អន្តរជាតិ
ចូលកាន់​តំណែង​ភ្លាម ប្រមុខ​ការទូត​អាមេរិក​ថ្មី​ចេញដំណើរ​ទៅ​ទារលុយ​ប្រទេស​អឺរ៉ុប​ភ្លែត​
27, Apr 2018 , 4:24 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ចាប់ដៃអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenburg (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ចាប់ដៃអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenburg (រូបភាព AFP)
​មួយថ្ងៃ​ក្រោយ​ស្បថ​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ប្រញាប់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ជាមួយ​សម្ព័ន្ធមិត្ត​តំបន់​អឺរ៉ុប​។ ក្រៅពី​បញ្ហា​គំរាមកំហែង​របស់​រុស្ស៊ី​ក្នុង​តំបន់ ប្រមុខ​ការទូត​អាមេរិក​ថ្មី​ក៏​នឹង​នាំសារ​ចាស់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅប្រាប់​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន គឺ​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ឲ្យ​បាន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​តាម​ការសន្យា​។



​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី លោក Mike Pompeo បាន​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​២៧ ខែមេសា ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​។ នៅ​ស្នាក់ការ​អង្គការ​ណា​តូ លោក Pompeo ត្រូវបាន​ស្វាគមន៍​ដោយ​លោក​អគ្គលេខាធិការ Jens Stoltenberg ។ លោក Stoltenberg ចាត់ទុក​វត្តមាន​របស់លោក Pompeo នៅ​អឺរ៉ុប​មួយថ្ងៃ​ក្រោយ​ស្បថ​ចូលកាន់​តំណែង ជាការ​ឲ្យ​តម្លៃ​លើ​សម្ព័ន្ធ​ណា​តូ​។​

​ច្បាស់​ណាស់​ថា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​នឹង​ប្រាប់​សម្ព័ន្ធមិត្ត​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក និង​ជំហរ​គាំទ្រ​ឥត​ងាករេ​របស់ខ្លួន​ដើម្បី​ប្រឆាំង​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ស៊ី​រី​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​និយាយ​ដែរ​ថា លោក Pompeo ក៏​នឹង​ពិភាក្សា​ពី​ការពង្រឹង​សន្តិសុខ​រដ្ឋ​អឺរ៉ុប​បែក​ខាងកើត​ដែល​ប្រឈមមុខ​ការគំរាមកំហែង​ពី​សំណាក់​រុស្ស៊ី​ផង​។ យ៉ាងណាមិញ សារ​ដែល​លោក Pompeo នាំមក​ជាមួយ​អាចធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ប្រចាំ​អឺរ៉ុប​ខកចិត្ត​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Pompeo នឹង​រំឭក​ការទាមទារ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា ដើម្បី​កាត់បន្ថយ​អ​ម្រែ​ក​ចំណាយ​របស់​អាមេរិក​។ លោក ត្រាំ ចង់​ឲ្យ​សមាជិក​ណា​តូ​ធ្វើ​ពាក្យសន្យា​របស់ខ្លួន​ដែល​ឯកភាពគ្នា​កន្លងមក គឺ​បង្កើន​ការចំណាយ​សម្រាប់​វិស័យ​កងទ័ព​ឲ្យ​បាន​ពីរ​ភាគ​នៃ​ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​នីមួយៗ​។

​មកទល់​សព្វថ្ងៃ មានតែ​សមាជិក​ណា​តូ​ចំនួន ៦​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ធ្វើតាម​ពាក្យសន្យា​នេះ និង​ប្រទេស​ចំនួន ៩​ទៀត​កំពុង​រៀបចំ​ផែនការ​ដំឡើង​ការចំណាយ​របស់ខ្លួន​។ សមាជិក​ចំនួន​១៣​ផ្សេងទៀត​មិនទាន់មាន​សកម្មភាព​អ្វី​នៅឡើយ​ទេ​រាប់ទាំង​អាល្លឺម៉ង់​ដែលជា​ប្រទេស​សមាជិក​ណា​តូ​ធំជាងគេ និង​មាន​លុយ​ជាងគេ​។ មន្ត្រី​អាមេរិក​និយាយថា អាល្លឺម៉ង់​ចំណាយ​តែ​១.២៤​ភាគរយ​នៃ​GDP របស់ខ្លួន​លើ​វិស័យ​យោធា​។​

​លោក ត្រាំ មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ការស្ទាក់ស្ទើរ​របស់​សមា​ជិ​កណា​តូ​ទាំងនេះ ខណៈ​អ​ម្រែ​ក​ហិរញ្ញវត្ថុ​របស់​អាម​រិ​កពិត​ជាធំ​មែន​ទៀត បើ​ប្រៀបធៀប​ទៅនឹង​ការចំណាយ​របស់​សមាជិក​ផ្សេងទៀត​។ ប្រធានាធិបតី​អាមេរិក​រូប​បានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា អាមេរិក​នឹងមិន​បង្កើន​ការចំណាយ​ឲ្យ​ណា​តូ​ទៀតឡើយ ហើយ​លោក​ក៏​ថែមទាំង​គំរាម​ដក​អាមេរិក​ចេញពី​សម្ព័ន្ធ​យោធា​នេះ​ទៅទៀត​ដោយសារតែ​បញ្ហា​នេះ​៕


Tag:
 អាមេរិក​
  NATO
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com