​ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​ប្រកួត​រៀបចំ​វត្ត​ទេសចរណ៍​គំរូ
ជាតិ
​ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​ប្រកួត​រៀបចំ​វត្ត​ទេសចរណ៍​គំរូ
26, Apr 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​យុវជន​ទេសចរណ៍​ឆ្នើម​ឆ្នាំ​២០១៨  ក្រោម​ប្រធានបទ​«​ការរៀបចំ​វត្ត​ទេសចរណ៍​គំរូ​» ដើម្បី​ប​ញ្ច្រា​ប​ការយល់ដឹង​លើ​វិស័យ​ទេសចរណ៍​ដល់​យុវជន និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការចូលរួម​របស់​យុវជន​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣ ខែមេសា​។



​តាម​សេចក្តីជូនដំណឹង​ដដែល ក្រសួង​បានកំណត់​យក វត្ត​ហរិ​រក្សា​រាជិនី​(​វត្ត​វាំង​ចាស់​) ស្ថិតក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​វត្ត​ទេសចរណ៍​គំរូ និង​ជា​វិញ្ញាសា ដែល​បេក្ខជន​ត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុងការ​រៀបចំ ឲ្យ​ទៅជា​វត្ត​ទេសចរណ៍ ដែលមាន​សក្តានុពល ដោយ​រួមបញ្ចូល​គំនិត​ស្ថាបត្យកម្ម ការអភិវឌ្ឍ​។

​បេក្ខជន ត្រូវមាន​គំនិត​រៀបចំ​កញ្ចប់​ទស្សនកិច្ច​សម្រាប់​ភ្ញៀវទេសចរ និង​រៀបចំ​វត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍ ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍វប្បធម៌​មួយ​មាន​ភាព​ទាក់ទាញ ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន ក៏ដូចជា​ចូលរួម​ក្នុង​កិច្ចការពារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​បុព្វហេតុ​សាសនា​។​

​បេក្ខជន ដែល​ចង់​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង ត្រូវតែ​ជា​និស្សិត​ឆ្នាំ​ទី​៣ ទី​៤ លើ​ជំនាញ​ស្ថាបត្យកម្ម នគ​រោ​នី​យ​វិទ្យា ទេសចរណ៍ ឬ​ជំនាញ​ប្រហាក់ប្រហែល និង​ត្រូវ​ចុះឈ្មោះ​ជា​ក្រុម ដែលមាន​សមាជិក​៤​នាក់​។ ក្រុម​នីមួយៗ ត្រូវមាន​យ៉ាងហោច​សមាជិក​ម្នាក់ រៀន​ផ្នែក​ទេសចរណ៍ និង​ស្ថាបត្យកម្ម​។ បេក្ខជន​អាច​ស្នើសុំ​ចូលរួម​ប្រកួតប្រជែង ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ដល់ ថ្ងៃទី​១២​ខែឧសភា     នៅ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍​។

​បើតាម​ក្រសួងទេសចរណ៍​ដដែល គ្រប់​ក្រុម​ទាំងអស់ ត្រូវ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់ ពី​គំនូរ ក្បាច់រចនា និង​ទីតាំង​ភូមិសាស្ត្រ ព្រមទាំង​មាន​សមត្ថភាព ក្នុងការ​រៀ​ចំ​វត្ត​ឲ្យ​ក្លាយជា​សក្តានុពល​ទេសចរណ៍ ដោយ​គូស​ប្លង់​មេ​(Master Plan) នៃ​វត្ត​ត្រូវ​សិក្សា​។ ក្រុម​នីមួយៗ ក៏ត្រូវ​ចេះ​បក​ស្រោ​យ​ពី​ចំណុចខ្លាំង​-​ខ្សោយ និង​បង្ហាញ​ពីស​ក្កា​នុព​ល​ទេសចរណ៍ ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដោយមាន​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់ លេខ​ទូរស័ព្ទ ០៧៧ ៨៧៧ ៤៥៧ ឬ​តាម​អ៊ី​ម៉ែ​ល [email protected]


Tag:
 ទេសចរណ៍​
 ​វត្ត​ទេសចរណ៍​
 ​វត្ត​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com