ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
សេដ្ឋកិច្ច
លោក ម៉ាត់ ច្នៃគ្រឿងយន្តបាចជី និងបាញ់ថ្នាំស្រូវ សន្សំប្រាក់បានជាង១៦លានរៀលក្នុងមួយរដូវ
23, Apr 2018 ,
8:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
កណ្តាល៖ យ៉ាងហោចណាស់ លោក បាង ម៉ាត់ អាចកាត់ចំណាយបានជាង ១៦លានរៀល ឬជាង៤ពាន់ដុល្លារ ក្នុងមួយរដូវធ្វើស្រែ ដោយគ្រាន់តែច្នៃគ្រឿងយន្តបាច់ជី និងបាញ់ថ្នាំស្រូវ ជំនួសការប្រើកម្លាំងមនុស្ស។ ក្រៅពីបានជួយកាត់បន្ថយបានយ៉ាងច្រើន គ្រឿងចក្រកែច្នៃមួយនេះ ក៏ជួយឲ្យលោក ម៉ាត់ បានចំណេញពេលវេលាច្រើនផងដែរ។
លោក បាង ម៉ាត់ ជាកសិករម្នាក់ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ដែលមានដីស្រែចំនួន៤៦ហិកតា។ ជាទូទៅ ក្នុងមួយរដូវធ្វើស្រែ លោក ម៉ាត់ ត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់លើកម្លាំងពលកម្ម ការថែទាំ និងប្រឈមនឹងផលប៉ះពាល់សុខភាពច្រើន ទម្រាំស្រូវបានផល។ ព្រោះតែចង់កាត់បន្ថយការចំណាយទើប លោក បាង ម៉ាត់ បាន ដំឡើងគ្រឿងយន្តមួយគ្រឿងដោយខ្លួនឯង ទុកប្រើប្រាស់សម្រាប់បាញ់ថ្នាំ និងបាចជីស្រូវ ជំនួសឲ្យការប្រើកម្លាំងមនុស្ស។ លោក ម៉ាត់ បញ្ជាក់៖ «ខ្ញុំមើលគំរូគ្រឿងចក្រនេះ ពីប្រទេសវៀតណាម នៅពេលដែលខ្ញុំទៅទិញគ្រឿងដែកនៅប្រទេសនោះ។ លោកចំណាយពេលរកវត្ថុធាតុដើម ដែក និងការដំឡើង ប្រមាណ២៥ថ្ងៃ ហើយចំណាយទុនអស់ប្រមាណ៦៣០០ដុល្លារ»។
ការប្រើប្រាស់គ្រឿងយន្តនេះ បានជួយកាត់បន្ថយការចំណាយរបស់លោក ម៉ាត់ យ៉ាងច្រើន ថែមទាំងមិនសូវមានផលប៉ះពាល់ដល់សុខភាពមនុស្ស ដែលត្រូវបាញ់ថ្នាំ បាចជីស្រូវច្រើនដូចពីមុននោះ។ លោក បាង ម៉ាត់ បញ្ជាក់៖« គ្រឿងយន្តមួយនេះជួយបានច្រើនមែនទែន កាត់បន្ថយការចំណាយកម្លាំងមនុស្ស និងប្រាក់ ជួយដល់សុខភាព និងពេលវេលា។ ឥឡូវយើងពិបាករកកម្លាំងមនុស្សមកធ្វើការងារស្រែចម្ការខ្លាំងណាស់ ព្រោះគេចំណាកស្រុក និងធ្វើការរោងចក្រអស់ហើយ»។
តាមលោក ម៉ាត់ ក្នុងមួយរដូវស្រូវដែលមានអាយុ៣ខែ ត្រូវបាញ់ថ្នាំ និងបាចជី ពី៥ទៅ៦ដង ហើយការបាញ់ថ្នាំ និងបាចជីម្តងៗ ត្រូវចំណាយថវិកាប្រមាណ៣.៤លានរៀល ឬស្មើនឹងជាង៨៥០ដុល្លារ លើកម្លាំងពលកម្ម។ ប៉ុន្តែបើប្រើគ្រឿងចក្រវិញ លោក ម៉ាត់ថា ចំណាយពេលតិច ហើយត្រូវការមនុស្សតែ២នាក់ប៉ុណ្ណោះ។ ចំណែកការចំណាយវិញ គឺអស់តែថ្លៃប្រេងជាង ៨ម៉ឺនរៀលប៉ុណ្ណោះ លើការបាញ់ថ្នាំ និងបាចជី ម្តងៗ។ លោក បាង ម៉ាត់ បញ្ជាក់៖«បើប្រើកម្លាំងមនុស្សបាញ់ថ្នាំ គេស៊ីមួយធុងស្ពាយក្រោយហ្នឹង៤ពាន់រៀល។ មួយថ្ងៃគេអាចបាញ់បានចន្លោះពី១០ធុង ទៅ២០ធុង ទៅតាមកម្លាំងរបស់គេ ហើយបាញ់មួយអាទិត្យទើបហើយ។ បើបាចជីវិញ ក្នុងមួយថ្ងៃខ្ញុំឲ្យគេ ៥ម៉ឺនរៀល។ នេះសម្រាប់អ្នកខំធ្វើការ ហើយមួយថ្ងៃ ត្រូវការមនុស្សពី១០ ទៅ១២នាក់។ បាច៣ថ្ងៃហើយ។ ដូច្នេះបើគិតក្នុងមួយរដូវ ដី៤៦ហិចតានេះ អស់ច្រើន»។
ក្រៅពីប្រើសម្រាប់បាញ់ថ្នាំ និងបាចជីស្រូវ លោក ម៉ាត់ថា គ្រឿងយន្តនេះ ក៏អាចព្រោះស្រូវ និងបាញ់ថ្នាំលើដំណាំផ្សេងទៀតដែរ ដូចជា ពោត និងស្វាយជាដើម។
កសិកររូបនេះបញ្ជាក់ថា ប្រសិនបើមានកសិករខ្មែរណា ចង់ឲ្យលោកដំឡើងគ្រឿងចក្រនេះ សម្រាប់ការងារកសិកម្ម លោកអាចដំឡើងឲ្យបាន ដោយយកសោហ៊ុយថ្លៃកម្លាំងប្រមាណ ៤ ទៅ ៥០០ដុល្លារអាមេរិក អាស្រ័យលើពេលវេលា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គ្រឿងយន្ត
កសិកម្ម
កសិករ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម