អន្តរជាតិ
កូរ៉េខាងជើង​ប្រាប់​អាមេរិក​៖ កុំ​ព្យាយាម​ធ្វើជា​ចៅក្រម​សិទ្ធិមនុស្ស ហើយ​មើល​បញ្ហា​ខ្លួនឯង​ផង​
25, Apr 2018 , 10:39 pm        
រូបភាព
​របប​ដឹកនាំ​កូរ៉េខាងជើង​បាន​ថ្កោលទោស​របាយការណ៍​សិទ្ធិមនុស្ស​របស់​អាមេរិក​ដែល​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​។ កូរ៉េខាងជើង​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​អាមេរិក មុន​ពេលដែល​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន មកដល់​។​



​ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ចេញ​របា​យ​ការណ៍​សិទ្ធិមនុស្ស​ឆ្នាំ ២០១៧ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ដោយ​របា​យ​ការណ៍​នេះ​បាន​ពណ៌​នាពី​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​របប​ផ្តាច់ការ​កូរ៉េខាងជើង ក្នុងនោះ​មានការ​ប្រហារជីវិត ធ្វើ​ទារុណកម្ម និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ទូទាំងប្រទេស​ផង​នោះ​។​

​នៅ​ថ្ងៃ​អង្គារ​ទី ២៤ មេសា​នេះ កូរ៉េខាងជើង​ចេញមុខ​ទិតៀន​របាយការណ៍​អាមេរិក​នេះ​ដោយ​ខឹងសម្បារ ហើយ​បាន​ចាត់ទុកថា វា​ជា​រឿង​ឆ្កួត​ឡប់ និង​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ខ្លួន​ផងដែរ​។

 ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បានចេញ​បទ​វិចារណកថា​មួយ​ដែល​ឆ្លើយតប​នឹង​របាយការណ៍​អាមេរិក ដូច្នេះ​៖«​វ៉ាស៊ីនតោន​កំពុង​តែងតាំង​ខ្លួនឯង​ជា​ចៅក្រម​កាត់ក្តី​រឿង​សិទ្ធិមនុស្ស​។ គោលដៅ​ចម្បង​របស់​មហាអំណាច​នេះ​គឺ​បង្កើត​លេស​ដើម្បី​ឈ្លានពាន​គេ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា​និង​ដាក់​សម្ពាធ​លើ​គេ​ផង​»​។​

​ក្រៅពី​រិះគន់​អាមេរិក ទីភ្នាក់ងារ​ដដែល​នោះ​ក៏បាន​ព្យាយាម​វាយប្រហារ​អាមេរិក​វិញ​ដែរ​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​កើតឡើង​នៅ​ទឹកដី​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​នេះ​ក្នុងនោះ​មាន​បញ្ហា​រ៉ាំរ៉ៃ​ពាក់ព័ន្ធ​ហិង្សា​ប្រដាប់អាវុធ ការបំពាន​ឬ​រើសអើង​សិទ្ធិ​ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ និង​បញ្ហា​អយុត្តិធម៌​ផ្សេង​ទៀតផង​។ កូរ៉េខាងជើង​បាន​ផ្តាំផ្ញើ​ឲ្យ​អាមេរិក​ដោះស្រាយ​បញ្ហា​ខ្លួនឯង​ឲ្យ​រួច​មុន​រិះគន់​គេឯង និង​កាត់ក្តី​ចំពោះ​ស្ថានភាព​ប្រទេស​ដទៃទៀត​ដែរ​។​

​យ៉ាងណាមិញ ប្រតិកម្ម​ធ្ងន់ៗ​របស់​កូរ៉េខាងជើង​ចំពោះ​របាយការណ៍​សិ​ទិ្ធ​មនុស្ស​អាមេរិក​កើតឡើង មុន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​លោក គីម ជុង​អ៊ុន (​ចន្លោះ​ចុងខែ​ឧសភា ទៅដល់​ខែមិថុនា​)​។​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថ្ងៃ​អង្គារ​ទី ២៤ មេសា​ម្សិលមិញ លោក ត្រាំ បាន​កោតសរសើរ​លោក គីម ជុង​អ៊ុន​ដែល​បង្ហាញ​ជំហរ​វិជ្ជមាន​ក្នុង​ការចរចា ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា អ្វីដែល​លោក​ចង់បាន​គឺ​ការ​កម្ទេចចោល​អាវុធ​នុយក្លេអ៊ែរ មិនមែន​ចរចា​គ្នា​ដើម្បី​ឲ្យ​ល្អមើល​ឡើយ​។​

 ការរិះគន់​របស់​កូរ៉េខាងជើង​នេះដែរ​ក៏​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ដែរ មុន​កិច្ចប្រជុំ​កំពូល​កូរ៉េ​ទាំងពីរ​ជួបគ្នា​ជា​លើក​ទី​បី ពោល​គឺជា​ពេលដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជួប​ជជែក​ទល់មុខ​គ្នា​នៅ​តំបន់​គ្មាន​យោធា​ដើម្បី​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​រវាង​កូរ៉េ​ទាំងពីរ​។ លោក មូ​ន ក៏បាន​សន្យា​លើកឡើង​ពី​ការចាប់​ជម្រិត​ជនជាតិ​ជប៉ុន​ដោយ​កូរ៉េខាងជើង​នៅក្នុង​ជំនួប​ទ្វេភាគី​នេះដែរ​។ ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ ប្រធានាធិបតី មូ​ន នឹង​ទូរ​សព្ទ​ទៅប្រាប់​លោក ដូ​ណា​ល់ ត្រាំ ដោយ​សង្ខេប​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​តាមពិតទៅ ទោះ​សង្គ្រាម​ចប់​ឆ្នាំ ១៩៥៣ មែន តាម​បច្ចេកទេស ភាគី​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​ព្រោះ​សង្គ្រាម​ពេលនោះ​បញ្ចប់​ត្រឹម​មាន​បទ​ឈប់​បាញ់​ប៉ុណ្ណោះ​មិនមែន​សន្ធិសញ្ញា​សន្តិភាព​ឡើយ​៕



Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  របាយការណ៍​សិ​ទិ្ធ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com