កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ក្លាយជា​ម្ចាស់​ពាន La Liga ហើយ Iniesta ចាប់ផ្តើម​លា​អ្នកគាំទ្រ​
30, Apr 2018 , 11:21 am        
រូបភាព
Andres Iniesta អបអរក្រោយ Barcelona ឈ្នះ Deportivo Coruna ដើម្បីក្លាយជាម្ចាស់ពាន La Liga លើកទី២៥។ រូបថត AFP
Andres Iniesta អបអរក្រោយ Barcelona ឈ្នះ Deportivo Coruna ដើម្បីក្លាយជាម្ចាស់ពាន La Liga លើកទី២៥។ រូបថត AFP
Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២ របស់ Barcelona លើ​ម្ចាស់ផ្ទះ Deportivo La Coruna ដើម្បី​ជួយ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ក្លាយជា​ពាន La Liga ខណៈ​ពួកគេ​នៅសល់​៤​ប្រកួត​ទៀត​នៅក្នុង​ដៃ​។ ជាមួយគ្នានេះ​ផងដែរ ខ្សែបម្រើ​ឆ្នើម Andres Iniesta បានចាប់ផ្តើម​លា​អ្នកគាំទ្រ​របស់ខ្លួន ក្រោយ​ការប្រកាស​ចេញពី​ក្លិប​នៅ​ចប់​រដូវ​កាល​។​



​ក្រោម​ការដឹកនាំ​រដូវ​កាល​ដំបូង​របស់លោក Ernesto Valverde ក្លិប Barcelona បានឈ្នះ​ពាន La Liga ជា​លើក​ទី​២៥ បន្ទាប់ពី​បាន​យកឈ្នះ Deportivo La Coruna ៤-២ នៅ​កីឡដ្ឋាន Riazor​។ Barcelona បាន​នាំមុខ​២​គ្រាប់​មុន ដែល​សម្រេចបាន​ដោយ Philippe Coutinho និង Messi ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​វាយបក​វិញ​បាន​២​គ្រាប់​ពី​សំណាក់ Lucas Perez និង Emre Colak មុនពេល​ដែល Messi បន្ថែម​បាន​២​គ្រាប់​ទៀត​ជាមួយនឹង​ការប្រកួត​១០​នាទី​ដែល​នៅ​សេសសល់​។​

Barcelona មាន​ពិន្ទុ​លើស​ក្រុម​លេខ​២ Atletico Madrid រហូតដល់​ទៅ​១១​ពិន្ទុ ខណៈ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Real Madrid មាន​៧១​ពិន្ទុ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ទាំងបី សុទ្ធតែ​ទទួលបាន​កៅអី​នៅ Champions League នា​រដូវ​កាល​ក្រោយ ស្រប​ពេលដែល Deportivo La Coruna, Las Palmas និង Malaga បាន​ធ្លាក់​ទៅលេង​នៅ Segunda Division​។​

​នៅ​ថ្ងៃ​ដដែល ខ្សែបម្រើ​ឆ្នើម​អេ​ស្ប៉ា​ញ Andres Iniesta បានចាប់ផ្តើម​លា​អ្នកគាំទ្រ​របស់ខ្លួន បើ​គិត​ចាប់តាំងពី​គេ​ប្រកាស​ចាក​ចេញពី​ក្លិប​នៅ​ចប់​រដូវ​កាល​។ សម្រាប់​ការប្រកួត​នេះ Iniesta បាន​ចូល​លេង​នៅ​៣​នាទីចុងក្រោយ​។​

Iniesta បាន​ចូល​លេង​ជា​កីឡាករ​យុវជន Barcelona ចន្លោះ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១ ហើយ​លេង​នៅ​ឈុត B រវាង​ឆ្នាំ​២០០១-២០០៣ មុននឹង​លេង​ជា​ទៀងទាត់​ឲ្យ​ឈុត​ធំ រហូតដល់​បច្ចុប្បន្ន​។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ឈ្នះ​ពាន La Liga សរុប​ចំនួន​៩​លើក ពាន Copa del Rey ៦​លើក ពាន Supercopa de Espana ៧​លើក ពាន UEFA Champions League ៤​លើក ពាន UEFA Super Cup ៣​លើក ពាន FIFA Club World Cup ៣​លើក និង​ពាន​ឯកត្តជន​ជាច្រើន​ទៀត​ក្នុងនាម​ជា​កីឡាករ​របស់ Barcelona៕


Tag:
 បាល់ទាត់​
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com