អន្តរជាតិ
អ៊ីរ៉ង់ ប្រកាស​បើក​ពិភាក្សា​ជាមួយ​រដ្ឋ​អារ៉ាប់​ពី​បញ្ហា​សន្តិសុខ​តំបន់​ដើម្បី​បញ្ចប់​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​តំបន់​
25, Apr 2018 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ អ៊ីរ៉ង់​បានប្រកាស​បើកចំហរ​សម្រាប់​ការពិភាក្សា​ជាមួយ​បណ្តា​រដ្ឋ ឈូង​សមុទ្រ​ជុំវិញ​បញ្ហា​សន្តិសុខ​តំបន់​មជ្ឈិមបូព៌ា ដើម្បី​បញ្ចប់​រាល់​ផ្នត់គំនិត​ប្រជែង​គ្នា​ពង្រឹង​ឥទ្ធិពល និង​គ្រប់គ្រង​ក្នុង​តំបន់​ទាំងមូល​។ បើ​ផ្នត់គំនិត​បែបនេះ​មិន​បញ្ចប់ តំបន់​គ្មាន​ស្គាល់​សន្តិភាព​ឡើយ​។



​ថ្ងៃ​អង្គារ​ទី ២៤ ខែមេសា រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ចា​វ៉ា​ត់ ហ្សា​រី​វ (Javad Zarif) បានប្រកាស​អញ្ជើញ​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ឲ្យ​ចូលរួម​ការជជែក​ពិភាក្សា​ដោយ​បើកចំហ​រលើប​ញ្ហា​សន្តិសុខ​តំបន់​។ គោលដៅ​នៃ​ការអញ្ជើញ​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​បង្កើត​ឱកាស​ជួបពិភាក្សា​គ្នា​ទល់មុខ​ដើម្បី​បញ្ចប់​រាល់​ការមើលឃើញ​គ្នា​ជាស​ត្រូវ និង​ប្រកួតប្រជែង​កសាង​ឥទ្ធិពល​រៀងខ្លួន​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​រដ្ឋមន្ត្រី​ខាងលើ​ពេល​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ដូច្នេះ​៖ «​យើង​នៅទីនេះ​អញ្ជើញ​ប្រទេសជិតខាង​របស់​យើង​ទាំងអស់ ដែល​មើលឃើញ​បញ្ហា​ប្រឈម​ច្រើនជាង​ពិសេស​ជម្លោះ និង​សង្គ្រាម​ក្នុង​តំបន់​ឲ្យ​ចូលរួម​ជាមួយ​យើង​។ វា​ជា​ពេលដែល​ត្រូវ​ដើរចេញ​ឲ្យ​ផុតពី​ផ្នត់គំនិត​ប្រជែង​ឥទ្ធិពល​គ្រប់គ្រង​តំបន់​ដែល​បញ្ឆេះ​ជម្លោះ និង​សង្គ្រាម​ហើយ​»​។​

 លោក ហ្សា​រី​វ បាន​ពន្យល់ថា វា​គួរតែ​បញ្ចប់​ការព្យាយាម​ពង្រឹង​សន្តិសុខ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​សន្តិសុខ​ប្រទេស​ដទៃ​នោះ ហើយ​វា​ដល់ពេល​បញ្ចប់​ក្រុម​សម្ព័ន្ធ​សន្តិសុខ ដោយ​ជំនួស​វិញ​នូវ​ការបង្កើត​បណ្តាញ​សន្តិសុខ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​វិញ​ម្តង​។​

​អ៊ីរ៉ង់​ប្រកាស​បើកចំហរ​ចំពោះ​ការពិភាក្សាគ្នា​នេះ កើតឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​សម​ភាគី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​នៅ​វ៉ាស៊ីនតោន​។ ពេលនោះ​លោក ត្រាំ បាន​ទិតៀន​អ៊ីរ៉ង់​ជាថ្មី​ដោយ​លោក​និយាយថា រាល់​ជម្លោះ​នៅ​មជ្ឈិមបូព៌ា សុទ្ធ​តែមាន​ស្នាម​ម្រាមដៃ​អ៊ីរ៉ង់​។ លោក​ក៏​គំរាម​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ផង​ដោយ​លោក​អះអាងថា កិច្ចព្រមព្រៀង​នេះ​មិន​ដាក់​គំនាប​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ទប់ស្កាត់​សកម្មភាព​បង្ករឿង​របស់​អ៊ីរ៉ង់​នៅ​ស៊ី​រី យេ​ម៉ែន​និង​លី​បង់​ឡើយ​។​

​តាមពិតទៅ​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​របប​ដឹកនាំ​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ ហើយ​រដ្ឋ​ឥស្លាម​នេះ​ក៏​គាំទ្រ​ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់ និង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី នៅ​យេ​ម៉ែន​ផងដែរ​។ អង្គការ​សហ​ប្រជាជន​កំពុង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជំរុញ​ការចរចា​នយោបាយ​នៅ​យេ​ម៉ែន​ដើម្បី​បញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ  ជាពិសេស​ការបន្ត​ប្រយុទ្ធ​គ្នា និង​ការទម្លាក់​គ្រាប់បែក​ដោយ​រដ្ឋ​ឈូង​សមុទ្រ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ពាក់ព័ន្ធ​នឹង​វិបត្តិ​យេ​ម៉ែន​នេះ មន្ត្រី​ទូត​អង្គការសហប្រជាជាតិ​បាន​បង្ហើប​ថា អ៊ីរ៉ង់​បង្ហាញ​ការត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចាប់ផ្តើម​ដាក់​ស​ម្ពា​ធ​លើ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ឲ្យ​ត្រឡប់​ចូល​តុ​ចរចា​វិញ ដើម្បី​បង្ហាញ​ទៅកាន់​លោកខាងលិច​និង​រដ្ឋ​ឈូង​សមុទ្រ​ថា ខ្លួន​មិន​បង្កបញ្ហា​ដោយ​ពួកគេ​ចោទ​ឡើយ​៕


Tag:
 អ៊ីរ៉ង់​
  មជ្ឈិមបូព៌ា​
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com