អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្វែងយល់​ពី​កាល​ប្បវត្តិ​សំខាន់​នៃ​សង្គ្រាម និង​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​
27, Apr 2018 , 7:00 am        
រូបភាព
រូបភាព AP
រូបភាព AP
ដោយ: ថ្មីៗ
​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា​នេះ មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ជួប​ជជែក​គ្នា​ទល់​មុខជា​ប្រវត្តិសាស្ត្រ ហើយ​អ្វីដែល​សំខាន់​នោះ​ភាគី​ប្រហែលជា​នឹង​អាច​ឯកភាពគ្នា​លើ​ការបង្កើត​សន្ធិសញ្ញា​សន្តិភាព​រួមគ្នា​ផង​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ​ផង​។ ថ្មីៗ​សូម​លើកឡើង​ពី​កាល​ប្បវត្តិ​សំខាន់​នៃ​សង្គ្រាម​កូរ៉េ​រហូតដល់​បច្ចុប្បន្ន​ពេលដែល​ភាគី​ព្រមព្រៀង​ចរចា​គ្នា​៖


- សង្គ្រាមលោក​លើ​ទី​ពីរ​ចប់​ឆ្នាំ ១៩៤៥ កូរ៉េ​ទាំងមូល​ត្រូវបាន​បែងចែក​ជា​ពីរ​ដោយ​ខាងជើង​កាន់កាប់​ដោយ​សហភាពសូវៀត និង​ខាងត្បូង​កាន់កាប់​ដោយ​កងទ័ព​អាមេរិក​។  មហាអំណាច​ទាំងពីរ​ឯកភាពគ្នា​បែងចែក​កូរ៉េ​ទាំងពីរ​តាម​ខ្សែស្រប​ទី ៣៨​។ 

-​នៅ​ឆ្នាំ ១៩៤៨ សារ​ធាណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ត្រូវបាន​គេ​ប្រកាស​ជា​ផ្លូវការ ដោយមាន​លោក គីម អ៊ី​ល​ស៊ុ​ង​ជា​មេដឹកនាំ​។ កាលនោះ​កងទ័ព​សូ​វៀត​ក៏​ចាប់ផ្តើម​ដកចេញ​ពី​កូរ៉េខាងជើង​ដែរ​។​
 
- ឆ្នាំ ១៩៥០ កូរ៉េខាងត្បូង​ប្រកាស​ឯករាជ្យ ដែល​សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ​ដែល​ផ្ទុះឡើង​ថ្ងៃ ២៥ មិថុនា​។ កាលណោះ កងទ័ព​កូរ៉េខាងជើង​ជាង​ប្រាំ​ពីរម៉ឺន​នាក់ រួមជាមួយ​រថក្រោះ​ជាច្រើន​គ្រឿង​បាន​ឆ្លង​បន្ទាត់​ព្រំដែន​ខ្សែស្រប​ទី ៣៨ ដើម្បី​ឈ្លានពាន​កូរ៉េខាងត្បូង​។​

- ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ១៩៥០ អាមេរិក​ប្រកាស​ចូលរួម​ក្នុង​សង្គ្រាម​កូរ៉េ​។ ប្រធានាធិបតី​អាមេរិក​លោក ហារី​ទ្រូ​ម៉ាន់ បាន​បញ្ជូន​កងទ័ព​អាមេរិក​ទៅ​គាំទ្រ​កូរ៉េខាងត្បូង​ដោយ​លោក​មានបំណង​ទប់ស្កាត់​ការ​សាយភាយ​មនោគមន៍​វិជ្ជា​កុម្មុយនីស្ត​ចូល​កូរ៉េខាងត្បូង​។​- ខែតុលា​ឆ្នាំ ១៩៥០ ចិន​ដែលជា​មិត្ត​ជិតខាង​កូរ៉េ​បានប្រកាស​ចូលរួម​ក្នុង​សង្គ្រាម​កូរ៉េ​ដែរ ដោយ​មហាអំណាច​នេះ​បាន​បញ្ជូន​ទ័ព​មក​គាំទ្រ​កងទ័ព​កូរ៉េខាងជើង​របស់លោក​គីម អ៊ី​ល​ស៊ុ​ង​។ ក្រោម​ជំនួយ​ពី​ចិន កូរ៉េខាងជើង​បាន​យកឈ្នះ និង​រុញច្រាន​កងទ័ព​កូរ៉េខាងត្បូង​និង​អាមេរិក​ចេញផុត​ខ្សែបន្ទាត់​ព្រំដែន​ទី ៣៨​។  

-​ថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ កូរ៉េខាងជើង និង​ខាងត្បូង​បាន​ឯកភាពគ្នា​បង្កើត​បទ​ឈប់​បាញ់​ជា​ផ្លូវការ​មួយ​។ កូរ៉េ​ទាំងពីរ​នៅតែ​បែង​ចែកជា​ពីរ ប៉ុន្តែ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត​តំបន់​គ្នា​នយោធា​នៅ​បន្ទាត់​ព្រំដែន​ដែល​បែងចែក​ប្រទេស​ទាំងពីរ​ដែរ​។  

-​ឆ្នាំ ១៩៧២ វា​ជា​លើកដំបូង​បង្អស់​ដែល​កូរ៉េខាងជើង និង​ខាងត្បូង​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ស្តីពី​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដោយ​សន្តិវិធី​។​

- ឆ្នាំ ១៩៨៥ កូរ៉េខាងជើង​បានសម្រេច​ចុះហត្ថលេខា​ចូល​ជា​សមាជិក​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ ដែល​ហាម​ប្រទេស​នេះ​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​នោះ​។ 

-​ឆ្នាំ ១៩៩១ កូរ៉េ​ទាំងពីរ​បាន​ក្លាយខ្លួនជា​សមាជិក​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​។​

-​ឆ្នាំ ១៩៩៣ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​មធ្យម Rodong ចូលទៅក្នុង​សមុទ្រ​ជប៉ុន​។​

-​ខែកក្កដា​ឆ្នាំ ១៩៩៤ ស្ថាបនិក​កូរ៉េខាងជើង​លោក គីម អ៊ី​ល​ស៊ុ​ង​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​កូនប្រុស​របស់លោក គឺ​លោក គីម ជុងអ៊ីល បាន​ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​ជំនួស​ឪពុក​ខ្លួន​។ 

-​ខែតុលា​ឆ្នាំ​១៩៩៤ ដដែល កូរ៉េខាងជើង​ព្រម​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាមេរិក​ដោយ​កូរ៉េខាងជើង​ព្រម​ព្យួរ​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការទទួលបាន​ប្រេង និង​រោងចក្រ​រ៉េ​អា​ក់ទ័រ​ធុន​ស្រាល​ចំនួន​ពីរ​។​
 
-​ដល់​ឆ្នាំ ១៩៩៦ កូរ៉េខាងជើង​ជួប​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ ហើយ​របាយការណ៍​ព័ត៌មាន​បញ្ជាក់ថា មនុស្ស​ប្រហែល​បី​លាន​នាក់​ស្លាប់​ដោយសារ​អត់ឃ្លាន​។ ក្នុង​ឆ្នាំ ១៩៩៦​ដដែល កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​ឈប់​គោរព​បទ​ឈប់​បាញ់​ដែល​បញ្ចប់សង្គ្រាម​កូរ៉េ ហើយ​របប​នេះ​បញ្ជូន​ទ័ព​រាប់ម៉ឺន​នាក់​មកកាន់​តំបន់​គ្មាន​យោធា​។ ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​តូចៗ​ជាច្រើន​កើត​ឡើងជា​បន្តបន្ទាប់​ដែរ​។​

-​ដល់​ឆ្នាំ ១៩៩៨ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ហោះ​រំលង​ជប៉ុន​ទៅ​ធ្លាក់​ចូលម​ហា​សមុទ្រ​ប៉ាស៊ីហ្វិក​។ ពិភពលោក​ភ្ងា​ក់​ផ្អើល​នឹង​ការបង្ហាញ​សមត្ថភាព​របស់​កូរ៉េខាងជើង​បែបនេះ ដែល​គេ​គ្រប់គ្នា​មិន​ធ្លាប់​គិតដល់​។​

-​ឆ្នាំ ២០០០ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កើតឡើង ដោយមាន​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​លោក គីម ដេ​ជុង និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល​។ ជំនួប​នេះ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការបើក​តំណាង​ទូត​បណ្តោះអាសន្ន និង​មាន​ការបើក​ឲ្យ​ជួបជុំ​គ្រូ​សារ​កូរ៉េ​ផង​។ អ្វីដែល​សំខាន់​នោះ​គឺ កូរ៉េខាងត្បូង​បានសម្រេច​លើកលែងទោស​ដល់​ជនជាតិ​កូរ៉េ
ខាងជើង​ជាង ៣៥០០​នាក់​ឯណោះ​។​

-​ឆ្នាំ ២០០២ ខែធ្នូ កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​ចាប់ផ្តើម​ឡើងវិញ​រោងចក្រ​នុយ​ក្ល​អ៊ែរ​នៅ Yongbyon និង​បានប្រកាស​បណ្តេញ​ក្រុមអធិការកិច្ច​របស់​អង្គការសហប្រជាជាតិ​នៅ​កូរ៉េខាងជើង​ផងដែរ​។​

-​ឆ្នាំ ២០០៣ កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ NPT ។ សកម្មភាព​របស់​កូរ៉េខាងជើង​ជំរុញ​ឲ្យ​មានការ​បង្កើត​កិច្ចពិភាក្សា​ប្រាំមួយ​ភាគី​ដែលមាន​សមាជិក​ដូច​ជា​អាមេរិក ចិន រុស្ស៊ី កូរ៉េខាងត្បូង ជប៉ុន នោះ​។ ខែសីហា​ឆ្នាំ ២០០៣ កិច្ចពិភាក្សា​លើកទីមួយ​ចាប់ផ្តើម​នៅ​ប៉េកាំង ដោយ​កាលនោះ​កូរ៉េខាងជើង​បានស្នើ​ឲ្យ​មានការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ និង​ការបង្កើត​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​ជាមួយ​អាមេរិក​ដែរ​។ 

-​ឆ្នាំ ២០០៥ ខែកុម្ភៈ កូរ៉េខាងជើង​សារភាព​ប្រាប់​ពិ​ភ​លោក​ជា​លើកដំបូង​បំផុត​ថា ខ្លួន​ពិតជា​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​មែន​តែ​ដើម្បី​ការការពារ​ខ្លួន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​។​

-​នៅ​ឆ្នាំ ២០០៦ ខែកក្កដា កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ប្រាំពីរ​ដើម​រួមជាមួយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផង​។ ប៉ុន្តែ​មី​ស៊ី​ល​ទាំងនេះ​ផ្ទុះ​ពេល​ហោះ​ចេញ​បាន​បន្តិចបន្តួច​នោះ​។  
 
-​ដល់​ខែតុលា កូរ៉េខាងជើង​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង​។ ការបាញ់​នុយក្លេអ៊ែរ​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាំង ហើយ​បញ្ចេញ​ទណ្ឌកម្ម​ច្រើនសន្ធឹក​ទាំង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រឆាំង​កូរ៉េខាងជើង​ផង​។​
 
 
-​ឆ្នាំ​២០០៧ ជំ​នួប​ប្រវត្តិសាស្ត្រ​ជា​លើក​ទី​ពីរ​អន្តរ​កូរ៉េ​ត្រូវបាន​រៀបចំឡើង​នៅ​ក្រុង​ព្យុ​យ៉ាង ដោយពេល​នោះ​លោក គីម ជុងអ៊ីល បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Roh Moo-hyun នោះ​។ 

-​នា​ខែឧសភា ឆ្នាំ ២០០៩ កូរ៉េខាងជើង​បានសម្រេច​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ជា​លើក​ទី​ពីរ​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​កម្ម​ភាព​នេះ​។​

-​ខែមីនា​ឆ្នាំ ២០១០ កូរ៉េខាងជើង​បាន​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េខាងត្បូង​មួយគ្រឿង​ឈ្មោះថា  Cheonan​។​

-​ខែកញ្ញា​ឆ្នាំ ២០១០ លោក គីម ជុងអ៊ីល បានតែងតាំង​កូនប្រុស​របស់ខ្លួន គីម ជុង​អ៊ុន​ឲ្យ​កាន់តំណែង​នយោបាយ និង​យោធា​ជាន់ខ្ពស់​ដែល​គេ​ទស្សន៍ទាយ​ថា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​
អ្នក​ស្នង​តំណែង​ផង​។​

- ខែធ្នូ​ឆ្នាំ ២០១១ លោក គីម ជុងអ៊ីល ស្លាប់បាត់​បង់ជីវិត ហើយ​លោក គីម ជុង​អ៊ុន ក្លាយជា​មេដឹកនាំ​ស្តីទី​របស់​ប្រទេស​នេះ​។​

-​ខែមេសា​ឆ្នាំ ២០១២ លោក គីម ជុង​អ៊ុង ក្លាយជា​មេដឹកនាំ​ផ្លូវការ ហើយ​ដើម្បី​រម្លឹក​ខួបកំណើត​លើក​ទី ១០០ របស់​ស្ថាបនិក​កូរ៉េខាងជើង ប្រទេស​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ Taepodong  ប៉ុន្តែ​បរាជ័យ​។ 

-​ឆ្នាំ ២០១៣ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​លើក​ទី​បី​។​

-​ឆ្នាំ ២០១៤ កូរ៉េខាងជើង​បានសម្រេច​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម​ពីរ​ដើម​ជា​លើកដំបូង​បំផុត​ចាប់ពី​ឆ្នាំ ២០០៩ មក ហើយ​សកម្មភាព​នេះ​គឺ​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​។​

- ខែសីហា​ឆ្នាំ ២០១៥ កូរ៉េខាងត្បូង​ផ្អាក់​ការចាក់​ឧ​គ្ឃោ​សន​សព្ទ​តាម​បណ្តោយ​ព្រំដែន​គ្មាន​យោធា ក្រោយពេល​ទាហាន​កូរ៉េខាងជើង​នាំគ្នា​បាញ់​លើ​។​

-​ខែមករា​ឆ្នាំ ២០១៦ កូរ៉េខាងជើង​ប្រកាសថា​ខ្លួន​បាន​បាញ់​សាកល្បង​​គ្រាប់បែក​អ៊ីដ្រូសែនដោយជោគជ័យ​។ វា​ត្រូវបាន​ចាត់ទុកជា​ការបា​ញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន​។ 

-​ខែឧសភា មហាសន្និបាត​បក្ស​ពលករ​កូរ៉េខាងជើង​សម្រេច​បោះឆ្នោត​ជ្រើសរើស​លោក គីម ជុង​អ៊ុន​ជា​ប្រធាន​បក្ស​។​

-​ខែកញ្ញា​ឆ្នាំ​ដដែល​កូរ៉េខាងជើង​បានសម្រេច​បាញ់​សាកល្បង​អាវុធ​នុ​ក្លេ​អែរ​របស់ខ្លួន​ជា​លើក​ទី​ប្រាំ​។​

-​ខែមករា​ឆ្នាំ ២០១៧ គីម ជុង​អ៊ុន ប្រកាសថា​កូរ៉េខាងជើង​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​នាំ​ផ្លូវ​រយៈចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។​

-​នៅ​ខែកក្កដា​ឆ្នាំ ២០១៧ កូរ៉េខាងជើង​សម្រេច​បាញ់​ផ្លោង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ចូល​សមុទ្រ​ជប៉ុន ខណៈ​ខាង​អ្នកជំនាញ​ជឿជាក់ថា មី​ស៊ី​ល​នេះ​អាច​បាញ់​ដល់​អា​ឡា​ស្កា​។​

-​ខែសីហា ភាព​តានតឹង​កើនឡើង​ខ្លាំង​ដោយ​កូរ៉េខាងជើង និង​អា​មេ​រិ​កបន្ត​សង្គ្រាមពាក្យសម្តី​ជាមួយគ្នា ដោយ​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​ទៅ​ក្បែរ​កោះ​អាមេរិក​ហ្កា​ម​នៅ​មហាអំណាច​ប៉ាស៊ីហ្វិក​ផង​។ 

-​ខែកញ្ញា​ឆ្នាំ ២០១៧ កូរ៉េខាងជើង​បានសម្រេច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​ប្រាំមួយ ហើយ​វា​មាន​សមត្ថភាព​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក​ផង​។​

-​ខែមករា​ឆ្នាំ ២០១៨ ជំនួប​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ឡើងវិញ​ក្រោយ​អាក់ខាន​អស់​ប្រហែល​ពី​ឆ្នាំ​។ ជំនួប​នេះ​បង្ហាញថា​ទំនាក់ទំនង ប្រទេស​ទាំងពីរ​ប្រសើរឡើង​ក្រោយ​មាន​ភាព​តានតឹង​ខ្លាំង​។ កូរ៉េខាងជើង​កាលនោះ​ប្រកាសថា ខ្លួន​នឹង​បញ្ជូន​ក្រុម​តំណាង​ប្រជាជន​កូរ៉េ​ខា​ជើង​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងារ​។​
 
-២៧ ខែមេសា ប្រមុខ​រដ្ឋាភិបាល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង​ដែល​ចូល​ដី​កូរ៉េខាងត្បូង ហើយ​លោក​ជួបពិភាក្សា​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង កិច្ចព្រមព្រៀង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​កូរ៉េ​ផងដែរ​៕

ឯកសារពិគ្រោះ

-សារព័ត៌មាន ​BBC
-សារព័ត៌មាន New York Times
-ទីភ្នាក់ងារព័ត៌មាន AFP
-This day in History  

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  សង្គ្រាម​កូរ៉េ​
  កិច្ចប្រជុំ​អន្តរ​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com