សត្វ​ផ្សោត កំពុង​ប្រឈម​នឹង​ការគំរាមកំហែង នៅ​ទន្លេមេគង្គ​
ជាតិ
សត្វ​ផ្សោត កំពុង​ប្រឈម​នឹង​ការគំរាមកំហែង នៅ​ទន្លេមេគង្គ​
24, Apr 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សត្វ​ផ្សោត​ចំនួន​៩២​ក្បាល កំពុង​រង​ការគំរាមកំហែង នៅតាម​ដង​ទន្លេមេគង្គ​ចន្លោះ​ចម្ងាយ​១៩០ គីឡូម៉ែត្រ ចាប់ពី​អន្លង់​កាំ​ពី ខេត្តក្រចេះ រហូតដល់​ល្បាក់ទឹក​ខោ​ន ក្នុងប្រទេស​ឡាវ​។ សត្វ​ផ្សោត​ទាំងនោះ ត្រូវ​បានទទួល​ការការពារ និង​ការអភិរក្ស ដោយ​អង្គការ WWF និង​រដ្ឋបាល​ជន​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​។



​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​សត្វ​ផ្សោត​ទន្លេមេគង្គ លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សត្វ​ផ្សោត ប្រឈម​នឹង​ការគំរាមកំហែង ដោយសារ​តែមាន​សកម្ម​ភាពខុស​ច្បាប់ ដោយ​ប្រើ​មង​នេសាទ​ដើម្បី​ទាក់​យក​សត្វ​ផ្សោត និង​ប្រើ​ឧបករណ៍​ឆក់ គ្រាប់បែក​កែច្នៃ នុយ​នេសាទ​បំពុល និង​សកម្មភាព​ទេសចរណ៍ និង​បណ្តា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​សាងសង់​។​



​នាយក​អង្គការ WWF រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យ៉ាងហោចណាស់ មាន​សត្វ​ផ្សោត​ចំនួន​៦​ក្បាល គិត​ជាធ​ម្យ​ម​គឺ ២,១ ភាគរយ ត្រូវបាន​សា្ល​ប់​ក្នុង​មួយឆ្នាំៗ ហើយ​ភាគច្រើន​ស្លាប់​ដោយសារ​តែមាន​អាយុកាល​វែង និង​សកម្មភាព​របស់​មនុស្ស​»​។ បើតាម​លោក សេង ទៀក សត្វ​ផ្សោត​ដែល​បាន​ស្លាប់ ដោយសារ​សកម្មភាពរ​ប​ស់មនុស្ស ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​នីតិ​ច្បាប់​។

​សត្វ​ផ្សោត ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ (IUCN) និង​ត្រូវបាន​ចាត់ទុកថា ជា​សត្វ​ដែល​ងាយ​នឹង​ផុត​ពូជ​បំផុត  ហើយ​ប្រឈម​នឹង​ការគំរាមកំហែង​ផងដែរ​។  បើតាម​របាយការណ៍រ​បស់​អង្គការ   WWF សត្វ​ផ្សោត​ទូទាំង​សកល មាន​ចំនួន​៧​ប្រភេទ ក្នុងនោះ​មាន​សត្វ​ផ្សោត​៤​ប្រភេទ រស់នៅក្នុង​ទីជម្រក​ទឹកសាប និង​៣​ប្រភេទ​ទៀត មាន​ទីជម្រក​នៅ​សមុទ្រ​ទឹកប្រៃ​៕






Tag:
 សត្វ​ផ្សោត​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com