ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកវិភាគ៖ CPP នៅតែឈ្នះឆ្នោតនៅឆ្នាំ២០១៨
× ភ្នំពេញ៖ ខណៈដែលការបោះឆ្នោតខិតជិតមកដល់នោះ បញ្ហានយោបាយមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលោក ហង្ស វិទូ មើលឃើញថា អតីតគណបក្សសង្គ្រោះជាតិ នឹងគ្មានផ្លូវរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតឡើយ។ ចំណែកវត្តមានមេដឹកនាំអតីតបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ទំនងជាគ្មានឱកាសដឹកនាំបក្សចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨ ដែរ។ សម្រាប់លោក វិទូ គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត។
សូមអានព័ត៌មានខាងក្រោមនេះ ដែលជាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ហង្ស វិទូ អ្នកវិភាគនយោបាយ ដូចតទៅ៖
លោក រំដួល ចិត្រា ៖ នៅពេលនេះបញ្ហានយោបាយ មិនទាន់មានច្រកចេញនៅឡើយទេ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។ សម្រាប់លោក តើមើលឃើញថា អតីតគណបក្សសង្គ្រោះជាតិ អាចនឹងរស់ឡើងវិញ ដើម្បីអាចចូលរួមការបោះឆ្នោត ដូចការទាមទាររបស់អតីតមេបក្សប្រឆាំងនេះដែរទេ?
លោក ហង្ស វិទូ៖ បើខ្ញុំមើលទៅស្ថានការណ៍ជាក់ស្ដែងលើបញ្ហានយោបាយវិញ។ ខ្ញុំយល់ថា គណបក្សសង្គ្រោះជាតិពិបាករស់ឡើងវិញ ដោយសារយើងមើលអំពីគោលជំហររបស់គណបក្សកាន់អំណាច ក៏ដូចជាគណបក្សសង្គ្រោះជាតិដែរ។ យើងឃើញថា គោលជំហររបស់គណបក្សកាន់អំណាច គឺគាត់ដាច់ខាត គាត់យល់ថាគណបក្សប្រឆាំង គឺជាពួកក្បត់ជាតិ ដែលត្រូវតែរំលាយចោល។ ហើយទីពីរ គណបក្សប្រឆាំងខ្លួនឯង តាមខ្ញុំមើលទៅក៏មិនចេះដោះស្រាយវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាការទូត ដែលចេះបញ្ចុះបញ្ចូលឲ្យគណបក្សកាន់អំណាចទទួលយកខ្លួនវិញដែរ។ ដូច្នេះមានន័យថា គណបក្សកាន់អំណាចមានភាពតឹងរឹងជារឿងមួយ ប៉ុន្តែភាពមិនឆ្លាតវ៉ៃ របស់គណបក្សសង្គ្រោះជាតិ គឺជារឿងមួយទៀត ដែលយើងត្រូវតាមដានមើល។ ប៉ុន្តែបើទោះជាយ៉ាងម៉េចក៏ដោយ បើតាមស្ថានភាពជាក់ស្ដែង មិនអាចទៅរួចទេ។ បើសិនបើជាឧទាហរណ៍ទេ បើអាចនឹងកើតមាននៅបាតុភូតនយោបាយណាមួយដោយចៃដន្យ ដោយគណបក្សទាំងពីរ ត្រូវរ៉ូវគ្នាចំពោះផលប្រយោជន៍ណាមួយ ប្រហែលជាមិនខុសគ្នាពីការបោះឆ្នោត កាលពីឆ្នាំ២០១៣ទេ ដែលក្រោយមកមានការចូលសភា ពីគណបក្សប្រឆាំង ដែលពីដំបូងប្រកែកតវ៉ាប្រឆាំងគ្នាស្លាប់រស់ ប៉ុន្តែក្រោយមកបែជារួបរួមគ្នាចូលសភាវិញ ហើយបង្កើតបានរដ្ឋាភិបាលមួយមកដល់សព្វថ្ងៃនេះ។
ដូច្នេះទាក់ទងរឿងនយោបាយ ដូចសម្ដេច ហ៊ុន សែន លើកឡើងថា អ្នកនយោបាយគេបត់តែមួយច្រវ៉ាទូកទេ គឺអ្វីៗនឹងកើតឡើងភ្លាម។ ប៉ុន្តែជាលក្ខណៈសត្យានុម័ត នឹងអ្វីដែលយើងឃើញជាក់ស្ដែង ខ្ញុំយល់ឃើញថា បើគណបក្សសង្គ្រោះជាតិ មិនចេះដើរនយោបាយការទូតឆ្លាតវ៉ៃ ក្នុងការលួងលោមគណបក្សប្រជាជនទេ ហើយគិតតែពីដើរប្រឆាំងនិងបញ្ចេញឥរិយាបទណាមួយ ដែលមិនសមរម្យ ខ្ញុំយល់ថាមិនអាចបន្ទន់ចិត្តគណបក្សកាន់អំណាចទេ ព្រោះគណបក្សកាន់អំណាច គេមានអំណាច មានលុយ និងមានអ្វីៗក្នុងដៃទាំងអស់ ។ ដូច្នេះជារួមភាគរយមិនអាច មានច្រើនជាងភាគរយនៃភាពអាច។ បើសិនជាអាចវាទាល់តែមានបាតុភូតនយោបាយណាមួយ ដែលមានផលប្រយោជនណាមួយ ដែលគណបក្សកាន់អំណាចអាចទទួលយកបាន ទើបគេអាចផ្លាស់ប្ដូរចិត្តត្រឹមមួយប៉ប្រិចភ្នែក»។
លោក រំដួល ចិត្រា ៖ ដូចលោកលើកខាងដើមថា បើសិនជាមានបាតុភូតនយោបាយបន្ទន់ចិត្តឲ្យគណបក្សប្រជាជនងាកមកត្រូវរ៉ូវគ្នាមែន ថាតើគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា អាចនៅរួមគ្នាទេ ? ឬក៏ឲ្យមានគណបក្សប្រឆាំងរស់ឡើងវិញ ប៉ុន្តែត្រូវឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបំបែកគ្នាវិញ ?
លោក ហង្ស វិទូ៖ ត្រង់នេះវាមាន៣ចំណុច ។ គណបក្សកាន់អំណាចច្បាស់ណាស់ប្រសិនបើមេបក្សទាំងពីរនេះ មិនបែកគ្នា គឺច្បាស់ណាស់គេមិនឲ្យរួបរួម ចូលបោះឆ្នោតវិញទេ ចំណុចនេះវាជាអ្វីដែលគណបក្សកាន់អំណាចចង់បាន នេះជាចំណុចទី១ ។ ទី២ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នៅពេលនេះ យើងបានមើលឃើញអំពីការបែកបាក់គួរឲ្យព្រួយបារម្ភ សឹងតែថាមេដឹកនាំទាំងពីរនេះ ស្ទើតែចូលជាមួយគ្នាបានវិញទេ។ ចំណុចទី៣ ទោះជាយ៉ាងម៉េចក៏ដោយ លោក សម រង្ស៊ី និងលោក កឹម សុខា ដឹងច្បាស់ថា អាយុជីវិតនិងឥទ្ធិពលនៃគណបក្សសង្គ្រោះជាតិ អាចស៊ូជាមួយគណបក្សកាន់អំណាចបាន ទាល់តែអ្នកទាំងពីរនេះរួមគ្នា។ ដូច្នេះទាំង៣នេះ អ្វីដែលខ្ញុំបានលើកឡើងវាស៊ីសងថា តើសន្លឹកបៀទាំង៣សន្លឹកនេះ លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងគណបក្សប្រជាជនកម្ពុជា តើមួយណាបោះសន្លឹកបៀទៅ មានភាពឆ្លាតវ៉ៃជាង ហើយចេះស្ទាបស្ទង់ស្ថានការណ៍ជាងអ្នកនោះជាអ្នកឈ្នះហើយ។
លោក រំដួល ចិត្រា ៖ អ្វីដែលខ្ញុំកត់សម្គាល់លោក លើកឡើងថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិកំពុងបែកបាក់គ្នា តើវាជារូបភាពបែកបាក់គ្នាមែនទែន ឬក៏ជាយុទ្ធសាស្ត្រនយោបាយ?
លោក ហង្ស វិទូ៖ ទី១ បើសិនជាការបែកបាក់គ្នាមែនទែន គឺជារឿងអ្វីដែលគណបក្សប្រជាជន គេចង់បាន ហើយក៏ជាការវិនាសសាបសូន្យនៃគណបក្សសង្គ្រោះជាតិយ៉ាងពិតប្រាកដដែល។ ប៉ុន្តែបើសិនជាករណីការទូត ជាល្បិចនយោបាយ ដើម្បីបំភ័ន្តភ្នែកគណបក្សកាន់អំណាច ក៏ខ្ញុំយល់ឃើញថា វាហានិភ័យសម្រាប់គណបក្សសង្គ្រោះជាតិដែរ ដោយសារអ្នកខាងក្រោមរបស់គាត់ ភាគច្រើនមិនយល់ពីល្បិចនយោបាយរបស់អ្នកធំទេ…។ បើក្នុងករណីភាគីលោក សម រង្ស៊ី និងលោក កឹម សុខា សម្ដែងមែន ក៏ប៉ុន្តែវិញ្ញាសារដ៏ធំមួយរបស់គណបក្សសង្គ្រោះជាតិ នៅបង្រួបបង្រួមគ្នាឯងដែលបែកបាក់គ្នាទៀត ដូច្នេះចង់មិនចង់ អាណត្តិក្រោយនេះ គឺនៅតែគណបក្សប្រជាជនកម្ពុជា មានប្រៀបនិងអាចឈានទៅរកកាន់អំណាចជាថ្មីម្ដងទៀត។
លោក រំដួល ចិត្រា ៖ ឥឡូវនិយាយពីរឿងការបោះឆ្នោតអាណត្តិទី៦ នៅឆ្នាំ២០១៨នេះវិញ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ តើគណបក្សប្រឆាំងណាដែលអាចមានឥទ្ធិពលចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជន?
លោក ហង្ស វិទូ៖ ខ្ញុំយល់ឃើញថា នៅឆ្នាំ២០១៨នេះ ភាគច្រើនគណបក្សសង្គ្រោះជាតិ អាចគ្មានវាសនាឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ទេ។ បើបក្សនេះចង់ដើរនយោបាយនៅផ្លូវផ្សេង ហើយបើគាត់ចង់លេងនយោបាយក្នុងផ្លូវផ្សេង គឺមានតែនយោបាយឡាំប៉ា ហើយព្យាយាមក្នុងការដើរនយោបាយការទូត ដើម្បីឲ្យបរទេស ដែលជាប្រទេសចុះហត្ថលេខីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ ដាក់សម្ពាធនិងទាមទារមិនឲ្យគេទទួលស្គាល់ការបោះឆ្នោត។ អ្វីដែលព្រួយបារម្ភ គឺនៅត្រង់ថារដ្ឋាភិបាលកំពុងព្រួយបារម្ភថា មានក្រុមឧទ្ទាម ឬក្រុមប្រឆាំងជ្រុលនិយម គាត់អាចនឹងធ្វើកិច្ចការអ្វីមួយ ដែលប្រឆាំងនឹងការបោះឆ្នោត។ ដូច្នេះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នរឹតបន្តឹង ចំពោះបញ្ហាសុវត្ថិភាពនៅក្រោយពេលបោះឆ្នោត។ ជារួមវាហានិភ័យទាំងពីរ គណបក្សប្រជាជនកម្ពុជា ប្រឈមនឹងបញ្ហាធំមួយ បញ្ហាធំនោះ គឺថាក្រោយពេលបោះឆ្នោត តើអ្នកណាទទួលស្គាល់ការបោះឆ្នោតនេះ បើរំលាយគេ ហើយនៅសល់តែឯង ប្រកួតតែឯង។ ហើយលទ្ធផលចុងក្រោយ ខ្ញុំជឿថា លទ្ធផលចុងក្រោយគឺចាញ់គណបក្សប្រជាជនកម្ពុជា គឺចាញ់នៅត្រង់ថា ទោះជាគណបក្សសង្គ្រោះជាតិទាមទារអន្តរជាតិឡាំប៉ា យ៉ាងណាក៏ដោយ បោះឆ្នោតហើយគណបក្សប្រជាជនកម្ពុជា គ្រាន់តែធ្វើការសម្របសម្រួលមួយ គឺឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញទៅ ប៉ុន្តែការឈ្នះឆ្នោតគេនៅតែឈ្នះដដែល សម្រាប់ឆ្នាំ២០១៨។
លោក រំដួល ចិត្រា ៖ មូលហេតុអ្វី បានជាលោក មើលឃើញថា គណបក្សប្រជាជនកម្ពុជា គ្រាន់តែសម្របសម្រួលជាមួយគណបក្សសង្គ្រោះជាតិឡើងវិញ ហើយបក្សកាន់អំណាចនៅតែទទួលបានជ័យជម្នះ?
លោក ហង្ស វិទូ៖ ក្រោយពេលបោះឆ្នោត ខ្ញុំឧទាហរណ៍ថា បើគណបក្សសង្គ្រោះជាតិ មិនបានចូលរួមបោះឆ្នោត ហើយគាត់ទាមទារឲ្យអន្តរជាតិដាក់សម្ពាធខ្លាំង មកលើគណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះគណបក្សប្រជាជនកម្ពុជា គាត់មានសន្លឹកបៀបោះឲ្យមានការសម្របសម្រួលឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ ក្រោយឆ្នាំ២០១៨។ ប៉ុន្តែនឹងមិនមានការបោះឆ្នោតឡើងវិញទេ។ ហើយសម្រាប់ឆ្នាំ២០១៨គឺនៅតែគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងដដែល។ នេះជាសន្លឹកបៀក្នុងដៃគណបក្សប្រជាជនកម្ពុជា ដែលលេងយ៉ាងមានប្រសិទ្ធភាព។
លោក រំដួល ចិត្រា ៖ ដូច្នេះបើខ្ញុំស្ដាប់មិនច្រឡំទេ អ្វីដែលលោកលើកឡើង បានន័យថា គណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ហើយលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ត្រូវគេបិទផ្លូវមិនឲ្យចូលមកប្រកួតប្រជែងការបោះឆ្នោតដែរ។
លោក ហង្ស វិទូ៖ បាទ! ខ្ញុំយល់ថា គណបក្សប្រជាជនកម្ពុជា និងលេងបៀមួយសន្លឹកនេះ ហើយលេងយ៉ាងប្រសិទ្ធភាពទៀតផង។
លោក រំដួល ចិត្រា៖ បើដូច្នេះមែនតើមើលទៅមានច្រកនយោបាយថ្មី ដោយគណបក្សភ្លើងទៀន(បក្សសម រង្ស៊ី) នឹងក្លាយជាគណបក្សប្រឆាំងធំ ចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយមានលោក សម រង្ស៊ី នៅពីក្រោយទេ?
លោក ហង្ស វិទូ៖ ខ្ញុំមើលទៅថា បើរឿងនេះជាការពិតថា បើគណបក្សភ្លើងទៀន ចូលរួមហើយមានលោក សម រង្ស៊ី នៅពីក្រោយមែន ខ្ញុំយល់ឃើញថា វាគ្មានឥទ្ធិពលអ្វីគ្រប់គ្រាន់អ្វីដែលធ្វើឲ្យគណបក្សកាន់អំណាចព្រឺរោមបានទេ។ ទី២ ខ្ញុំមើលឃើញថា បក្សនេះគ្រាន់តែជាល្បិចល្បោយ ឬជាកំទេចផេះផង់នៃស្នាដៃរបស់លោក សម រង្ស៊ី ហើយដូចជាគ្មានឥទ្ធិពលអ្វីគ្រប់គ្រាន់ ឲ្យប្រជាជនជ្រើសរើស និងបោះឆ្នោតឲ្យបក្សនេះទេ៕
Tag:
សម រង្ស៊ី
កឹម សុខា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com