ជាតិ
ឥណ្ឌា រៀបចំ​ព្រឹត្តិការណ៍​យោ​គៈ និង​ការសម្ដែង​សិល្បៈ​នៅ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព​
21, Apr 2018 , 11:00 am        
រូបភាព
រូបភាពពីហ្វេសប៊ុក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុក្រសួងទេសចរណ៍
​ឥណ្ឌា នឹង​រៀបចំ​ព្រឹត្តិការណ៍​យោ​គៈ​(Yoga Day) ក្នុង​ខែមិថុនា និង​ការសម្ដែង​សិល្បៈ​វប្បធម៌​ដ៏​ធំ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែឧសភា​ខាងមុខ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​បំណង​រឹតចំណង​មិត្តភាពរ​វា​ង​ឥណ្ឌា​និង​កម្ពុជា​។

  
 
​អ្នកស្រី ម៉ា​នី​កា ចេ​ន ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​ថ្លែង​ក្នុងជំនួប​ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា​ឥណ្ឌា នឹង​រៀបចំ​ព្រឹត្តិការណ៍​យោ​គៈ​(Yoga Day) និង​ការសម្ដែង​សិល្បៈ​វប្បធម៌​រួមគ្នា​ដ៏​ធំ​នៅ​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​លើ​វិស័យ​ទេសចរណ៍​។  អ្នកស្រី ម៉ា​នី​កា ចេ​ន ថ្លែង​ក្នុងជំនួប​នោះ​ទៀតថា ក្នុង​ព្រឹត្តិការណ៍​នោះ ភាគី​ឥណ្ឌា នឹង​រៀបចំ​សិក្ខាសាលា​ថ្មី​មួយ ដែល​ប្រមូលផ្ដុំ​ទៅដោយ​វិនិយោគិន​ឥណ្ឌា ទីភ្នាក់ងារ​ទេសចរណ៍ និង​ការី​ទេសចរណ៍​ល្បីៗ​របស់​ឥណ្ឌា ដើម្បី​ធ្វើ​បទ​បង្ហាញ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក សំដៅ​ជំរុញ​កំណើន​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។​


 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា របស់​ឥណ្ឌា នៅ​កម្ពុជា​។ សម្រាប់​លោក​រដ្ឋមន្ត្រី ថា ទេសចរណ៍​ឥណ្ឌា ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក ថោង ខុន ក៏​ស្វាគមន៍​ការហោះហើរ​ត្រង់ ពី​ឥណ្ឌា​មក​កម្ពុជា​ដែរ ដែល​លោក​សង្ឃឹមថា ការហោះហើរ​ត្រង់នេះ នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​៕ 

Tag:
 ឥណ្ឌា​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com