ជាតិ
លោក អ៊ូ វណ្ណឌី យក​បំណែក​កាំភ្លើង និង​គ្រឿង​ដែក​ផ្គុំ​ជា​រូប​«​នង្គ័ល​»
21, Apr 2018 , 12:00 pm        
រូបភាព
​ភ្នំពេញ​៖ ដោយ​មើលឃើញថា កសិករ​ខ្មែរ​ភាគច្រើន​ប្រើប្រាស់​ត្រាក់ទ័រ ឬ​គោយន្ត ជំនួស​ឲ្យ​នង្គ័ល សម្រាប់​ភ្ជួរ​ដីស្រែ​ចម្ការ​របស់ខ្លួន លោក អ៊ូ វណ្ណឌី ក៏មាន​គំនិត​យក​បំណែ​ក​កាំភ្លើង​ចាស់ៗ និង​គ្រឿង​ដែក មក​ផ្គុំ​ជា​រូប​«​នង្គ័ល​» ដើម្បី​អភិរក្ស​ឧបករណ៍​កសិកម្ម​ខ្មែរ​មួយ​នេះ​។ លោក វណ្ណឌី បានដាក់​ឈ្មោះ​ឧបករណ៍​ដែល​ខ្លួន​ច្នៃ​នេះ ថា​«​បក្សី​ចម្លែក​»​។



«​បក្សី​ចម្លែក​នេះ មាន​ក្បាល​ដូចជា​នាគ មានខ្លួន​ដូច​នង្គ័ល មាន​ជើង​បី កន្ទុយ និង​ស្លាប​។ និយាយ​ជារួម រូបរាង​ទាំងស្រុង​របស់​វា ដូច​ភាគច្រើន​ទៅនឹង​នង្គ័ល​»​។ នេះ​ជាការ​រៀបរាប់​របស់ សិល្បករ​សហ​សម័យ​វ័យ​៤០​ឆ្នាំ លោក អ៊ូ វណ្ណឌី ដែល​បាន​ចំណាយពេល​កន្លះ​ខែ ក្នុងការ​ផ្គុំ​។  លោក អ៊ូ វណ្ណឌី  ថាបើ​មាន​អ្នក​ចង់​ទិញ «​បក្សី​ចម្លែក​» លោក​នឹង​លក់​វា ក្នុងតម្លៃ​ប្រមាណ​ពីរពាន់​ដុល្លារ​អាមេរិក​។  
 
 


មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល លោក អ៊ូ វណ្ណឌី ពន្យល់ថា លោក ច្នៃ​រូប​បក្សី​ចម្លែក​នេះ ស្រដៀង​នឹង​រូប​នង្គ័ល​ដូច្នេះ ព្រោះ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ នៅតែ​ចងចាំ​នង្គ័ល​ដែលជា​ឧបករណ៍​ភ្ជួរស្រែ​ចម្ការ​តាំងពី​បរម​បុរាណ​មក​។ ម្យ៉ាង សិល្បករ​រូបនេះ ក៏​ចង់​អភិរក្ស «​នង្គ័ល​» ផងដែរ​។ លោក អ៊ូ វណ្ណឌី បន្ថែម​ដូច្នេះ​៖​សម័យ​បច្ចុប្បន្ន ស្រុក​យើង​មាន​សន្តិភាព​ហើយ ដូច្នេះ​យើង​មិន​ត្រូវការ​កាំភ្លើង​ទៀត​ទេ ទើប​ខ្ញុំ​យក​វា​មក​ធ្វើ​តែម្ដងទៅ​»​។ 
 
 


កន្លងមក លោក អ៊ូ វណ្ណឌី ក៏​ធ្លាប់​ច្នៃ​វត្ថុ​សិល្បៈ​បែប​សហ​សម័យ​ពី​គ្រឿង​ដែក និង​សម្ភារ​ដែល​គេបោះបង់​ចោល​ដែរ ដូចជា​ច្នៃ​ជា​រូប​គោព្រៃ រូប​របាំ​ត្រុដ និង​រូប​ជាច្រើន​ទៀត​។ វត្ថុ​សិល្បៈ​ទាំងនោះ ក៏ត្រូវ​បានបង្ហាញ​ខ្លួន នៅក្នុង​ការតាំងពិព័រណ៍​ជាច្រើន​កន្លែង​ផងដែរ ទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស ហើយ​ទទួលបាន​ការគាំទ្រ​ខ្លាំង  ពី​អ្នកចូលរួម​៕
 
 


Tag:
 អ៊ូ វណ្ណឌី​
 ​សិល្បៈ​
 ​នង្គ័ល​
© រក្សាសិទ្ធិដោយ thmeythmey.com