អន្តរជាតិ
លោក ត្រាំ ថា ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​អាច​ជោគជ័យ ហើយក៏​អាច​អត់​
23, Apr 2018 , 10:19 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព AFP)
ប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព AFP)
ដោយ: ថ្មីៗ
​នៅមុន​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែមេសា បានបង្ហាញ​ជំហរ​ប្រុងប្រយ័ត្ន​ជុំវិញ​ការចរចា​នេះ និង​បាន​លើកឡើងថា ការជជែក​ជាមួយ​កូរ៉េខាងជើង​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​អាច​នឹងមិន​ជោគជ័យ​តាម​ការចង់​បានឡើយ​។ លោក ត្រាំ លើកឡើង​បែបនេះ តែមួយ​ថ្ងៃក្រោយ​កូរ៉េខាងជើង​ប្រកាស​ឈប់​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​។ នេះ​ជា​សម្បទាន​ដ៏​ធំ​មួយ​របស់​កូរ៉េខាងជើង​មុន​ជំនួប​ខាងមុខ​។​



«​យើង​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ទៀត​លើ​ការបញ្ចប់​បញ្ហា​ជាមួយ​កូរ៉េខាងជើង​»​។ នេះ​ជា​សំណេរ​លើ​បណ្ដាញ​សង្គម Twitter របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែមេសា ជុំវិញ​ការរំសាយ​នុយ​ក្លរ​អ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ នេះ​មានន័យថា ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កន្លងមក នៅតែ​អាច​បរាជ័យ​ដដែល ទោះជា​មានការ​ប្រឹងប្រែង​ខ្លាំង​ពី​ភាគី​ទាំងឡាយ​ក្ដី​។

​នៅ​ថ្ងៃទី​២១ ខែមេសា កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​លែង​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៀតហើយ និង​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ផងដែរ​។ ទោះជា​កូរ៉េខាងជើង​ផ្លាស់ប្ដូ​ជំហរ​បែបនេះ​ក្ដី លោក ត្រាំ នៅតែ​មិនទាន់​ជឿជាក់ថា ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​អាច​សម្រេចបាន​លទ្ធផល​វិជ្ជមាន​ឡើយ​។ ក្នុង​សំណេរ​ដដែល ប្រធានាធិបតី​អាមេរិក​និយាយថា បញ្ហា​អាច​ដោះស្រាយបាន ហើយ​ប្រហែលជា​មិនអាច​ដោះស្រាយ​បានដែរ ហើយ​មានតែ​ពេលវេលា​នឹង​ប្រាប់​ពីអ្វី​ដែល​កើតឡើង​។​



​ត្រង់ចំណុច​នេះ លោក ត្រាំ បាន​រិះគន់​ប្រធានាធិបតី​អាមេរិក​មុន ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ស្រេចបាច់ និង​ទុក​ឲ្យ​បញ្ហា​កើត​ឡើងដល់​សព្វថ្ងៃនេះ​។ លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ លោក​សង្កត់ធ្ងន់ថា អ្វីដែល​លោក​កំពុង​ធ្វើ គួរ​ត្រូវបាន​ដោះស្រាយ​តាំងពី​យូរ​មកហើយ​។​

​ជុំវិញ​ការប្រកាស​ផ្អាក​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើង លោក ត្រាំ អះអាងថា អាមេរិក​មិនបាន​ធ្វើ​អ្វី ឬ​ផ្ដល់​អ្វី​ឲ្យ​កូរ៉េខាងជើង​ឡើយ​។ តាមរយៈ​សារ​មួយទៀត​លើ Twitter ផ្ទាល់ខ្លួន ប្រធានាធិបតី​រូបនេះ​បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង ដោយ​បន្ថែមថា អាមេរិក​មិនបាន​បោះបង់​អ្វី​សោះឡើយ ហើយ​កូរ៉េខាងជើង​ក៏បាន​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ បិទ​ទីតាំង​សាកល្បង និង​មិន​ធ្វើតេស្ត​អាវុធ​អ្វី​ឡើយ​។

​លោក ត្រាំ គ្រោង​ជួប​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ដំណាច់​ខែឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​។ ការប្រកាស​ឈប់​សាកល្បង​អាវុធ​ពី​សំណាក់​កូរ៉េខាងជើង បានធ្វើ​ឲ្យ​ក្ដីសង្ឃឹម​នៃ​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​មាន​ពន្លឺ​ខ្លាំង​។ មុន​ជួប​លោក ត្រាំ លោក គីម នឹង​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែមេសា សិន​។ លទ្ធផល​នៃ​ជំនួប​នេះ នឹង​ក្លាយជា​ម៉ែត្រ​វាស់​ស្ទង់​ជោគជ័យ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅពេល​ខាងមុខ​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com