អត្ថបទពាណិជ្ជកម្ម
លោក លីម ហួ​មីន (Lim Hua Min) ប្រធាន​ក្រុមហ៊ុន Phillip Capital Group ត្រូវបាន​ឧទ្ទេសនាម​ជា​អ្នកជំនួញ​ប្រចាំឆ្នាំ​
27, Apr 2018 , 11:07 am        
រូបភាព
​លោក លីម ហួ​មីន (Lim Hua Min) អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Phillip Capital Group ត្រូវបាន​ឧទ្ទេសនាម​ថា​ជា អ្នកជំនួញ​ប្រចាំឆ្នាំ នៅក្នុង​ពិធី​លៀង​សាយភោជន៍ ក្នុងប្រទេស​សិង្ហ​បុរី កាលពី​រាត្រី​ថ្ងៃ​ពុធ កន្លងទៅនេះ​ដោយ​លោក​បានទទួល​ពានរង្វាន់​កំពូល​នេះ​ក្នុង​កម្មវិធី ពានរង្វាន់​ពាណិជ្ជកម្ម​សិង្ហ​បុរី ដែលជា​កម្មវិធី​ដ៏​ល្បីឈ្មោះ​មួយ​។

​លោក លីម ហួ​មីន (Lim Hua Min) បាន​ដឹកនាំ​ក្រុមហ៊ុន​តាំងពី​ឆ្នាំ ១៩៧៥ បន្ទាប់ពី​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន និង​ប្រាក់កម្ចី​ពី​ធនាគារ ក៏ដូចជា​ដៃគូ ដើម្បី​ទិញ​ក្រុមហ៊ុន​ជំនួញ​កណ្ដាល​ផ្នែក​ភាគហ៊ុន ដែល​លែងមាន​សកម្មភាព​មួយ ដោយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ត្រូវបាន​ផ្អាក​។ អ្នកជំនួញ​ជើងចាស់​រូបនេះ បានធ្វើ​ប​ដិ​វដ្ដ​ឧស្សាហកម្ម​ជំនួញ​កណ្ដាល​ផ្នែក​ផ្សារ​ហ៊ុន នៅពេលដែល​លោក​បានដាក់​ចេញ​នូវ​មូលដ្ឋាន​ជួញដូរ​ហ៊ុន​តាម​អ៊ី​ន​ធើ​ណេ​ត​ដំបូង​របស់​ប្រទេស​សិង្ហ​បុរី ឈ្មោះថា POEMS​។ ក្នុង​រយៈកាល​បួន​ទសវត្សរ៍​មកនេះ លោក​ក៏បាន​អភិវឌ្ឍ​ក្រុមហ៊ុន​ពី​ក្រុមហ៊ុន​មាន​ទីផ្សារ​តែមួយ និង​ផលិតផល​តែមួយ ទៅជា​ក្រុមហ៊ុន​ធំ​ក្នុង​តំបន់​អាស៊ី ដែលមាន​វត្តមាន​ទូទាំង​សកលលោក​។​



​លោក លីម ហួ​មីន (Lim Hua Min) បាន​កាន់តំណែង​ជាន់ខ្ពស់​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​សិង្ហ​បុរី (SES) និង​ធ្លាប់បាន​ធ្វើជា​ប្រធាន និង​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ​នានា​នៃ​ទីផ្សារ​ភាគហ៊ុន​សិង្ហ​បុរី​។ ហើយ​លោក ត្រូវបាន​កោតសរសើរ​ចំពោះ​ភាព​តស៊ូ និង​ភាពរឹងមាំ​របស់លោក ដោយ​គណៈកម្មការ​វិនិច្ឆ័យ​នានា ដែល​តែងតែ​និយាយថា លោក​តែងតែ​ព្យាយាម​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ត្រចះត្រចង់​សម្រាប់​អាជីវកម្ម​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​ក្លាយជា​អាជីវកម្ម​នាំមុខគេ​ក្នុង​វិស័យនេះ​។

​លោក ហាន ផេង គ័ង (Han Peng Kwang) នាយក​ចាត់ការ​ទូទៅរ​បស់​ធនាគារ Phillip Bank បាន​រៀបរាប់​ទាក់ទិន​និង​ពានរង្វាន់ ដែល​អគ្គនាយក​របស់​លោក​បានទទួល ដូច្នេះ​ថា​៖ “​ការទទួលស្គាល់​មកលើ​ភាព​នាំមុខគេ​នៃ​ក្រុមហ៊ុន​យើង​នៅក្នុង​ផ្នែក​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ទាំងមូល គឺជា​ការជំរុញ​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់​បុគ្គលិក​ទាំងអស់គ្នា​ដែល​បម្រើការ​នៅ​ធនាគារ Phillip Bank នេះ​។ ពានរង្វាន់​នេះ​នឹង​ជំរុញ​ទឹកចិត្ត​ឲ្យ​យើង​ផ្ដោតលើ​ផែនការ​ដ៏​ម​ហិ​ច្ចិ​តា​របស់​យើង​សម្រាប់​ពេល​តទៅ​មុខ ក្នុងប្រទេស​កម្ពុជា​”​។ លោក ហាន បាន​បន្តទៀតថា​ធនាគារ PhillipBank នឹង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ទូទាំងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ តាមរយៈ​ការធ្វើសមាហរណកម្ម​បន្ថែមទៀត​ជាមួយនឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត (Kredit) ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ការធ្វើសមាហរណកម្ម​បន្ថែម​ជាមួយនឹង​ក្រេ​ឌី​ត​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង​ក្នុង​ការនាំមក​ជូន​នូវ សេវា​ធនាគារ និង​ហិរញ្ញវត្ថុ “​ដែល​ល្អ​បំផុត​” ដល់​អតិថិជន​ឲ្យ​បាន​កាន់តែច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា ។ ធនាគារ Phillip Bank ក៏​នឹង​ទាក់ទង​ទៅកាន់​អតិថិជន ជាមួយ​ផលិតផល​ថ្មីៗ រួមមាន​សេវា​ធានារ៉ាប់រង​ទូទៅ និង​ធានារ៉ាប់រង​អាយុជីវិត សេវា​ធនាគារ​ចល័ត និង​ផលិតផល​ជាច្រើន​ផ្សេងទៀត ។ ការធ្វើ​ដូច្នេះ នឹង​ក្លាយជា​ទំព័រ​ថ្មី​សម្រាប់​ធនាគារ Phillip Bank នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ពានរង្វាន់​ដែល​អគ្គនាយក​របស់​យើង​ទទួលបាន ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​កាន់តែខ្លាំង​លើ​បេសកកម្ម​របស់​យើង​”​។​

​ក្រុមហ៊ុន Phillip Capital Group ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន ១៧ ទូទាំង​ពិភពលោក រាប់បញ្ចូល​ទាំង​សហរដ្ឋអាមេរិក ចិន ចក្រភព​អង់គ្លេស និង​កម្ពុជា​ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​របស់​ធនាគារ Phillip Bank ដែល​ផ្ដល់​សេវា​ធនាគារពាណិជ្ជ និង​សេវា​ធនាគារ​ទូទៅ​ដល់​អ​តិ​ថិ​ជនកម្ពុជា តាមរយៈ​សាខា​ចំនួន ៦ របស់ខ្លួន​ដែលមាន​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។ ម្យ៉ាងវិញទៀត ធនាគារ Phillip Bank ក៏​ជា​ភាគហ៊ុន​និក​ធំ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ទទួល​ប្រាក់​បញ្ញើ​។ ក្រេ​ឌី​ត មាន​បណ្ដាញ​សាខា​ចំនួន ៨៣ កន្លែង​ទូទាំងប្រទេស​កម្ពុជា ដោយមាន​បុគ្គលិក​ចំនួន​ជាង ១០០០ នាក់​។ បច្ចុប្បន្ន ពួកគេ​បម្រើ​ដល់​អតិថិជន​កម្ពុជា​ចំនួន ១៣០.០០០ រូប ដែល​ប្រើ​សេវា​ប្រាក់​បញ្ញើ និង​ប្រាក់កម្ចី​។​

​គួរ​បញ្ជក់​ផង​ដែលថា​កម្មវិធី ពានរង្វាន់​ពាណិជ្ជកម្ម​សិង្ហ​បុរី (SBA) ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៨៥ ត្រូវ​បានរៀបចំ​រួមគ្នា​រវាង​សារព័ត៌មាន The Business Times ដែលជា​សារព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំថ្ងៃ បោះពុម្ពផ្សាយ​ដោយ​ក្រុមហ៊ុន Singapore Press Holdings ព្រម​ជាមួយនឹង​ក្រុមហ៊ុន DHL ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅលើ​ទីផ្សារ​ពិភពលោក​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​។ ក្នុងនោះ ក្រុម​គណៈកម្មការ​វិនិច្ឆ័យ មាន​សមាសភាព​មកពី​វិស័យ​ពាណិជ្ជកម្ម ទីភ្នាក់ងារ​រដ្ឋាភិបាល និង​សហគមន៍​អ្នកសិក្សា ក្នុងប្រទេស​សិង្ហ​បុរី​។

​ជា​រៀងរាល់ឆ្នាំ ពានរង្វាន់​នេះ​បានផ្ដល់​ជូន​ដល់​សហគមន៍​ពាណិជ្ជកម្ម​សិង្ហ​បុរី សម្រាប់​ចំណាត់ថ្នាក់​ចំនួន​បួន​ប្រភេទ គឺ​ពានរង្វាន់​ពាណិជ្ជករ​ប្រចាំឆ្នាំ ពាន់រង្វាន់​សហគ្រាស​ស​ម្រា​ប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ពានរង្វាន់​នាយក​ប្រតិបត្តិ​ឆ្នើម​ប្រចាំឆ្នាំ និង​នាយក​ប្រតិបត្តិ​ឆ្នើម​ប្រចាំឆ្នាំ​នៅក្រៅ​ប្រទេស​។

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com