អន្តរជាតិ
ជំនួប​មេដឹកនាំ​កូរ៉េ​៖ គីម ជុង​អ៊ុន នឹង​ដើរ​ឆ្លង​បន្ទាត់​ព្រំដែន​ចូល​ទឹកដី​កូរ៉េខាងត្បូង​
26, Apr 2018 , 12:08 pm        
រូបភាព
​ជំនួប​មេ​ដឹក​នាំ​កូរ៉េ នឹង​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា នៅឯ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ទទួល​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រង់​ខ្សែ​ព្រំដែន ខណៈ​លោក គីម នឹងធ្វើ​ដំណើរ​ថ្មើរជើង​ចូល​ទឹកដី​កូរ៉េខាងត្បូង​។ ការជួបគ្នា​នៅ​បន្ទាត់​សីមា​ព្រំដែន​នេះ ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ ដែល​បែកបាក់​ដោយសារ​សង្គ្រាម​។

 
​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី ដែល​គេឯង​ទន្ទឹងរង់ចាំ​នឹងធ្វើ​ឡើង​នៅ​ម៉ោង​៩ និង​៣០​នាទី [​ម៉ោង​៧ និង​៣០​នាទី​នៅ​កម្ពុជា​] នៅ​ព្រំដែន​បែងចែក​កូរ៉េ​ទាំងពីរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ស្វាគមន៍​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅត្រង់​បេតុង​ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការប្រកាស​របស់​លោក Im Jong-seok ប្រធាន​សេនាធិការ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៦ ខែមេសា​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​រូបនេះ​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​ជំនួប​ចរចា​ប្រវត្តិសាស្ត្រ​នេះ​។ បន្ទាប់ពី​ចាប់ដៃគ្នា​នៅ​ព្រំដែន មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹង​ដើរ​សំដៅ​អាគារ​សន្តិភាព ដែល​នៅ​ប៉ែក​ខាងត្បូង​ខ្សែ​ព្រំដែន​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ដោយ​មានការ​ត្រួតពល​កងកិត្តិយស​ផង​។ ពេល​ឆ្លង​ព្រំដែន លោក គីម នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ជាន់​ទឹកដី​កូរ៉េខាងត្បូង​ក្នុងពេល​៦៥​ឆ្នាំ​។​
 


ខណ្ឌសីមាព្រំដែនបែងចែកកូរ៉េទាំងពីរ (រូបភាព AFP) 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Im និយាយថា កូរ៉េខាងត្បូង​នឹង​ទទួល​លោក គីម ក្នុងនាម​ជា​ភ្ញៀវ​រដ្ឋ ដែល​នឹង​បញ្ចូល​កម្មវិធី​ផ្លូវការ​ជាច្រើន​។ មុន​ជំនួប​ចរចា​ពេលព្រឹក​ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​១០ និង​៣០​នាទី លោក គីម នឹង​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស ដែល​ចាត់ទុក​ជំនួប​លើក​នេះ​ជា​ជំ​នូ​ប​សម្រាប់​សន្តិភាព និង​សុខដុម​រម​នីយកម្ម​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រធានបទ​សម្រាប់​ការពិភាក្សា គឺ​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​។​
 
​យ៉ាងណាមិញ ប្រតិភូ​កូរ៉េ​ទាំងពីរ​មិនមាន​កម្មវិធី​ទទួល​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា​ឡើយ​។ មុន​ជំនួប​នៅពេល​ថ្ងៃរសៀល មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹង​ដាំ​កូនឈើ​ជា​និមិត្តរូប រួច​បន្ត​ចរចា​ទៀត​។ លោក មូ​ន អាច​នឹង​ស្នើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េ​ផ្លូវការ​ផង​។ សេចក្ដីថ្លែងការណ៍​រួម​នឹងត្រូវ​ប្រកាស​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ដែល​បន្ត​ដោយ​កម្មវិធី​អាហារ​ពេល​ល្ងាច​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រតិភូ​កូរ៉េខាងជើង​ក៏មាន​បញ្ចូល​លោកស្រី គីម យ៉ុង​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន និង​ប្រមុខរដ្ឋ​កូរ៉េខាងជើង​លោក គីម យ៉ុង​ណា​ម ផងដែរ​។ ជាមួយនឹង​វត្តមាន​មន្ត្រី​កូរ៉េខាងជើង​បែបនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ទំនងជា​បង្កើត​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង សំដៅ​ពង្រីក​ការ​ជៀ​ទុកចិត្ត​ទៅមក ក៏ដូចជា​បើកផ្លូវ​ដល់​ការប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​៕  

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com