កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋី​លំដាប់​ទី​២១៧​ពិភពលោក​ចរចា​ទិញ​កីឡដ្ឋាន Wembley តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​
28, Apr 2018 , 7:59 pm        
រូបភាព
លោក Shahid Khan ឈរនៅកណ្តាល
លោក Shahid Khan ឈរនៅកណ្តាល
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) កំពុង​ពិចារណា​ទទួលយក​សំណើរ​ទិញ​កីឡដ្ឋាន Wembley ពី​សំណាក់​មហាសេដ្ឋី​ពាន់​លាន​លោក Shahid Khan ដើម្បី​យក​ធ្វើជា​ទីលាន​ប្រើប្រាស់​សម្រាប់​ការប្រកួត​កីឡា​បាល់អោប ក្នុងតម្លៃ ៩០០​លាន​ផោន ស្មើនឹង ១.២៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​អ្នកជំនួញ​សញ្ជាតិ​ពីរ អាមេរិក​និង​ប៉ា​គី​ស្ថាន ដែលជា​ម្ចាស់​ក្លិប Fulham និង​ជា​ម្ចាស់​ក្លិប​បាល់អោប Jacksonville Jaguars នៃ​លី​ក​កំពូល NFL របស់​អាមេរិក គឺ​កំពុង​នៅ​ពីក្រោយ​ការដេញថ្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​នេះ​ដើម្បី​ទិញ​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស ហើយ​លោក​សង្ឃឹមថានឹង​បញ្ចប់​ការទិញ​ក្នុង​រយៈពេល ៣​ខែ​។​



​យោងតាម​កាសែត Evening Standard លោក Shahid Khan ដែលជា​សេដ្ឋី​លំដាប់​ទី​២១៧​ពិភពលោក ដោយ​ការចាត់​ថ្នាក់​ពី​ទស្សនា​វ​ដ្តី Forbes នៅ​ឆ្នាំ​២០១៨​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រធាន FA លោក Martin Glenn ដើម្បី​ផ្ទេរ Wembley ជា​កម្មសិទ្ធិ​ទៅ​ឲ្យ​ជនបរទេស​ជា​លើកដំបូង​។​

Wembley ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ចាប់ពី​ឆ្នាំ​២០០៧ មក អាច​ផ្ទុក​ទស្សនិកជន​បាន​ចំនួន ៩០០០០​នាក់ ក្រោយ​ការកសាង​អស់​រយៈពេល​៧​ឆ្នាំ ជាមួយនឹង​ការចំណាយ​ទឹកប្រាក់​សរុប​អស់​៧៥៧​លាន​ផោន ស្មើនឹង ១​ពាន់​លាន ៥​សែន​ដុល្លារ​៕


Tag:
 Shahid Khan
  Wembley
© រក្សាសិទ្ធិដោយ thmeythmey.com