ជាតិ
រដ្ឋាភិបាល​ណែនាំ​ឲ្យ​ម្ចាស់​ផលិតកម្ម​កសិកម្ម​ប្រើ​មន្ទីរពិសោធន៍​របស់​រដ្ឋ ដើម្បី​គុណភាព​និង​សុវត្ថិភាព​ចំណីអាហារ
03, May 2018 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ ជាង​បួន​ខែ​បន្ទាប់ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើពហិការ​ចំពោះ​បន្លែ​និង​គ្រឿង​បរិភោគ​នាំចូល​ពី​បរទេស​ដែលមាន​ផ្ទុក​សារធាតុ​គីមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​ប្រកាស​ស្តីពី​ការដាក់​ឲ្យ​ប្រើ​មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​និង​ចំណីអាហារ​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើការ​ជាមួយ​កម្មករ​ក្នុង​វិស័យ​ចំណីអាហារ និង​សេវាកម្ម​យល់ថា មន្ទីរពិសោធន៍​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​គុណភាព​អាហារ​នៅ​កម្ពុជា ដែល​ពលរដ្ឋ​កាន់តែច្រើន​ឡើង​កំពុង​បារម្ភ​ពី​ផលប៉ះពាល់​នៃ​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​។​



​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​ដល់​ម្ចាស់​ផលិតកម្ម​និង​អ្នកជំនួញ​ខាង​កសិកម្ម​ឲ្យ​ប្រើប្រាស់​មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​និង​ចំណីអាហារ​កម្ពុជា​របស់​រដ្ឋ​សម្រាប់​វិភាគ​គុណភាព​និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម​។ រដ្ឋាភិបាល​ក៏បាន​ព្រមាន​រឹបអូស​ផលិតផល​ដែល​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​ការចម្លង​ជំងឺ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​។​

​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបញ្ជាក់​ឲ្យ​ដឹងថា គោលបំណង​នៃ​ការដាក់​ឲ្យ​ប្រើ​មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ចំណីអាហារ​កម្ពុជា​នេះ គឺ​ធានា​នូវ​គុណភាព​និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម និង​ពង្រឹង​ការអនុវត្ត​វិធានការ​ត្រួតពិនិត្យ ដើម្បី​ការពារ​សុខភាព​សាធារណៈ​បង្កើន​ទំនុកចិត្ត​អ្នកប្រើប្រាស់​និង​ជំរុញ​ការនាំចេញ​និង​នាំចូល​ប្រកបដោយ​ប្រសិទ្ធិភាព​។​

​ប្រកាស​របស់​ក្រសួង​នេះ​ក៏​គ្របដណ្តប់​លើ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ផលិតកម្ម​កសិកម្ម​ទាំងអស់ ចាប់ផ្តើម​ពី​ផលិតកម្ម រហូតដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការកែច្នៃ​បឋម ផលិតផល​កែច្នៃ ផលិតផល​ក​សិ​-​ចំណីអាហារ ផលិតផល​ពាក់កណ្តាល​សម្រេច និង​ផលិតផល​សម្រេច​។​

​លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការដាក់​ឲ្យ​ដំណើរការ​មន្ទីរពិសោធន៍​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​គុណភាព​បន្លែ និង​ចំណីអាហារ​ផ្សេងទៀត​សម្រាប់​ការ​ទទួលទាន​ប្រចាំថ្ងៃ​។ លោក​រំពឹងថា មន្ទីរពិសោធន៍​នេះ នឹង​ដំណើរការ​ទៅដោយ​ការទទួលខុសត្រូវ និង​មិនមាន​បាតុភាព​ពុករលួយ​ក្នុង​មន្ទីរ​ដែលមាន​ភាពចាំបាច់​ដើម្បី​ការពារ​សុខភាព​សាធារណៈ​នោះឡើយ​។​

«​ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​ដែល​ល្អ បើសិនជា​មិនមាន​បញ្ហា​ពុករលួយ ឬក៏​...​បក្ខពួក​នៃ​ផ្សេងៗ គិតថា ជា​រឿង​មួយ​ដ៏​ល្អ ព្រោះ​អានេះ វា​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ វា​គួរតែ​ជា​កាតព្វកិច្ច ហើយ​វា​គួរតែមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ហើយ​មួយទៀត​យើង​គិតថា វា​ជា​ឱកាស​ពង្រីក​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់ បងប្អូន​អ្នក​ផលិត​ទាំងឡាយ​ហ្នឹង គឺថា គាត់​អាច​បានដឹង​កាន់តែច្បាស់​ថា​គាត់​ត្រូវតែ គាត់​មាន​កាតព្វកិច្ច​ក្នុងការ​ផលិត​មួយ​ប្រកប​ដោយមាន​គុណភាព ដែល​ត្រឹមត្រូវ​តាម​ស្តង់ដារ​ផ្សេងៗ​»​។​

​លោក​ថ្លែងបន្តថា ការប្រកួតប្រជែង​ក្នុងការ​នាំចូល​នាំចេញ​ផលិតផល​កសិកម្ម អាច​នឹងមាន​ភាពប្រសើ​រ​ជាង​មុន​ផងដែរ ដែល​ធានាថា ទំនិញ​នាំ​ចេញពី​កម្ពុជា ឬ​នាំ​ចូលមកក្នុង​ប្រទេស​មា​ន​គុណ​ភាពល្អ និង​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ពលរដ្ឋ​។ យ៉ាងណាក៏ដោយ លោក​មានការ​ព្រួយបារម្ភ ទៅលើ​ជំនាញ​របស់​អ្នក​ពិសោធន៍ ដោយសារ​ការវិភាគ​គុណភាព​ចំណីអាហារ​នេះ មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ ខណៈដែល​អ្នក​ផលិត​ក៏​មិនសូវ​ខ្វល់​ពី​ការត្រួតពិនិត្យ​គុណភាព​។​

«​បាទ​អានេះ គឺជា​បញ្ហា​ប្រឈម​មួយ ដោយឡែក​ផ្សេងទៀត ដែល​យើង យើង​មិនដឹងថា​តើ ព្រោះ​វា​ថ្មី សម្រាប់​ប្រទេស​របស់​យើង​ហើយ​ចឹ​ង យើង​មិនដឹងថា​តើ​សមត្ថភាព​របស់​មន្ត្រី​យើង ប៉ុន្មាន យើង​ពិបាក​ថា​ដែរ​»​។​

​តាម​ប្រកាស​របស់​ក្រសួងកសិកម្ម​ស្តីពី​មន្ទីរពិសោធន៍​ដដែល​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ចំណីអាហារ​នេះ នឹង​ផ្តល់​ការវិភាគ​គុណភាព និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម ដែល​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ​អាស៊ាន FAO WHO Codex Alimentarius Commission (CAC) និង​ស្តង់ដារ​តម្រូវ​នៃ​បណ្តា​ប្រទេស​នាំចូល​ផ្សេងៗ​។​

​មន្ទីរពិសោធន៍​នេះ​មាន​តួនាទី​ជាច្រើន​ផ្សេងទៀត​ផងដែរ ដូចជា «​សម្របសម្រួល និង​ជំរុញ​ការលើកកម្ពស់​សុវត្ថិភាព​ផលិតផល​កសិកម្ម​នាំចេញ និង​នាំចូល ផ្តល់​សេវាកម្ម​បណ្តុះបណ្តាល​ធនធានមនុស្ស សហប្រតិបត្តិ​ការស្រាវជ្រាវ​លើ​ការវិភាគ​គុណភាព និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម​និង​ធានា​ប្រសិទ្ធភាព​និង​គុណភាព​នៃ​មន្ទីរពិសោធន៍​ឯកជន គ្រឹះស្ថានសាធារណៈ ទាំងឡាយ​ដែល​ប្រកប​អាជីវកម្ម វិភាគ​គុណភាព និង​សុវត្ថិភាព​លើ​ចំណីអាហារ​នៃ​ផលិតផល​កសិកម្ម​»​។​

​ប្រកាស​ស្តីពី​មន្ទីរពិសោធន៍​នេះ ក៏​ផ្តល់​អំណាច​ដល់​មន្ត្រី​កសិកម្ម​ក្នុង​ការចេញ​ការព្រមាន ផ្អាក​រឹបអូស​ផលិតផល​កសិកម្ម ដែល​ត្រូវបាន​វិភាគ​ឃើញថា មាន​ផ្ទុក​សារ​ធាតុគីមី​ហួសប្រមាណ ដែល​បង្ក​ផលប៉ះពាល​ដល់​សុខភាព​ពលរដ្ឋ​។ ការចេញ​ការព្រមាន ការផ្អាក បញ្ឈប់ និង​ដកហូត ដែល​នឹងធ្វើ​ទៅលើ​ផលិតកម្ម​កសិកម្ម និង​ផ​លិ​ផល​កសិកម្ម ក៏ដូចជា​ចំណីអាហារ អាច​នឹង​ធ្វើឡើង​តាម​ការស្នើសុំ​របស់​នាយ​ក​ដ្ឋា​នក​សិ​-​ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​កាលពី​ខែមករា ឆ្នាំ​២០១៨ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឆ្លើយតប​នឹង​ការ​ត្អូញត្អែ​របស់​សាធារណៈជន​ចំពោះ​ការប្រើប្រាស់​បន្លែ​មាន​សារ​ធាតុគីមី​។ លោក ហ៊ុន សែន បាន​ស្តីបន្ទោស​ពលរដ្ឋ​ខ្មែរ​ថា បាន​ប្រើប្រាស់​បន្លែ ឬ​គ្រឿង​បរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​ពី​បរទេស​ដែល​ជួយ​ជំរុញឱ្យមាន​ការនាំ​ចូល​ផលិតផល​ទាំងនេះ​នៅក្នុង​ទីផ្សារ​កម្ពុជា​យ៉ាងច្រើន​។ បន្ថែម​លើ​ការស្តីបន្ទោស​ខ្លាំងៗ​នោះ​លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើពហិការ​ចំពោះ​បន្លែ និង​គ្រឿង​បរិភោគ​នាំចូល​ពី​បរទេស​ដែលមាន​ផ្ទុក​សារធាតុ​គីមី​និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការដាំ​បន្លែ​ធម្មជាតិ​ក្នុងស្រុក​។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សុំ​មិន​ធ្វើការ​អធិប្បាយ​លើ​សមត្ថភាព​មន្ទីរពិសោធន៍​ដែល​បានដាក់​ឲ្យ​ដំណើរការ​នេះ ដោយបាន​ស្នើ​ឲ្យ​អ្នកយកព័ត៌មាន​យោងទៅលើ​ខ្លឹមសារ​ប្រកាស​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម​។​

​ពាក់ព័ន្ធ​បញ្ហា​មិន​ប្រក្រតី​នៃ​ចំណីអាហារ​ផ្គត់ផ្គង់​នៅ​កម្ពុជា ក្នុងពេល​ថ្មីៗ​នេះ មានការ​ចែករំលែក​ដំណឹង​តាម​បណ្តាញ​សង្គម អំពី​ការផលិត​កាហ្វេ​ធ្វើ​ពី​ថ្មពិល​ដែល​គេ​សង្ស័យថា មាន​ប្រភព​ចេញពី​ប្រទេស​វៀតណាម​និង​ការផលិត​ស្រា​វី​ស្គី​ក្លែងក្លាយ​ម៉ាក​ល្បីៗ​ជាច្រើន​។ ដំណឹង​អំពី​ការ​ចរាចរ​លក់​អង្ករ​បា្ល​ស្ទិ​ក​នៅលើ​ទីផ្សារ​កម្ពុជា ក៏ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចែករំលែក​ឲ្យ​ដឹង​តៗ​គ្នា កាលពីពេល​កន្លងមក​ផងដែរ​។​

​ក៏ប៉ុន្តែ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ប្រតិ​ម្ម​នឹង​ដំណឹង​នេះ ដោយបាន​ប្រកាសថា ក្រសួង​បាន​ពិសោធ​អង្ករ​ដែល​សង្ស័យថា​ជា​អង្ករ​ប្លា​ស្ទិ​ក​នោះ ហើយ​លទ្ធផល​បង្ហាញថា អង្ករ​ទាំងនោះ​ជា​អង្ករ​ពិត មិនមែនជា​អង្ករ​ប្លា​ស្ទិ​ក​ដូច​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com