អន្តរជាតិ
លោក ម៉ា​ក្រុង ថា អាមេរិក បារាំង និង​សម្ព័ន្ធមិត្ត​ត្រូវ​ចាំ​ជួយ​កសាង​ស៊ី​រី​ជាថ្មី ពេល​ជម្លោះ​ចប់​
23, Apr 2018 , 4:20 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និយាយថា អាមេរិក បារាំង និង​សម្ព័ន្ធមិត្ត គួរ​បន្ត​ស្ថិតនៅ​ស៊ី​រី​ទៀត ទោះជា​វិបត្តិ​រ៉ាំ​រៃ​នេះ​ត្រូវ​បញ្ចប់​ក៏ដោយ​។ វត្តមាន​របស់​បស្ចិម​ប្រទេស​នៅ​ស៊ី​រី បើតាម​លោក ម៉ា​ក្រុង គឺ​ការពារ​ស៊ី​រី​ពី​ការ​ធ្លាក់ចូល​សង្គ្រាម​ថ្មី​ទៀត​ដែល​បង្កដោយ​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ។ ប៉ុន្តែ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ប្រធានាធិបតី​បារាំង​រូបនេះ​មិនបាន​និយាយ​ទេ​ថា ជម្លោះ​នៅ​ស៊ី​រីនឹង​ត្រូវ​ចប់​នៅពេលណា​ឡើយ​។​



​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​អាមេរិក ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​លើកឡើងថា ក្រុម​សម្ព័ន្ធមិត្ត​មិនគួរ​ចាកចេញ​ពី​ស៊ី​រី​ភ្លាមៗ​ឡើយ ពេល​ជម្លោះ​ចប់​។ ការបន្ត​វត្តមាន​របស់​អាមេរិក បារាំង និង​សម្ព័ន្ធមិត្ត​នៅ​ទឹកដី​ស៊ី​រី​ត្រូវបាន​លោក ម៉ា​ក្រុង លើក​ជា​គំនិត​ថា ដើម្បី​ស្ថាបនា​ស៊ី​រី​ឡើងវិញ​។ សង្គ្រាម​ក្នុងស្រុក​រយៈពេល ៧ ឆ្នាំ​មកនេះ​ពិតជា​បាន​បំផ្លាញ​ស៊ី​រី​ស្ទើរ​ដល់​ចំណុចសូន្យ​តែម្ដង ហើយ​ត្រូវ​ចំណាយ​ថវិកា​សន្ធឹកសន្ធាប់​ដើម្បី​ស្ដារ​ប្រទេសមួយ​នេះ​វិញ​។​

​ក្នុង​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News ដែល​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែមេសា លោក ម៉ា​ក្រុង បញ្ជាក់ថា​៖ «​យើង​ត្រូវ​សាងសង់ ស៊ី​រី​ថ្មី​មួយ ក្រោយ​ចប់​សង្គ្រាម​។ ចំណែកឯ​អាមេរិក​ត្រូវ​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ដំណើរការ​នេះ​»​។ លោក ម៉ា​ក្រុង បន្ថែមថា មិនមែន​ទាល់តែ​មាន​ទាហាន​អាមេរិក​ទើប​អនុវត្ត​ផែនការ​នេះ​បានឡើយ តែ​ជា​នយោបាយ​ការបរទេស​របស់​អាមេរិក និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ផ្ទាល់​ផង​។​

​គោលដៅ​សំខាន់​មួយទៀត​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​ត្រូវ​រក្សា​វត្ត​មាននៅ​ស៊ី​រី គឺ​ទប់ទល់​អ៊ីរ៉ង់ និង​កម្លាំង​លោក​ប្រធានាធិបតី បា​សា អាល់​អាសាដ ។ បើតាម​ប្រធានាធិបតី​បារាំង នៅ​ថ្ងៃ​ដែល​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​បាន ហើយ​ចាក​ចេញពី​ស៊ី​រី​ភ្លាម នោះ​មានន័យថា លោកខាងលិច​ទុក​ឱកាស​ឲ្យ​របប​ដឹកនាំ​អ៊ីរ៉ង់ និង​លោក អាសាដ ហើយ​ពួកគេ​នឹងធ្វើ​សង្គ្រាម​ថ្មី​ទៀត ព្រមទាំង​បង្កើត​ភេរវ​ករ​ថ្មី​ដែរ​។​

​នៅពេល​ថ្មីៗ​នេះ បារាំង​បានចេញ​មុខ​ចេញ​មាត់​ស្នើ​ឲ្យ​អាមេរិក​រក្សា​វត្ត​មាននៅ​ស៊ី​រី​ឲ្យ​បានយូរ​អង្វែង បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ ចង់​ដក​ទាហាន​អាមេរិក​ឲ្យ​បាន​ឆាប់​។ កាលពី​សប្ដាហ៍​មុន លោក ម៉ា​ក្រុង បាន​និយាយ​ក្ដែ​ងៗ​ថា លោក​ជា​អ្ន​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ រក្សាទុក​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​ដដែល​ដើម្បី​សម្រេច​គោលដៅ​មួយចំនួន​ផ្សេងទៀត​។ ប្រធានាធិបតី​អាមេរិក​ក៏​ជា​អ្នក​ទទូច​ឲ្យ​សម​ភាគី​អាមេរិក​វាយប្រហារ​លើ​ស៊ី​រី​ក្រោម​ហេតុផល​ថា លោក អាសាដ ប្រើ​អាវុធ​គីមី​លើ​ជនស្លូតត្រង់​ផង​។​

​នៅ​ដើម​សប្ដាហ៍​នេះ លោក ម៉ា​ក្រុង នឹង​ជួប​ជាមួយ​សម​ភាគី​អាមេរិក​របស់លោក​ចាប់ពី​ថ្ងៃ ២៣ ដល់​ថ្ងៃ ២៥ ខែមេសា ហើយ​សំណុំរឿង​ស៊ី​រី​ទំនងជា​ប្រធានបទ​សំខាន់​មួយ​ផង ខណៈ​បារាំង និង​អាមេរិក​ទើប​ចាប់ដៃគ្នា​បាញ់​មី​ស៊ី​ល​ដាក់​របប​លោក អាសាដ រួចមក​។ យ៉ាងណា លោក ម៉ា​ក្រុង ក៏​មិន​ភ្លេច​តួនាទី​របស់​រុស្ស៊ី និង​តួ​ក​គី​ក្នុង​ដំណើរការ​សាងសង់​ស៊ី​រី​វិញ​ដែរ​៕


Tag:
 បារាំង​
  អាមេរិក​
  ស៊ី​រី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com