ជាតិ
សេដ្ឋកិច្ច
World Bank ផ្ដល់​មូលនិធិ ៩០​លាន​ដុល្លារ បង្កើន​គុណភាព​ឧ​ត្ត​មសិ​ក្សា​
27, Apr 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បានអនុម័ត​ផ្ដល់​ហិរញ្ញប្បទាន​ទឹកប្រាក់ ៩០​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​មួយ​ដែល​សំដៅ​ជួយ​បង្កើន​គុណភាព​អប់រំ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​បង្ក​លទ្ធភាព​ដល់​សិស្ស​ក្រីក្រ​ទទួលបាន​ការអប់រំ​នៅ​កម្រិត​នេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​មួយ​នេះ នៅ​ថ្ងៃទី​២៦​ខែមេសា​។​



​នេះ​ជា​គម្រោង​បង្កើន​សមត្ថភាព​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា និង​ជួយ​បង្កើន​គុណភាព​អប់រំ និង​ការស្រាវជ្រាវ​នៅតាម​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​គោលដៅ ហើយ​បង្កើន​ឱកាស​ឲ្យ​ទទួលបាន​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា​។ គម្រោង​នេះ​ក៏​ជួយ​បង្កើន​អភិបាលកិច្ច​នៅក្នុង​វិស័យនេះ​ផងដែរ​។

​គម្រោង​ដែលមាន​រយៈពេល​៦​ឆ្នាំនេះ នឹង​ផ្ដោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) និង​កសិកម្ម​។ តាមរយៈ​គម្រោង​នេះ គេ​រំពឹងថា និស្សិត​ដែល​បញ្ចប់​ការសិក្សា នឹង​ទទួលបាន​ជំនាញ​ដែល​កាន់តែ​ឆ្លើយតប​តម្រូវការ​ទីផ្សារ និង​ប្រែក្លាយ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​ពឹង​ផ្អែកលើ​ចំណេញ ជំនាញ​វិញ​។​

​គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលដៅ​នៃ​គោលនយោបាយ​ការអភិវឌ្ឍ​ឧស្សាហកម្ម តាមរយៈ​សកម្មភាព​ធំៗ​ចំនួន​ប្រាំ រួមមាន ការផ្តល់​មូលនិធិ​សម្រាប់​ការងារ​សិក្សា​ស្រាវជ្រាវ​ក្នុង​មុខវិជ្ជា​អាទិភាព​នានា​, ពង្រីក​ចំនួន​បន្ទប់​សិក្សា និង​មន្ទីរពិសោធន៍​, សង់​និវេសនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់នៅ​, ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន និង​ធ្វើការ​ជាមួយ​ដៃគូរ​អន្តរជាតិ​ក្នុងការ​កែលម្អ​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​នៅក្នុង​មុខវិជ្ជា​ជា​អាទិភាព​។​

​ការសង់​និវេសនដ្ឋាន​សិស្ស​នឹង​សាងសង់​នៅ​រាជ​ធានា​ភ្នំពេញ និង​ការពង្រីក​អាគារ​សិក្សា​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​ចំនួន​ពីរ គឺ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តស្វាយរៀង​។  
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានប្រសាសន៍​ដូច្នេះ​ថា​៖«​គម្រោង​នេះ​នឹង​ជួយ​យើង​ក្នុងការ​ឈានទៅ​បង្កើត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​សម្រាប់​ការអភិវឌ្ឍ​ឧ​ត្ត​មសិ​ក្សា ដើម្បី​ជួយ​ឱ្យ​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​មាន​សមត្ថភាព​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែខ្លាំង​ឡើង​របស់​ទីផ្សារការងារ និង​ឱកាស​កាន់តែច្រើន​សម្រាប់​ធ្វើការ​ចល័ត​ទី និង​ផ្ទេរ​បច្ចេកវិទ្យា​នៅក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​លើសពី​តំបន់​នេះ​ទៅទៀត​»​។​

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា  ថ្លែង​ដូច្នេះ​ថា «​ការកសាង​សមត្ថភាព​ស្រាវជ្រាវ​មានគុណ​ភាព​ខ្ពស់​មួយ និង​ការត្រៀម​ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា​ទៅ​មាន​ជំនាញ​ខ្ពស់ គឺជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា និង​ធនាគារពិភពលោក​»​។ លោកស្រី​បន្តថា​៖«​ការចាប់ផ្តើម​សកម្មភាព​ពី​ពេលនេះ​តទៅ អាចជួយ​កម្ពុជា​មា​នភា​ព​ឈានមុខ​ក្នុង​ទុន​ធនធានមនុស្ស និង​ពង្រឹង​ប្រសិទ្ធភាព​នៅក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា​»​។

​ការផ្តល់​ហិរញ្ញប្បទាន​ពី World Bank នេះ  គឺ​បន្ត​ពី​គម្រោង​បង្កើន​គុណភាព​និង​សមត្ថភាព​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា  (Higher Education Quality and Capacity Improvement Project/HEQCIP) ពី​ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ​២០១៧ ដែល​បាន​កសាង​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​សមត្ថភាព​តាម​វិស័យ និង​បង្កើតឱ្យមាន​បរិស្ថាន​គោលនយោបាយ​ល្អ​មួយ​សម្រាប់​ជំរុញ​ឱ្យ​ការវិនិយោគ​កាន់តែច្រើន​ទៀត​៕


Tag:
 អប់រំ​
  ឧ​ត្ត​មសិ​ក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com