ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​
30, Apr 2018 , 8:01 pm        
រូបភាព
ភ្នំពេញ​៖ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ ជា​បណ្តោះអាសន្ន​។ លោក លី លី​ប​ម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លោក ញឹក ប៊ុនឆៃ នៅ​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ​។


​ការដោះលែង​លោក ញឹម ប៊ុនឆៃ ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​ចំ​ថ្ងៃ​នៃ​ការចុះឈ្មោះ​គណបក្ស​សម្រាប់​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ 
 
​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា លោក បាន​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​។ តុលាការ សង្ស័យថា​លោក បាន​ប្រ​ព្រឹ​ត្ត​បទល្មើស​នេះ តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។ 
 
​លោក ញឹក ប៉ុន​ឆៃ ជា​អតីត​មេទ័ព​មួយរូប និង​ធ្លាប់មាន​ឋានៈជា​ឧបនាយករដ្ឋមន្ត្រី ហើយក៏​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​រប​ស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ផងដែរ​។ ក្រោយ​ចាក​ចេញពី​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ លោក ក៏​សម្រេចចិត្ត​បង្កើត​គណបក្ស​មួយ​ដោយ​ឯង គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ 
 
​លោក​លោក សឹង្ហ គិរី​ បានក្លាយជាប្រធានគណបក្សខ្មែររួបរួមជាតិ ពេលលោក ញឹក ប៊ុនឆៃ ជាប់ពន្ធនាគារ។ គណបក្សខ្មែររួបរួមជាតិ ក៏បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៤ នាពេលកន្លងមកដែរ។ គណបក្សនេះ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន២៤ (បានតំណែងជាមេឃុំ១)៕  
 

Tag:
 ញឹក ប៊ុុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com