ជាតិ
អង្គការមួយ រៀបចំសិក្ខាសាលា ដើម្បីលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការបោះឆ្នោត
× ភ្នំពេញ៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានរៀបចំសិក្ខាសាលាស្ដីពីការលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតឆ្នាំ២០១៨។ សិក្ខាសាលានេះ មានការចូលរួមសិស្សនិស្សិត អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។
សិក្ខាសាលាខាងលើ រៀបចំដើម្បីចែករំលែកចំណេះដឹង ទាក់ទងនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌។ វាគ្មិន ដែលចូលរួមក្នុងសិក្ខាសាលានេះ គឺមកពីស្ថាប័នគ.ជ.ប. ក្រសួងព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។
កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានលើកឡើងថា សិក្ខាសាលានេះ នឹងជួយកសាងទំនាក់ទំនងរបស់អ្នកសារព័ត៌មាន និងបុគ្គលិកការងារផ្សេងៗ ពិសេសរួមចំណែកក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់គ.ជ.ប. បានលើកឡើងថា គ.ជ.ប. បានលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីផ្សព្វផ្សាយពីដំណើរការបោះឆ្នោត។ លោក បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយ បានផ្សព្វផ្សាយពីព័ត៌មានដំណើរការបោះឆ្នោតដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
ខន កែវមនោ
ACT
ស្រី សុធាវី
© រក្សាសិទ្ធិដោយ thmeythmey.com