អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានបទ​អ្វីខ្លះ​អាច​នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នៅ​សិង្ហ​បុរី​?
24, Apr 2018 , 10:12 am        
រូបភាព
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ចាប់ពី​ថ្ងៃ​សុក្រ​ទី ២៧ ដល់​ថ្ងៃ​សៅរ៍​ទី ២៨ មេសា​នេះ​។ ក្នុង​កិច្ចប្រជុំ​នេះ គេ​រំពឹងថា មេដឹកនាំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា និង​បញ្ហា​ពាណិជ្ជកម្ម រួមទាំង​ការលើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ជីវភាព​ប្រជាជន​អាស៊ាន​ផង​។ សិង្ហ​បុរី​ក៏​នឹង​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​បន្ត​ស្វះស្វែង​ជំរុញការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ដែល​ធានា​គុណភាព និង​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់​ផងដែរ​។



​មេដឹកនាំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ជួបជុំគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ដែលមាន​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​ជា​ប្រធាន​នោះ​។ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ សិង្ហ​បុរី​ដែលជា​ប្រធាន​ប្តូរ​វេន នឹង​ប្រឈម​បញ្ហា​ច្រើន​ដែរ​ជាពិសេស​ជម្លោះ​អធិបតេយ្យ វិបត្តិ​មនុស្សធម៌ និង​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​ស្នូល​អាស៊ាន (ASEAN Centrality)​។ 

​ប៉ុន្តែ​សិង្ហ​បុរី ក៏​នឹង​ឆ្លៀតឱកាស​យក​អំណាច​ជា​ប្រធាន​អាស៊ាន​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្លាស់ប្តូរ​តំបន់​អាស៊ាន​ឲ្យ​ទៅជា​តំបន់​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្ពស់ ហើយ​អភិបាលកិច្ច​រឹងមាំ មាន​ត​ម្លាភាព និង​ប្រសិទ្ធភាព​។ បុរី​រដ្ឋ​សិង្ហ​បុរី​រំពឹងថា ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​មេដឹកនាំ​អាស៊ាន​នេះ សុខុមាលភាព​ប្រជាជន​អាស៊ាន​នឹងត្រូវ​បានការ​ពារ និង​លើកកម្ពស់ ហើយ​គុណភាព​ជីវិត​របស់​ពួកគេ​ទាំងអស់​ក៏​កាន់តែ​ប្រសើរឡើង​ដែរ​។ 

១.​សិង្ហ​បុរី​ជ្រើស​មូលបទ «​អាស៊ាន​ដែល​រឹងមាំ និង​មានការ​ច្នៃប្រឌិត​ថ្មី​»
​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ បច្ចេកវិទ្យា​ជា​​គ​ន្លឺះ​សម្រាប់​អាស៊ាន​។ ដូច្នេះហើយ​ទើប​សិង្ហ​បុរី​ជ្រើស​រើសយក​មូលបទ​មួយ​ដែលមាន​ឈ្មោះថា​៖« អាស៊ាន​ដែល​រឹងមាំ និង​មានការ​ច្នៃប្រឌិត​ថ្មី​»​។

​បើតាម​មូលបទ​នេះ សិង្ហ​បុរី​បាន​លើកសំណើ​ពី​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​រួចទៅហើយ​កន្លងមក ហើយ​គំនិត​របស់​សិង្ហ​បុរី​នេះ​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អាស៊ាន​។​

​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ខែកុម្ភៈ​កន្លងមកនេះ រដ្ឋមន្ត្រី​អាស៊ាន​បាន​ឯកភាពគ្នា​ថា អាស៊ាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​អស់​លទ្ធភាព និង​ជំរុញ​ឲ្យ​ការច្នៃប្រឌិត​ថ្មី​ឲ្យ​បាន​ខ្លាំងក្លា​ផង​ព្រោះ​វា​ជួយ​ផ្លាស់​ប្តូរជីវិត​ប្រជាជន​អាស៊ាន​។ ដូច្នេះហើយ​មេដឹកនាំ​អាស៊ាន​ក៏​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​សិង្ហ​បុរី​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​ដែរ​។​

​មកដល់​បច្ចុប្បន្ន​ប្រទេសមួយ​ចំនួន​នៅ​អាស៊ាន​រួម​សិង្ហ​បុរី​ខ្លួនឯង​ផង​នោះបាន​ប្រើប្រាស់ប្រព័ន្ធ​ឌីជីថល​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈមរបស់​ពលរដ្ឋ​ជាពិសេស​បញ្ហាអ្នករស់នៅ​​ក្នុង​ទីក្រុង​ផង​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា វា​នៅតែមាន​គម្លៀត​ខ្លាំង​រវាង​ប្រទេស​អាស៊ាន។ នេះក៏ដោយសារ ​ក្នុង​តំបន់អាស៊ាន​ទាំងមូល ទីក្រុង​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​មានតែ​នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ប៉ុណ្ណោះ​។ នេះ​ក៏​ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​ការបង្កើត​ទីក្រុង​ឆ្លាត​នេះដែរ​។​

​យ៉ាងណាមិញ​មេដឹកនាំ​អាស៊ាន​បានបង្ហាញ​សុទិដ្ឋិនិយម​ថា វា​គ្មាន​ប្រទេស​ណាមួយ​នៅក្នុង​អាស៊ាន​ត្រូវ​ដើរ​ក្រោយ​គេ​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​នេះឡើយ​។  គេ​ក៏​រំពឹង​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​នេះ​ក៏​បំផុស​ឲ្យ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ប្រឹងប្រែង​ប្រកួតប្រជែង​គ្នា​ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​មហិច្ឆតា​នេះ​។

​ឧទាហរណ៍​ជាក់ស្តែង រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​រដ្ឋធានី​ហ្សា​ការ​តា​ទៅជា​ទីក្រុង​ឆ្លាត ហើយ​គោលនយោបាយ​ជាច្រើន​ត្រូវបាន​ដាក់ចេញ​ដើម្បី​សម្រេច​គោលដៅ​។  ចំណែក​ថៃ​កំពុង​បន្ត​អនុវត្ត​គម្រោង​ទីក្រុង​ឆ្លាត Saensuk ដែល​ផ្តោត​សំខាន់​ការដោះស្រាយ​បញ្ហា​សុខុមាលភាព​ប្រជាជន​ខណៈដែល​មាន​កំណើន​ចាស់ជរា​កើនឡើង​នោះ​។ ចំណែក​ហ្វីលីពីន​ក៏​កំពុង​បន្ត​អនុវត្ត​គម្រោង​ទីក្រុង​ស្អាត Davao ដោយ​គម្រោង​នេះ​ផ្តោត​សំខាន់​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​បញ្ហា​អាសន្ន ធានា​សុវត្ថិភាព​សាធារណៈ និង​សន្តិសុខ​ផងដែរ​។ នៅ​វៀតណាម​ឯណោះ​វិញ ក្រុង​ដា​ណា​ង ក្លាយជា​គោលដៅ​នៃ​គម្រោង​ទីក្រុង​ឆ្លាត ហើយ​គេ​រំពឹងថា ត្រឹម​ឆ្នាំ ២០២៥ ទីក្រុង​នេះ​នឹង​ក្លាយជា​ទីក្រុង​ឆ្លាត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​សមត្ថភាព​គ្រប់គ្រង​សំណល់ និង​គុណភាព​ខ្យល់​ផង​។ 

២. អាស៊ាន​៖ សមាហរណកម្ម​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​សេរី និង​សង្គ្រាម​ពាណិជ្ជកម្ម​

​បន្ត​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សេរី​នៅតែ​ជា​ផ្លូវ​ដ៏​សំខាន់​របស់​អាស៊ាន​។ ក្នុង​កិច្ចប្រជុំ​ខាងមុខ អាស៊ាន​នឹង​បន្ត​គាំទ្រ​ឲ្យ​ដំណើរការ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ និង​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​អាស៊ាន និង​ក្រៅ​អាស៊ាន​ជាពិសេស​បង្កើត​ពាណិជ្ជក​ម្ម​សេរី​ជាដើម​។

​មេដឹកនាំ​អាស៊ាន​នឹង​ពិភាក្សា​ពី​ការវិវត្ត និង លទ្ធភាព​ក្នុងការ​បញ្ចប់​ការចរចា​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP)​។ លើសពីនេះ​មេដឹកនាំ​ទាំងនោះ​នឹង​ប្រកាស​លើកទឹកចិត្ត​បន្ថែម​ឲ្យ​ភាគ​ពាក់ព័ន្ធ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ដែរ​ជាពិសេស​អាច​បញ្ចប់​ត្រឹម​ចុង​ឆ្នាំនេះ​ផង​។​
 
​យ៉ាង​មិញ ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សាកល រួមជាមួយ​ការប្រើប្រាស់​គោលនយោបាយ​គាំពារ​និយម និង​ការកើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​អាមេរិក ក៏​ក្លាយជា​ក្តីកង្វល់​របស់​អាស៊ាន​ដែរ​។  អាមេរិក និង​ចិន​បន្ត​គំរាម​គ្នា​ទៅវិញទៅមក​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម ហើយ​ថ្មីៗ​នេះ​មហាអំណាច​ទាំងពីរ​បាន​ដំឡើង​ពន្ធ​ទំនិញ​ដើម្បី​ប្រឆាំង​គ្នា​ទៅវិញ​មក​រួចហើយ​ដែរ​។ ហើយ​ភាគី​ទាំងពីរ​អាច​នឹង​ប្រើប្រាស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​គ្នា​ទៅវិញទៅមក​ផង​។

​បើសិនជា​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ ការអភិវឌ្ឍ និង​សមាហរណកម្ម​របស់​អា​ស៊ាន​និង​សមាជិក​នីមួយ​នឹងៗ រង​ផលប៉ះពាល់ ឬ​អាច​ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។ ដូច្នេះ សិង្ហ​បុរី​ជា​ប្រធាន និង​សមាជិក​អាស៊ាន​ទាំង​ប្រាំបួន​នឹង​ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​អំពាវនាវ​ឲ្យ​មហាអំណាច​អាមេរិក និង​ចិន បញ្ឈប់​ការប្រឈមមុខគ្នា​រឿង​ពាណិជ្ជកម្ម បញ្ចប់​ការប្រើប្រាស់​គោលនយោបាយ​គាំពារ​និយម និង​បន្ត​គាំទ្រ​ពាណិជ្ជកម្ម​សេរី​ដែរ​។

​សូម​រម្លឹក​បន្តិច​ថា មហា​យក្ស​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ដោយ​នៅក្នុង​ឆ្នាំ ២០១៥ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ ៣៤៥,៧៤ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ចំ​ណែក​អាមេរិក​ឯណោះ​វិញ ក៏​ជា​ដៃគូ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​របស់​អាស៊ាន​ និង​មាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង ២១២,៣៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ​។​

៣.​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ប្រធានបទ​ក្តៅ ខណៈ​ស្ថានភាព​កូរ៉េ​ស្ថិតក្រោម​ការតាមដាន​ស​ម្រា​ប់​អាស៊ាន​

​បណ្តា​ប្រទេស​អាស៊ាន​ក៏​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​សន្តិសុខ​តំបន់ និង​ការរក្សា​ស្ថិរភាព និង​សន្តិភាព​ផងដែរ​។ គេ​រំពឹងថា មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នឹង​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​សន្តិសុខសម្រាប់​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​។

​ជារួម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​និង​គួរ​ឲ្យ​បារម្ភ​ខ្លាំងជាងគេ បើទោះបីជា​វា​ស្ងប់ស្ងាត់​មួយរយៈ​ពេលដែល​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​ក៏ដោយ​។ ឆ្នាំមុន អាស៊ាន​នៅ​រក្សា​ជំហរ​ទន់ភ្លន់​ដាក់​ចិន ហើយ​គេ​ឃើញ​មានការ​អំពាវនាវ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ឲ្យ​មានការ​បញ្ឈប់​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ភាគី​ផងដែរ​។ គ្មាន​ការហៅ​ឈ្មោះ​ចិន​ចំៗ​ក្នុង​សេចក្តីថ្លែងការណ៍​ឡើយ​។ 

​សម្រាប់ សិង្ហ​បុរី​វិញ​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​ដែល​លំបាក​ដោះស្រាយ​ខ្លាំង ប៉ុន្តែ​នាយក​រដ្ឋ​ម​ន្ត្រិ​សិង្ហ​បុរី លី សៀន​ឡុង​បានប្រកាស​ស្រេច​ទៅហើយ​ថា សណ្តាប់ធ្នាប់​តំបន់​ដែល​ផ្អែកលើ​ច្បាប់​ជា​ចំណុច​ស្នូល​នៃ​ភាពជា​អ្នកដឹកនាំ​អាស៊ាន​របស់​សិង្ហ​បុរី​លើក​នេះ​។ វា​បង្ហាញថា សិង្ហ​បុរី​នឹង​ការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ ដើម្បី​ឆ្លើយ​ប​តប​ជាមួយ​សកម្មភាព​បង្ករឿង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​ការធ្វើ​យោ​ធូប​នីយកម្ម និង​កសាង​កោះ​សិប្បនិម្មិត​ជាដើម​។  ក្រៅពីនេះ សិង្ហ​បុរី​នឹង​បន្ត​ជំរុញ​ឲ្យ​ភាគី​បង្កើត​ក្រម​ប្រតិបត្តិ (COC) ឲ្យ​បាន​ឆាប់ ក៏ដូចជា​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​តាមច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​សមុទ្រ (UNCLOS) ដែរ​។​

 ខណៈ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ក្តៅ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែល​ធ្លាប់តែ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ហាក់​ទទួលបាន​សញ្ញា​វិជ្ជមាន​ច្រើន​ហើយ​មកដល់​បច្ចុប្បន្ន ក្រោយ​កូរ៉េខាងជើង​ប្រកាស​ចរចា និង​ឈប់បាញ់សាកល្បងមីស៊ីល និងផលិតអាវុធ​នុយក្លេអ៊ែរ​ផង​ដោយ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​សាំ​ញាំ​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ពេលដែល​មេដឹកនាំ​អាស៊ាន​ជួបជុំគ្នា​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ លោក គីម ជុង​អ៊ុន ក៏​នឹង​ជួបចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន​ដែរ​នៅ​តំបន់​គ្មាន​យោធា​ប៉ាន់​មុន​ជុម ។ ប៉ុន្តែ​មេដឹកនាំ​អាស៊ាន​នៅ​រង់ចាំ​តាមដាន​មើលថា ការចរចា​នេះ​នឹងមាន​វិ​វត្ត​បែបណា ហើយ​វា​នឹង​ផ្តល់​ភាព​វិជ្ជមាន​ឬ​អត់​ចំពោះ​ជំនួប​រវាង​លោក គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ នៅពេល​ខាងមុខ​ផង​នោះ​។​

៤. សិង្ហ​បុរី​ជំរុញ​ការដោះស្រាយ​វិបត្តិ រ៉ូ​ហ៊ីង​យ៉ា ភេរវកម្ម និង​សង្គ្រាម​អ៊ីនធឺណិត
​ក្រៅពី​កូរ៉េខាងជើង និង​សមុទ្រ​ចិន​ខាងត្បូង វិបត្តិ​ជនភៀសខ្លួន និង​ជម្លោះ​ហិង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅតែ​បញ្ហា​គួរ​ឲ្យ​បារម្ភ ហើយ​វា​ក៏​ធ្វើ​ឲ្យ​អាស៊ាន​បាត់បង់​តម្លៃ​ព្រោះ​រង​ការរិះគន់​ខ្លាំង​ដែរ​។​

​ប្រធាន​អាស៊ាន​ឆ្នាំមុន ហ្វីលីពីន​បានជ្រើសរើស​យក​ការអនុវត្ត​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក ដែល​វា​មានន័យថា អាស៊ាន​មិន​លូកលាន់​ក្នុង​បញ្ហា​ដែល​កើតឡើង​នៅ​រដ្ឋ Rakhine ឡើយ ទាំង​ដែល​គេ​ដឹង​ច្បាស់​ថា កងទ័ព​មី​យ៉ាន់​ម៉ា​កំពុង​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច ឬ​អាច​ចាត់​ចូល​ជាការ​បោសសម្អាត​ជនជាតិភាគតិច​ហើយ​នោះ​។  អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គ្មាន​សេចក្តីថ្លែងការណ៍​រួម​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ ព្រោះ​ម៉ាឡេស៊ី​ដែល​តែងតែ​ទិតៀន​មី​យ៉ាន់​ម៉ា​ខ្លាំងជាងគេ​នោះ​ប្រឆាំង​។ ប៉ុន្តែ​ប្រធាន​អាស៊ាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដាច់ដោយឡែក​ជុំវិញ​បញ្ហា​នេះ​។

​ឆ្នាំ ២០១៨ នេះ សិង្ហ​បុរី​ប្រហែលជា​មិន​រក្សា​ជំហរ​ស្ងៀមស្ងាត់​ពេក​ទេ ហើយក៏​ប្រហែលជា​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល និង​លើកទឹកចិត្ត​ឲ្យ​សមាជិក​អាស៊ាន​គាំទ្រ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងស្រុក​នេះ​ផង​។​

​ទុក​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ត្រឹមនេះ​ចុះ ។ បញ្ហាសំខាន់​មួយទៀត​សម្រាប់​កិច្ចប្រជុំ​ក្នុងចំណោម​មេដឹកនាំ​អាស៊ាន​គឺ ប្រឆាំង​ចលនា​ភេរវកម្ម​។ ការវាយប្រហារ​របស់​ភេរវជន​ដែលជា​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្រុង​ម៉ា​រ៉ាវី ជា​ស្នូរ​ជួង​ដាស់​អាស៊ាន​។ អាស៊ាន​មិនមាន​ប្រព័ន្ធ​ភាពស៊ាំ​រួច​ផុតពី​ក្រុម​ភេរវជន​ឡើយ ប៉ុន្តែ​អាស៊ាន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ បើសិនជា​ប្រទេស​សមាជិក​ទាំងអស់​រួម​សាមគ្គី​គ្នា និង​កសាង​សមត្ថភាព​ប្រឆាំង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នេះ​​។

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ សិង្ហ​បុរី​មាន​បំណង​លើកទឹកចិត្ត​ឲ្យ​សមាជិក​អាស៊ាន​បន្ត​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ភេរវកម្ម និងទប់ស្កាត់​ការប្រើប្រាស់​អាវុធ​គីមី ក៏ដូចជា​សន្តិសុខ​អ៊ីនធឺណិត​ដែរ​។ កន្លងមកនេះ រដ្ឋ​សមាជិក​អាស៊ាន​បាន​ឯកភាពគ្នា​ពង្រឹងកិច្ចសហប្រតិបត្តិការចែករម្លែកព័ត៌មាន​ចារកម្ម និង​ការគ្រប់គ្រង​ព្រំដែន និង​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន ការជួញដូរ​មនុស្ស​ឬ​អាវុធ និង​ភេរវកម្ម​រួចរាល់​ហើយ​៕

Tag:
 អាស៊ាន​
  សិង្ហ​បុរី​
  ទីក្រុង​ឆ្លាត​អាស៊ាន​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com