រុម​ទាំងពីរ​នេះ​ក៏​នឹង​ជះឥទ្ធិពល​ដល់​ក្រុម​ពីរ​ទៀត​ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​រួមមាន​ប៉ា​ណា​ម៉ា និង​ទុយ​នេ​ស៊ី​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។​


​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ពូ​ល G នេះ​គឺ បែលហ្ស៊ិក ប៉ះ​អង់គ្លេស​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Kaliningrad វេលា​ម៉ោង ១​អធ្រាត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​បែលហ្ស៊ិក​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាព​អស្ចារ្យ​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​រុស្ស៊ី បន្ទាប់ពី​ពួកគេ​បានធ្វើ​ព្យុះភ្លៀង​រួចមកហើយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្រុម​រហស្សនាម​បិសាច​ក្រហម​មាន​សក្តានុពល​ដោយ​សម្បូរ​កីឡាករ​ល្អៗ​ច្រើន​នាពេល​បច្ចុប្បន្ននេះ​។ សម័យ​មាស​របស់​បែលហ្ស៊ិក​មិនមែន​ពឹង​លើ​កីឡាករ​វ័យក្មេង​ទេ ស្រប​ពេលដែល​អ្នកគាំទ្រ​សង្ឃឹមថា​ពួកគេ​អាចឈាន​ដល់​ដល់​ចំនុចកំពូល​មួយ​នៅក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ បើទោះជា​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែលជា​ក្រុម​ខ្លាំង​មួយ​ដែរ​ក៏ដោយ​។ អ្វីដែល​ពិសេស​ទៀត​នោះ​កីឡាករ​សំខាន់ៗ​របស់​បែលហ្ស៊ិក​ភាគច្រើន​មាន​មូលដ្ឋាន​ក្នុង​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League ដែល​នេះ​នឹង​ផ្តល់នូវ​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​រវាង​ក្រុម​ទាំងពីរ​។​
 
​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ក្នុង​ពូ​ល G នេះ​
-​ប៉ា​ណា​ម៉ា​ជា​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​ដែល​បាន​កៅអី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ឈានទៅ​ដណ្តើមពាន​រង្វាន់ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​
-​ទុយ​នី​ស៊ី​ធ្លាប់​ជួប​អង់គ្លេស​រួចមកហើយ​ក្នុងការ​ប្រកួត World Cup ឆ្នាំ​១៩៩៨ នៅ​បារាំង ដែល​កាលនោះ​ក្រុម​មកពី​អាហ្វ្រិក​នេះ​ទទួលរង​បរាជ័យ ២-០ នៅ​កីឡដ្ឋាន Stade Velodrome ក្នុង​ក្រុង Marseille​។​
 
-​ទុយ​នី​ស៊ី ធ្លាប់​ទទួល​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត World Cup គឺ​ឈ្នះ​ម៉ិ​ក​ស៊ិ​ក​ក្នុង​លទ្ធផល ៣-១ នៅ​ឆ្នាំ​១៩៧៨ ដែល​អា​ហ្ស​ង់​ទីន​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​
 
​ចំណាប់អារម្មណ៍​ពិសេស​បំផុត​
​ក្នុងជំនួប​ទាំង​២១​លើក អង់គ្លេស​ធ្លាប់​ចាញ់​បែលហ្ស៊ិក​តែមួយ​ដង​គត់​ក្នុងការ​ប្រកួត​មិត្តភាព​កាលពី​ឆ្នាំ ១៩៣៦​។​
 ចាប់តាំងពី​ពេលនោះ​មក​ក្រុម​ទ​ទាំងពីរ​បាន​ប៉ះគ្នា​ម្តងទៀត​ដោយ​ទទួលលទ្ធផល​ស្មើគ្នា ៤-៤ ក្នុងការ​ប្រកួត World Cup ឆ្នាំ 1954 មុនពេល​ក្រុម​តោ​កំណាច​យកឈ្នះ ១-០ លើក​ក្រុម​បិសាច​ក្រហម​ក្នុង​ឆ្នាំ​១៩៩០៕

Tag:
 ​បាល់ទាត់​
  FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com