រថយន្ត
អន្តរជាតិ
Mercedes Benz ជម្រើស​របស់​មេដឹកនាំ​កូរ៉េ​ទាំងពីរ​សម្រាប់​ជំនួប​ប្រវត្តិសាស្ត្រ​
30, Apr 2018 , 7:19 pm        
រូបភាព
អង្គរក្ស១២នាក់ហែរហមរថយន្តលោក គីម ជុងអ៊ុន។ រូបថត AFP
អង្គរក្ស១២នាក់ហែរហមរថយន្តលោក គីម ជុងអ៊ុន។ រូបថត AFP
ដោយ: ធីតា
​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានធ្វើ​ដំណើរ​២១០​គីឡូម៉ែត្រ​ពី​ក្រុង​ព្យុងយ៉ាង​ទៅ​ភូមិ Panmunjeom សម្រាប់​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​លោក Moon Jae-in នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ ក្រៅពី​សារ​នយោបាយ​សំខាន់ៗ សារព័ត៌មាន Korea Herald បាន​ផ្តោត​ចំណាប់អារម្មណ៍​លើ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​របស់​មេដឹកនាំ​ទាំងពីរ ដោយ​ពួកគាត់​សុទ្ធតែ​បានជ្រើសរើស Mercedes-Benz​។​



​ដំណើរ​របស់លោក គីម ជុង​អ៊ុន នៅក្នុង​ទឹកដី​កូរ៉េខាងជើង មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឡើយ ប៉ុន្តែ​នៅពេលដែល​លោក​ចេញដំណើរ​ទៅ​បរិភោគ​អាហារ​ថ្ងៃត្រង់ កាមេរ៉ា​ជាច្រើន​បាន​ផ្តោតទៅលើ​ម៉ូ​ដែល​រថយន្ត​ដែល​លោក គីម ជិះ នោះ គឺ Mercedes-Benz S600 Pullman Guard ពណ៌​ខ្មៅ​ដ៏​ទំនើប​។​

​ក្នុង​ដំណើរ​នោះ រូបភាព​វីដេអូ ដែលមាន​ការផ្សាយ​ផ្ទាល់​ពេញ​ពិភពលោក​ផងដែរ​នោះ បង្ហាញ​ពី​សកម្មភាព​អង្គរក្ស​១២​រូប រត់​ហែរ​ហម​ជុំវិញ​រថយន្ត​របស់លោក គីម ជុង​អ៊ុន ក្នុង​ដំណើរ​ទៅ​បរិភោគ​អាហារ​នៅ​ទឹកដី​កូរ៉េខាងជើង​វិញ ក្រោយ​កិច្ចពិភាក្សា​ពេលព្រឹក​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន​។​



​ជា​រឿង​ចៃដន្យ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ប្រើប្រាស់​រថយន្ត S600 Pullman Guard ពេលចេញ​ដំណើរ​ទៅ​ជួប​លោក គីម ជុង​អ៊ុន ផងដែរ​។ Korea Herald បាន​រាយការណ៍​ថា ម៉ូ​ដែល​រថយន្ត​ដែល​លោក មូ​ន ប្រើប្រាស់ គឺ​ដូចនឹង​រថយន្ត​របស់​ប្រធានាធិបតី​ទី​១៥ លោក Kim Dae-jung និង​ទី​១៧ លោក Lee Myung-bak កន្លងមក​ផងដែរ ខណៈ​លោក Roh Moo-hyun ប្រើ BMW 760Li High Security រីឯ​អ្នកស្រី Park Geun-hye ប្រើ Hyundai EQUUS Stretch Edition​។​



​ទាក់ទង​នឹង​ការប្រើប្រាស់​រថយន្ត​រប​ស់លោក គីម ជុង​អ៊ុន របាយការណ៍​បរទេស​ជាច្រើន​បានលើកឡើង​ថា មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ មាន​រថយន្ត​ទំនើបៗ​ជាង​១០០​គ្រឿង ដែល​ចំណាយ​ថវិកា​ក្នុង​ខ្ទង់​២០​លាន​ដុល្លារ​អាមេរិក​។​
​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៧ លោក គីម បាន​ប្រើប្រាស់​រថយន្ត Mercedes-Benz S600 Pullman Guard ផងដែរ​ក្នុង​ក្បួនព្យុហយាត្រា​មួយ​ក្នុង​ក្រុង​ព្យុងយ៉ាង ហើយ​រថយន្ត​ម៉ូ​ដែល​នេះ ក៏ត្រូវ​បាន​គេ​សង្កេតឃើញ​នា​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ក្រុង​ប៉េកាំង កាលពី​ខែមីនា កន្លងមក​ផងដែរ​។​

​ទោះជា​មិនមាន​រូបភាព​ច្រើន​ជា​ភស្តុតាង​ក៏ដោយ ប៉ុន្តែ​របាយការណ៍​នានា​ក៏បាន​លើកឡើងថា លោក គីម ជុងអ៊ីល ឪពុក​របស់លោក គីម ជុង​អ៊ុន ស្រឡាញ់​រថយន្ត Mercedes ខ្លាំងណាស់​។ របាយការណ៍​ថា អតីត​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ បាន​ចំណាយ​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ទៅលើ​រថយន្ត Mercedes ចំនួន​២០​គ្រឿង​។​



​នៅ​២០០៩ លោក គីម ជុងអ៊ីល បាន​ទិញ​រថយន្ត Mercedes-Benz S600 Pullman Guard ចំនួន​ពីរ​គ្រឿង ជំនួស​ម៉ូ​ដែល Maybach​។ នា​ឆ្នាំ​ដដែល​នោះ កូរ៉េខាងជើង​បាន​នាំចូល​រថយន្ត​អឺរ៉ុប​ក្នុង​ទឹកប្រាក់​៣.១​លាន​ដុល្លារ​អាមេរិក ។​

​នៅ​ឆ្នាំ​២០១១ បន្ទាប់ពី​លោក គីម ជុងអ៊ីល ទទួលមរណភាព របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ បាន​លើកឡើងថា លោក គីម ជុង​អ៊ុន ចំណាយ​កើន​ទ្វេ​ជាង​បិតា​របស់ខ្លួន លើ​សម្ភារ​ទំនើបៗ ជាពិសេស​រថយន្ត ដោយ​កើន​ពី​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​៦៤៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​


© រក្សាសិទ្ធិដោយ thmeythmey.com