ជាតិ
ដោយសារការពារព្រៃឈើ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ក្នុងថ្ងៃនេះ កាលពី​៦​ឆ្នាំមុន​
26, Apr 2018 , 3:57 pm        
រូបភាព
រូបថត លោក ឈុត វុទ្ធី កាលលោកនៅមានជីវិត
រូបថត លោក ឈុត វុទ្ធី កាលលោកនៅមានជីវិត
ដោយ: ថ្មីៗ
​លោក ឈុត វុទ្ធី សកម្មជន​មួយ​រួប ដែល​ប្តូរផ្តាច់​និង​ចូលរួម​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ការពារ​ព្រៃឈើ​និង​បរិស្ថាន ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២​។ អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បាន​បង្ហោះ​សារ​លើ​គេហទំព័រ​របស់ខ្លួន និង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​រូបនេះ ដែល​កើតឡើង​កាលពី​៦​ឆ្នាំមុន​។



​អង្គការ​លីកាដូ ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស បាន​ចូលរួម​រម្លឹក​ខួប​៦​ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក ឈុត វុទ្ធី តាមរយៈ​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ សារ​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ គឺ​គ្រាន់តែ​រម្លឹក​ឡើយ​វិញ នូវ​ព្រឹត្តិការណ៍​នៃ​ការបាញ់សម្លាប់​លោក ឈុត វុទ្ធី ប៉ុណ្ណោះ​។

​អង្គការ​លីកាដូ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវបាន​គេ​ធ្វើឃាត​កាលពី​៦​ឆ្នាំមុន នា​ថ្ងៃនេះ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ពីបទ​ល្មើស​ព្រៃឈើ​ជាមួយ​អ្នកកាសែត​មួយចំនួន នៅក្នុង​តំបន់​ព្រៃ​ការពារ​។ កងរាជអាវុធហត្ថ​ម្នាក់ ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ បាន​រង​ការចោទប្រកាន់ថា ជា​អ្នកបាញ់​សម្លាប់​លោក ឈុត វុទ្ធី​»​។​

​ឯ​អង្គ​ការខុម​ហ្វ្រេ​ល ដែល​ធ្វើការ​ផ្នែក​ការបោះឆ្នោត ក៏បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែរ ដើម្បី​ចូលរួម​រម្លឹក​ខួប​៦​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក ឈុត វុទ្ធី​។

​ទីតាំង​ដែល​លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ គឺ​ស្ថិតក្នុង​បរិវេណ​ភូមិ​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ឃាតក ដែល​បាញ់សម្លាប់​លោក ឈុត វុទ្ធី គឺ​លោក អ៊ិន រតនា មន្ត្រី​កងរាជអាវុធហត្ថ​។​

​តែ​បន្ទាប់ពី​បាញ់សម្លាប់​លោក ឈុត វុទ្ធី លោក អ៊ិត រតនា ក៏ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​ម្នាក់ទៀត បាញ់សម្លាប់​ភ្លាមៗ​ដែរ​។ សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ត្រូវ​តុលាការ​ខេត្តកោះកុង​តម្កល់ទុក​ឥត​ចាត់ការ ក្រោម​ហេតុ​ផង​ថា បណ្តឹងអាជ្ញា​រលត់ ព្រោះ​ឃាត​កបាន​ស្លាប់​ទៅហើយ​។

​ដោយឡែក ឃាតក​ដែល​បាញ់សម្លាប់​លោក អ៊ិន រតនា ត្រូវ​តុលាការ​ចោទប្រកាន់​ប៉េអឹម​ម្នាក់ គឺ​លោក រ៉ា​ន់ បូ​រ័ត្ន ថា​ជា​អ្នក​សម្លាប់​។ កាលពី​ខែតុលា ឆ្នាំ​២០១៣  តុលាការ​ខេត្តកោះកុង បានសម្រេច​ឲ្យ​មន្ត្រី​ប៉េអឹម​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​។ តែ​កាលនោះ មន្ត្រី​ប៉េអឹម​ខាងលើ ត្រូវ​ជាប់ពន្ធនាគារ តែ​៦​ខែ​ប៉ុណ្ណោះ ដោយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​៕


Tag:
 ឈុត វុទ្ធី​
  ខុម​ហ្វ្រេ​ល​
  លីកាដូ​
© រក្សាសិទ្ធិដោយ thmeythmey.com