អន្តរជាតិ
វៀតណាម​៖ រដ្ឋ​ណាក៏ដោយ​ដែល​ចូលប្រជុំ​កោះ​ពីរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​គ្មាន​ការយល់ព្រម​ពី​ខ្លួន គឺ​ខុសច្បាប់​
21, Apr 2018 , 3:00 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចេញមុខ​ជំទាស់ និង​ប្រតិកម្ម​ជាថ្មី​ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​ដែល​បង្ក​ឡើយ​ដោយ​រដ្ឋ​ពាក់ព័ន្ធ​នៅក្នុង​តំបន់​មាន​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​។ សម្រាប់​វៀតណាម រដ្ឋ​ណាក៏ដោយ ឲ្យ​តែ​ចូលធ្វើ​សកម្មភាព​នៅក្នុង​តំបន់​មាន​ជម្លោះ​នោះ​ដោយ​មិនមាន​ការយល់ព្រម​ពី​វៀតណាម គឺជា​សកម្មភាព​ខុសច្បាប់​ហើយ ។


 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng នៅ​ថ្ងៃទី​១៩ មេសា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា រាល់​សកម្មភាព​ឯកតោភាគី​របស់​រដ្ឋ​ណាមួយ ដែល​ធ្វើឡើង​ក្នុង​តំបន់​ប្រជុំ​កោះ Paracel និង Sprately ដោយ​ពុំមាន​ការយល់ព្រម​ពី​វៀតណាម នឹងត្រូវ​ចាត់ទុកថា​ជា​សកម្មភាព​ល្មើស​ហើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀ​ណា​ម Vietnam News ។ 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​នោះ លោកស្រី​អ្នកនាំពាក្យ បានបញ្ជាក់​ពី​ជំហ​របស់​វៀតណាម​ជាថ្មី​ថា​៖«​វៀតណាម មាន​អធិបតេយ្យ និង​យុត្តាធិការ​លើ​ប្រជុំ​កោះ​ទាំងពីរ នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​អធិបតេយ្យ​នោះ ក៏​ស្របតាម​បទបញ្ញត្តិ​នៃ​ច្បាប់​អន្តរជាតិ​ដែល​រាប់បញ្ចូល​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ផងដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។ 
 
​អ្វីដែល​គួរកត់សម្គាល់​នោះ ការលើកឡើង​របស់​ក្រុង​ហាណូយ ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នកសារព័ត៌មាន ដែល​សួរថា​តើ​វៀតណាម មានប្រតិកម្ម​បែបណា​ចំពោះ​របាយការណ៍ ដែល​បាន​រាយការណ៍​ថា ក្រុង​ប៉េកាំង ទើបតែ​បានបញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ ។ 
​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​វិវាទ​អធិបតេយ្យ​ដែនសមុទ្រ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ ដូចជា​ប្រទេស​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយ​ចិន ។ ប្រទេស​ពាក់ព័ន្ធ​ទាំងនេះ បានទាមទារ​ត្រួតស៊ីគ្នា​លើ​តំបន់​ប្រជុំ​កោះ Paracel និង Sprately ។ 
​ក្រោយពី​ហ្វីលីពីន ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ទន់ភ្លន់​ជាមួយនឹង​ចិន​ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះ វៀតណាម បាន​ក្លាយជា​រដ្ឋ​អាស៊ាន​តែមួយគត់ ដែល​តែងតែ​ចេញមុខ​ថ្កោលទោស និង​ប្រតិកម្ម​ខ្លាំងៗ​ទៅលើ​សកម្មភាព​របស់​ចិន ដែល​វៀតណាម ចាត់ទុកថា ជាការ​បំពាន​អធិបតេយ្យ​លើ​តំបន់ ដែល​ខ្លួន​មាន​យុត្តាធិការ​ផង​នោះ ៕ 
 

Tag:
 ​វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com