អន្តរជាតិ
កា​រប​ង្រួ​បបង្រួម​កូរ៉េ​ទាំងពីរ ជា​សុ​បិ​នពិបាក​ក្លាយជា​ការពិត ប៉ុន្តែ​...
27, Apr 2018 , 10:20 pm        
រូបភាព
​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដើរ​ឆ្លង​ខណ្ឌសីមា​ព្រំដែន​ចូល​ដី​កូរ៉េខាងត្បូង​ចាប់ដៃ​ជាមួយ​ប្រ​ធានា​ធិបតេយ្យ​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន មុននឹង​អញ្ជើញលោក មូ​ន ចូល​ដី​កូរ៉េខាងជើង​វិញ​នោះ​។ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ហើយ​គ្រប់គ្នា​ក៏​រំពឹង​ខ្ពស់​ទៀត​ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ជា​លើក​ទី​បី​នេះ​។



អ្វីដែល​គេ​រំពឹង​ខ្លាំង​គឺ ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​អាច​នឹងត្រូវ​បង្កើតឡើង​ដោយ​មេដឹកនាំ​ទាំងពីរ​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ ព្រោះ​តាម​បច្ចេកទេស​សង្គ្រាម​នេះ​នៅ​បន្ត​នៅឡើយ​។ បើ​មាន​កិច្ចព្រមព្រៀង​នេះ​មែន សន្តិភាព​ដែល​ធ្លាប់​លិច​បាត់​នឹងមាន​ជា​អចិន្ត្រៃយ៍ ហើយ​វា​ក៏​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពិភាក្សា​បន្ត​ពី​ការផ្សះផ្សា​និង​រួម​រួប​ជាតិ​ដែរ​។

​ការ​បង្រួម​បង្រួម​កូរ៉េ​ទាំងពីរ​ជា​រឿង​សំខាន់ ហើយ​គំនិត​នេះ​ត្រូវបាន​គេ​លើកឡើង​ជាច្រើនលើក​ច្រើនសារ​រាប់​ចាប់ពី​សង្គ្រាម​បញ្ចប់​ឆ្នាំ ១៩៥៣ មកម្ល៉េះ​ជាពិសេស​ឲ្យ​តែ​ពេល​មាន​កិច្ចប្រជុំ​អន្តរ​កូរ៉េ​បែបនេះ​កើតឡើង​។ ជា​ឧទាហរណ៍​ក្នុង​កិច្ចប្រជុំ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០០៧ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ធ្លាប់មាន​ការរំពឹង​ច្រើនដង ថា ការរួបរួម​គ្នា​នេះ​អាច​កើតឡើង​ក្រោយ​របប​ដឹកនាំ​ត្រកូល​គីម ដួលរលំ​ថែមទៀត​ជាពិសេស​ក្នុងពេល​អំឡុង​ឆ្នាំ ១៩៩០ ពេល​សង្គ្រាមត្រជាក់​បិទ​បញ្ចប់ ដោយ​ការដួលរលំ​របស់​សហ​ភាព​សូ​វៀត​នោះ​។

​ប៉ុន្តែ​គ្រប់យ៉ាង​មិន​ដូច​ការរំពឹងទុក ហើយ​វា​ក្លាយជា​រឿង​វែងឆ្ងាយ​ដែល​មិន​ងាយ​សម្រេចបាន​ថែម​ទៀតផង​។ យ៉ាងណា​ក៏ដោយចុះ បើសិន​ពេលនេះ មេដឹកនាំ​កូរ៉េ​ទាំងពីរ​និយាយ​ដល់​ការ​បង្រួម​បង្រួម​ប្រទេស​វា​ជា​រឿង​គួរ​ឲ្យ​សាទរ​ក្រៃ​លេង ប៉ុន្តែ​ដំណើរការ​នេះ​នឹងត្រូវ​ប្រឈម​ការលំបាក​ច្រើនយ៉ាង ទាំង​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ផង​។ 

​បញ្ហា​ដំបូង​គឺ ទាក់ទង​នឹង​កត្តានយោបាយ​។ ឧបសគ្គ​ចម្បង​នយោបាយ​គឺ វា​ទាក់ទង​ខ្លាំង​នឹង​ឆន្ទៈ ឬ​ការជឿជាក់​គ្នា​រវាង​មេដឹកនាំ​ក្នុង​ការកំណត់​យន្តការ​នៃ​ការបង្រួបបង្រួម​ប្រទេស​។ និយាយ​ដល់​ត្រឹមនេះ ចម្ងល់​មួយ​ដ៏​ធំ​លេចចេញ​មក​គឺ តើ​ត្រូវ​កំណត់​របៀបរបប ឬ​ប្រព័ន្ធ​ដឹកនាំ​បែបណា​ទើប​អាច​ធានាថា ការបង្រួបបង្រួម​គ្នា​អាចធ្វើ​ទៅបាន​ដោយ​រលូន​? តើ​រដ្ឋ​សហព័ន្ធ ឬ​រដ្ឋ​ទោល​? តើ​គួរ​ជ្រើស​រើសយក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ដែល​មាននៅ​កូរ៉េខាងត្បូង ឬ សង្គមនិយម​នៅ​កូរ៉េខាងជើង​?

នេះ​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​បំផុត ហើយ​វា​ក៏ត្រូវ​ការ​ពេល​មិនតិច​ឆ្នាំ​ដែរ​ទម្រាំ​អាច​ធានាបាន​ថា ភាគី​ទាំងសងខាង​ពេញ​ចិត្តនឹង​ដំណោះស្រាយ​។ ករណី​កូរ៉េ​ខុសគ្នា​ដាច់​ពី​សំណុំរឿង​អាល្លឺម៉ង់​ដែល​មិន​ច្បាំង​បងប្អូន​ឯង ហើយក៏​ខុសពី​វៀតណាម​ដែល​បញ្ចប់សង្គ្រាម​ដោយ​ភាគី​ម្ខាង​មានប្រៀប​ក្នុងការ​កាន់កាប់ និង​គ្រប់គ្រង​ភាគី​មួយទៀត​បាន​ទាំងស្រុង​នោះ​។​

 ​យ៉ាងណាកដោយ​ចុះ បើ​យោងតាម​ទស្សនា​វ​ដ្តី Times  អ្នកជំនាញ​ផ្តល់យោបល់​ថា «​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​» ដូចដែល​ចិន​អនុវត្ត​ជាមួយ​ទឹកដី​ហុងកុង​អាចជា​ជម្រើស​ល្អ​សម្រាប់​កូរ៉េ​ទាំងពីរ​។ កូរ៉េខាងជើង​ដែលមាន​ប្រជាជន​ប្រហែល ២៥ លាន​នាក់​នោះ​អាច​ដើរតួ​ជា​ហុងកុង ខណៈដែល​កូរ៉េខាងត្បូង​ដែលមាន​ប្រជាជន ៥១ លាន​នាក់​នោះ​អាច​ដើរតួ​ជា​ចិនដីគោក​ផង​។ 

 ​គេ​សង្កេតឃើញថា មេដឹកនាំ​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ផ្សះផ្សា​និង​បង្រួបបង្រួម​ជាតិ ហើយ​ក្នុងនាម​ជា​អ្នកច្បាប់​សិទ្ធិមនុស្ស លោក​មាន​បុគ្គលិកលក្ខណៈ និង​គោលជំហរ​ប្លែក​ពី​អ្នកនយោបាយ​អភិរក្ស​មុនៗ​ផង​។ ណាមួយ​ទៀត ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ អាចជា​រឿង​ផ្ទាល់ខ្លួន​របស់លោក មូ​ន ចេ​អ៊ី​ន ផង​។ ស្ថិតក្នុង​វ័យ ៦៥ ឆ្នាំ លោក មូ​ន ចេ​អ៊ី​ន បាន​កើតឡើង​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្រោយ​ឪពុកម្តាយ​លោក​រត់​ភៀសខ្លួន​ចូលទៅ​កូរ៉េខាងជើង​អំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០​ដល់​ឆ្នាំ ១៩៥៣​នោះ​។

​វា​មិនអាច​ប្រកែក​បានឡើយ​ដែលថា ពីថ្ងៃ​នេះ​ទៅមុខ លោក​នឹង​បន្ត​ប្រឹងប្រែង​យ៉ាងសកម្ម​ថែមទៀត​ដើម្បី​ជំរុញ​ការផ្សះផ្សា និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្រួបបង្រួម​ប្រជាជាតិ​ទាំងពីរ ទោះ​ប្រឈម​ឧបសគ្គ​ច្រើន​ក៏ដោយ​។​

​ចំណុច​បន្ទាប់​គឺ​កត្តាសេដ្ឋកិច្ច​។ វា​មាន​គម្លៀត​គ្នា​ខ្លាំងណាស់​រវាង​សេដ្ឋកិច្ច​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដោយ​មួយ​ជា​ប្រទេស​ក្រីក្រ​បំផុត (​ផលិតផល​ក្នុងស្រុក​សរុប​ប្រហែល ២៨ ពាន់​លាន​ដុល្លារ​) ខណៈ​មួយទៀត​ជា​ប្រទេស​ស្ថិតក្រោម​ក្នុងចំណោម​មហាអំណាច​សេដ្ឋកិច្ច (១,៤១១​ទ្រី​លាន​ដុល្លារ​)​។ ចង់​មិន​ចង់ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ដោយសារ​គម្លៀត​សេដ្ឋកិច្ច និង​សង្គម​ដ៏​ធំ​នេះ​ជាពិសេស​ក្នុង​ការធានា​ស្ថិរភាព​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​សង្គម​ជាដើម​។​

​អ្នកជំនាញ​មួយចំនួន​បានផ្តល់​យោបល់​ថា បើ​ការ​បង្រួម​បង្រួម​គ្នា​រវាង​កូរ៉េ​ទាំងពីរ​នេះ​អាច​កើតឡើង​ខ្ទង់​បី ទសវត្សរ៍​មុន​ប្រហែលជា​ល្អប្រសើរ ព្រោះ​វា​មិនសូវមាន​គម្លៀត​សេដ្ឋកិច្ច​ធំ​ដូច​បច្ចុប្បន្ន​ឡើយ​។

​សេដ្ឋកិច្ច​នេះ​ជា​រឿង​ធ្ងន់ធ្ងរ ព្រោះ​យើង​ឃើញ​អាល្លឺម៉ង់​ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​។ ឆ្នាំ ១៩៩០  អាល្លឺម៉ង់​ខាងលិច និង​ខាងកើត​ព្រម​បង្រួបបង្រួម​គ្នា  ដោយ​បញ្ចប់​ជញ្ជាំង​ប៊ែ​កឡាំង​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ប៉ុន្តែ​អ្វីដែល​កើតឡើង គឺ​អាល្លឺម៉ង់​ខាងលិច​ត្រូវ​រងបន្ទុក​ធ្ងន់​។ នេះ​អាល្លឺម៉ង់​ទាំងពីរ​កាលនោះ មិនសូវមាន​គម្លៀត​សេដ្ឋកិច្ច​ធំ​ដូច​កូរ៉េ​ទាំងពីរ​បច្ចុប្បន្ន​ផង​នោះ​។ 

​ពិត​ហើយ​ដែលថា ប្រជាជន​កូរ៉េខាងត្បូង​នឹងរង​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដែលមាន​ធនធាន​នោះ ត្រូវ​ចំណាយ​ថវិកា​ច្រើនសន្ធឹក​ដើម្បី​ជួយ​ជំរុញ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កូរ៉េខាងជើង​លើ​វិស័យ​សំខាន់ៗ​ទាំង​សុខ​ភិ​បាល ធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​កូរ៉េខាងជើង​ឲ្យ​ដើរ​តាម​ទាន់​កូរ៉េខាងត្បូង​នោះ​។ ពិត​ហើយ ដើម្បី​អាច​បញ្ចៀស​បញ្ហា មុន​មានការ​បង្រួម​បង្រួម​ជាតិ​នេះ​កើតឡើង កូរ៉េខាងត្បូង​ប្រហែលជា​ត្រូវ​ទុកពេល​វេលា​ឲ្យ​កូរ៉េខាងជើង​រៀបចំខ្លួន​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​បញ្ហា រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ជាពិសេស​បញ្ហា​កំណើន​ប្រជាជន​ក្រីក្រ ក៏ដូចជា​ចាស់ជរា  រួម​ទាង​ដោះស្រាយ​បញ្ហា​អ្នកគ្មានការងារ​ធ្វើ​ដ៏​ច្រើន​ផង​នោះ​។​

​ចំណុច​បន្ទាប់​គឺ កត្តា​សង្គម​។ កត្តា​មួយ​នេះ​បែងចែក​ទៅជា​បញ្ហា​តូចៗ​ច្រើន​ទៀត​។ ជារួម​ការបង្រួបបង្រួម​កូរ៉េ​មានន័យថា កូរ៉េខាងត្បូង​ត្រូវ​ស្រូបយក​ប្រជាជន​កូរ៉េខាងជើង​ក្នុងចំណោម​នោះ​មាន​រាប់លាន​នាក់​ដែល​មិនមាន​ចំណេះដឹង​ខ្ពស់​។ ប្រាកដ​ណាស់​ថា បញ្ហា​សង្គម​នឹង​កើតឡើង​ច្រើន ដែល​បង្ក​ការលំបាក​ដល់​ប្រជាជន​កូរ៉េខាងត្បូង និង​អាជ្ញាធរ​ផងដែរ​។

​ក្រៅពី​បញ្ហា​នេះ​គឺ ប្រជាជន​ក្មេង​កូរ៉េខាងត្បូង​មិនសូវ​គាំទ្រ​ការរួបរួម​គ្នា​រវាង​ប្រជាជាតិ​ទាំងពីរ​នេះ​ទេ​។ និយាយ​ដល់​បញ្ហា​ប្រជាជន ប្រហែល​ជាមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​គាំទ្រ​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​។ អ្នក​ដែល​ចង់ឃើញ​ការ​ប្រែក្លាយ​កូរ៉េ​ទាំងពីរ​ជា​កូរ៉េ​តែមួយ​គឺ ប្រជាជន​ចាស់ៗ​ដែល​កើតមុន​ឬ​ជំនាន់​សង្គ្រាម​កូរ៉េ ព្រោះ​ពួកគេ​រង​ទុក្ខ​ខ្លោចផ្សា​ដោយសារ​ព្រាត់ប្រាស​បងប្អូន ឪពុកម្តាយ​ប្តី​ប្រពន្ធ​ផង​នោះ​។ បើ​មានការ​ផ្សះផ្សា និង​បង្រួបបង្រួម​គ្នា​មែន​នោះ រស់​នាំ​ជាមួយគ្នា​ជួបជុំ​ក្រុមគ្រួសារ​វិញ​ដោយ​សុខដុមរមនា​ផងដែរ​។

​ចំណែក​ក្មេង ហាក់​មានគំនិត​និង​ការយល់ឃើញ​ដោយឡែក​។ មិនមែន​ពួកគេ​ស្អប់​ប្រជាជន​កូរ៉េខាងជើង​ទេ ប៉ុន្តែ​អារម្មណ៍​ជា​បងប្អូន​ឈាម​តែមួយ​នោះ​ហាក់​កាន់តែ​រសាយ ហើយ​ពួកគេ​មើលឃើញថា ការបង្រួបបង្រួម​គ្នា​នេះ​មិនមាន​សារសំខាន់​ជាង​ការបញ្ចប់​សង្គ្រាម និង​រស់នៅ​ជា​មិត្ត​ជិតខាង​ល្អ​ឡើយ​។ នេះ​មិន​និយាយ​ដល់​កង្វល់​របស់​ពួកគេ​ពាក់ព័ន្ធ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​នោះឡើយ​។​

យោងតាម​របាយការណ៍​ស្ទង់​មតិ​ឆ្នាំ ២០១៧ រៀបចំឡើង​ដោយ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការបង្រួបបង្រួម​ជាតិ​នៅ​ក្រុង​សេ​អ៊ូ​ល  ក្មេងៗ​កូរ៉េខាងត្បូង​ស្ថិតនៅ​អាយុ​ខ្ទង់ ២០ រហូតដល់ ៧១,២ ភាគរយ​​ជំទាស់​គំនិត​បង្រួបបង្រួម​កូរ៉េ​នេះ ខណៈដែល​ភាគរយ​នៃ​ប្រជាជន​នៅ​ទូទាំងប្រទេស​ដែល​គាំទ្រ​ការបង្រួបបង្រួម​ប្រទេស​ធ្លាក់​ពី ៦៩,៣​ភាគរយ​ក្នុងពេល​បួន​ឆ្នាំមុន មក​ត្រឹម ៥៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៧​។ 

​កត្តា​សំខាន់​មួយទៀត​គឺ​សន្តិសុខ​។ សន្តិសុខ​នេះ គឺ​សំដៅលើ​ការរៀបចំ​សមាហរណកម្ម​កងទ័ព និង​សព្វាវុធ​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង​។ និយាយ​ដល់​ការបង្រួបបង្រួម​ប្រទេស​គឺ  ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋាភិបាលកណ្តាល​នៃ​រដ្ឋ​មួយ បើទោះបីជា​ភាគី​ទាំងពីរ​ព្រម​ជ្រើស​រើសយក​ប្រព័ន្ធ​ដឹកនាំ​បែប​សហព័ន្ធ​ឬ​ដូច​ចិន និង​ហុងកុង​ក៏ដោយចុះ​។

​បើតាម​របាយ​ណ៍​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង គេ​ជឿជាក់ថា កូរ៉េខាងជើង​មាន​កង​ទ័ព​សកម្ម ១,១ លាន​នាក់ រួមជាមួយ​កងទ័ព​បម្រុង​៧,៧ លាន​នាក់​ឯណោះ​។ ក្រៅពី​កងទ័ព កូរ៉េខាងជើង​មាន​យន្តហោះ​ច្រើនជាង ១៣០០​គ្រឿង​,  ឧទ្ធម្ភាគចក្រ ៣០០ គ្រឿង​, នាវា​ដឹកជញ្ជូន ២៥០ គ្រឿង​, នាវា​ប្រយុទ្ធ ៤៣០, រថក្រោះ ៤៣០០ គ្រឿង​, រថយន្តយោធា ២៥០០​គ្រឿង​, នាវាមុជទឹក ៦០​គ្រឿង និង មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ឆ្លង​ទ្វីប និង​រយៈ​ចម្ងាយ​ខ្លី​ច្រើន​ដើម បូករួម​ជាមួយ​អាវុធ​គីមី និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ៦០​ថែម​ទៀតផង​។    

​នេះហើយ​ជា​បញ្ហា​ធំ​។ គេ​មិនទាន់​អាច​ដឹងថា គូភាគី​នឹង​ព្រម​ឯកភាពគ្នា​លើ​ការគ្រប់គ្រង​កងទ័ព និង​សព្វាវុធ​នេះ​ដោយ​របៀប​ម៉េច​ទេ ជាពិសេស​អាវុធ​នុយក្លេអ៊ែ​រ ឬ​អាវុធ​គីមី​របស់​កូរ៉េខាងជើង​នោះ​។ អ្វីដែល​សំខាន់​នោះ គឺ​មកដល់​បច្ចុប្បន្ន​គេ​មិនទាន់​ដឹង​សូម្បីតែ​ទីតាំង​នៃ​សព្វាវុធ​ទាំងនោះ ខណៈដែល​ការសម្រេចចិត្ត​ចុងក្រោយ​ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​តាម​ការចង់បាន​របស់​ប្រធានាធិបតី​អាមេរិក​នោះ​នៅតែ​ជា​រឿង​ស្រពេចស្រពិល​នៅឡើយ​សម្រាប់​សហគមន៍​អន្តរជាតិ​នោះ​។​

​ក្តីបារម្ភ​ផ្នែក​សន្តិសុខ​មួយទៀត​នោះ​គឺ អ្នកជំនាញ​នយោបាយ​អ​ន្ត​រ​ជាតិ​ខ្លះ​បាន​ចោទ​ជា​សំណួរ​ផងដែរ​ចំពោះ​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ដែល​កូរ៉េខាងជើង​ទិញ​ឲ្យ​មកជួយ​ស្រាវជ្រាវ និង​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កន្លងមក​នោះ​។ បើ​មានការ​រួបរួមគ្នា ដោយមាន​ការរំសាយ​ស​ព្វា​វុ​ធ​មែន​នោះ ក្រុម​នេះ​នឹង​លែងមាន​ការធ្វើ​ទៀត​។ បើ​គ្មាន​ការគ្រប់គ្រង​ឲ្យ​បាន​ដិតដល់ ក្រុម​ជំនាញ​នេះ​អាច​នឹង​លក់​បច្ចេកវិទ្យា ឬ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​ឬ​ក្រុម​ឧក្រិដ្ឋជន​ក៏​ថា​បាន​។

​ចុងក្រោយ​គឺ ឧបសគ្គ​ផ្នែក​ភូមិសាស្ត្រ​។ មិនមែន​គ្រប់គ្នា​ចង់​ឲ្យ​កូរ៉េ​ទាំងពីរ​ក្លាយជា​កូរ៉េ​តែមួយ​ឡើយ​។ តាំងពី​ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥៣ អាមេរិក​នៅ​បន្ត​គាំទ្រ​កូរ៉េខាងត្បូង​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដោយ​សន្ធិសញ្ញា ខណៈដែល​ចិន ជា​ខ្នងបង្អែក​របស់​កូរ៉េខាងជើង​។ សំណួរ​សួរថា តើ​មហាអំណាច​ទាំងនេះ​ចង់ឃើញ​ការរួបរួម​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ឬ​អត់​?

​មកដល់​បច្ចុប្បន្ន អាមេរិក​បន្ត​ប្រើប្រាស់​កូរ៉េខាងត្បូង​ដើម្បី​ពង្រឹង​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​បញ្ហា​កូរ៉េខាងជើង​ធ្វើ​ឲ្យ​អាមេរិក​មាន​លេស​ពង្រឹង​យោធា​របស់ខ្លួន​ក្នុង​តំបន់ និង​រក្សា​កងទ័ព​ជិត​បី​ម៉ឺន​នាក់​នៅ​កូរ៉េខាងត្បូង និង​ជិត​ប្រាំ​ម៉ឺន​នាក់​នៅ​ជប៉ុន​ផង​នោះ​។ បន្ថែម​ពីនេះ​អាមេរិក​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង​ទៀត ដោយ​លើក​ហេតុផល​កូរ៉េខាងជើង​។​

​មហា​យក្ស​ចិន​ឯណោះ​វិញ គឺមាន​កូរ៉េខាងជើង​ជា​កូនជឹង​ខ្លួន ប៉ុន្តែ​ចិន​ទំនងជា​ចង់ឃើញ​ការបញ្ចប់​ការបង្ក​រឿង​ដោយ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជាជាង​ការច្របាច់បញ្ចូលគ្នា​រវាង​កូរ៉េ​ទាំងពីរ​ដែរ​។ កាលណា​បើ​កូរ៉េខាងជើង​ឈប់​បង្ករឿង​ដោយ​ជ្រើស​រើសយក​សន្តិភាព​មែន ចិន​អាច​លើក​កង្វល់​ខ្លួន​ដោយ​ទាមទារ​ឲ្យ​អាមេរិក​ដក​កងទ័ព និង​សព្វាវុធ​ចេញពី​ឧបទ្វីប​កូរ៉េ​ផង​ក៏​ថា​បាន​។ 

​សរុបមក​ឲ្យ​តែ​ភាគី​ទាំងពីរ​ធ្វើជា​អ្នកជិតខាង​ល្អ ដោយ​អាច​រក្សា​សន្តិសុខ និង​សន្តិភាព​ល្អប្រសើរ​នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល​នោះ​វា​ជា​រឿង​ល្អ​ណាស់​ទៅហើយ វា​មិនចាំបាច់​ទាល់តែ​មានការ​ប​ង្រូ​ប​បង្រួម​កូរ៉េ​ទាំងពីរ​ឡើយ​។ ប៉ុន្តែ​នៅក្នុង​ករណី​ដែល មេដឹកនាំ​ប្រទេស​ទាំងពីរ​អាច​រក​វិធីសាស្ត្រ​បង្រួបបង្រួម​ប្រទេស​ទាំង​ពីរបាន​ដោយ​សន្តិវិធី និង​មិនមាន​ផលប៉ះពាល់​ធំធេង​នៅពេល​អនាគត​យូរអង្វែង​ទៅមុខ​នោះ វារឹតតែ​ប្រសើរ​បំផុត​ទៀត​៕


Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com