ជាតិ
សង្គមជាតិ
របាយការណ៍​៖ ស្ត្រី​អ្នកសារព័ត៌មាន ប្រឈម​ទាំង​សម្ពាធ​ការងារ និង​ការ​បៀតបៀន​ផ្លូវភេទ
03, May 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ វិសមភាព​យេនឌ័រ និង​ការ​សុវត្ថិភាព​ក្នុងពេល​បំពេញការងារ គឹជា​បញ្ហា​ប្រឈម​មួយ​របស់​ស្ត្រី​កម្ពុជា នៅក្នុង​វិស័យ​សារព័ត៌មាន​។ បន្ថែម​ពីនេះ ក៏​នៅ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ដែល​រួមមាន​តួនាទី​ជា​អ្នកដឹកនាំ​ដែល​ភាគច្រើន​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​បុរស និង​ឱកាស​បញ្ចេញ​សមត្ថភាព​ដោយសារតែ​ការ​យល់ថា​ស្ត្រី​ងាយ​រងគ្រោះ នៅពេល​ចុះ​យក​ព័ត៌មាន​ដល់ទី​តាំង​ប្រឈម​ហានិភ័យ និង​គ្រោះថ្នាក់​។ ក្រៅពីនេះ ស្ត្រី​ជា​អ្នកសារព័ត៌មាន ប្រឈម​ខ្ពស់ នឹង​ការ​បៀតបៀន​ផ្លូវភេទ​ទាំង​នៅ​កន្លែង​ការងារ និង​ពេល​ទៅយក​ព័ត៌មាន​ផងដែរ​។



​របាយការណ៍​មួយ​មាន​ចំណងជើង​ថា​៖«​ឆ្ពោះទៅរក​សមភាព​យេនឌ័រ​-​ស្ត្រី និង​វិស័យ​សា​ព័ត៌មាន​កម្ពុជា​» ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៨ ។ 

​លោក Jaldeep Katwala អ្នកគ្រប់គ្រង​គម្រោង​បណ្តាញ​បណ្តុះបណ្តាល​ព័ត៌មាន​អាស៊ីអាគ្នេយ៍​នៃ​អង្គការ Fojo ដែល​បានធ្វើ​បទ​បង្ហាញ​លើ​របាយការណ៍​នេះ បាន​លើកឡើងថា ចំនួន​បុរស​ធ្វើការ​នៅក្នុង​វិស័យ​សារព័ត៌មាន មាន​ច្រើន​ស្ត្រី បូករួម​ទាំង​តួនាទី​ជា​ថ្នាក់ដឹកនាំ​ផង​។ ក្រៅតែពី​មាន​ចំនួន​តិច​ហើយ អ្នកសារព័ត៌មាន​ជា​ស្ត្រី ក៏​ប្រឈម​នឹង​សម្ពាធ​ការងារ​ខ្ពស់​ផងដែរ ពិសេស​បញ្ហា​សុវត្ថិភាព​។

​អ្នកសារព័ត៌មាន​កម្ពុ​ជា ប្រឈម​នឹង​ការគំរាមកំហែង ពេល​យក​ព័ត៌មាន​ពី​បញ្ហានយោបាយ និង​ជម្លោះដីធ្លី ហើយ​ជារឿយៗ ស្ត្រី​ត្រូវបាន​មើលឃើញថា​ងាយ​រងគ្រោះ  នៅពេល​ចុះ​យក​ព័ត៌មាន​ដល់ទី​តាំង​ប្រឈម​ហានិភ័យ និង​គ្រោះថ្នាក់​។ ក្នុងករណីនេះ បុរស​មានឱកាស​ច្រើនជាង​ស្ត្រី​ក្នុង​ការចុះ​យក​ព័ត៌មាន​។​



​របាយការណ៍​ស្រាវជ្រាវ​ដដែល ក៏​គូស​បញ្ជាក់ដែរថា ស្ត្រី​ប្រឈម​នឹង​ការ​បៀត​បឿន​ផ្លូវភេទ​ខ្ពស់ ពោល​គឺមាន​ស្ត្រី​ដល់​ទៅ​៤០​ភាគរយ ជួប​បញ្ហា​បៀត​បឿន​ផ្លូវភេទ ពី​សហការី​ជា​បុរស​នៅ​កន្លែង​ការងារ​។ បើតាម លោក Jaldeep Katwala ការ​បៀតបៀន​ភាគច្រើន កើតមាន​ក្នុង​រូបភាព​ការនិយាយស្តី​មិន​សមរម្យ បញ្ឆិតបញ្ឆៀង ត្រូវ​ថ្នាក់លើ​ប៉ះពាល់ ឬ​ស្ទាបអង្អែល​ជាដើម​។

​សម្រាប់​លោក Jaldeep Katwala  បញ្ហា​នេះ គួរ​ត្រូវបាន​ដោះស្រាយ តាមរយៈ​ការរៀបចំ​យន្តការ​ប្តឹង ឬ​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ណាមួយ ការពារ​ក៏ដូចជា​ផ្តល់​យុត្តិធម៌​ចំពោះ​ស្ត្រី និង​ការធ្វើ​ឲ្យ​មាន​សមធម៌​រវាង​បុរស និង​ស្ត្រី នៅក្នុង​វិស័យ​សារព័ត៌មាន​។

​លោកស្រី ធីតា ឃឹះ នាយិការ​ប្រតិបត្តិការ​អង្គការ​សីល​ការ សង្កេតឃើញថា សង្គម​កម្ពុជា​នៅមាន​ការរើសអើង​ច្រើន​លើ​ស្ត្រី​។ លោកស្រី បាន​លើក​ឧទាហរណ៍​អំពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី នៅក្នុង​កន្លែង​ការងារ​ដែល​ផ្តោតទៅលើ​និយាយ​លេងសើច​របស់​បុរសៗ ចំពោះ​សហការី​ជា​ស្ត្រី​របស​។ លោកស្រី ធីតា ឃឹះ បន្ថែម​ដូច្នេះ​៖ «​ភាគច្រើន​បុរស​ច្រើនតែ​និយាយ​លេងសើច​ច្រើន ហើយ​ការ​លេងសើច​នោះ គឺ​សឹងតែ​ថា​៨៥​ភាគរយ​គឺ​ចូលដល់​រឿង​ផ្លូវភេទ​។ នេះ​គឺជា​បញ្ហា​មួយ​ដ៏​ធំ​នៅក្នុង​សង្គម​របស់​យើង ដោយសារ​នៅក្នុង​សង្គម​អត់​ទាន់​យល់ថា អ្វី​ទៅជា​ការ​បៀតបៀន​ផ្លូវភេទ ហើយ​យើង​ក៏​អត់​ទាន់​មានច្បាប់​ដើម្បី​ចាត់វិធានការ​លើ​រឿងនេះ​។ រឿងនេះ ធ្វើ​ឲ្យ​ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន កាន់​តែមាន​សម្ពាធ​»​។

​តែ​យ៉ាងណាក៏ដោយ លោកស្រី ធីតា ឃឹះ មិនបាន​ទម្លាក់​កំ​ហុង​ទាំងស្រុង​ទៅលើ​បុរស​នោះ​។ ញ្ហា​នេះ ក៏​បណ្តាលមកពី​ស្ត្រី ខ្លួនឯង​ដែល​មិនសូវ​បាន​យល់​ពី​ការ​បៀតបៀន​ផ្លូវភេទ គួបផ្សំ​នឹង​បរិយាកាស​ការងារ​ដែល​ភាគច្រើន​មានតែ​បុរស​នោះ​។ លោកស្រី ធីតា ឃឹះ បានស្នើ​ឲ្យ​បុរស កែតម្រូវ​របៀប​និយាយ​លេងសើច​របស់ខ្លួន ខណៈ​ស្ត្រី​ខ្លួនឯង ត្រូវ​ហ៊ាន​រាយការណ៍​ពី​សកម្មភាព​បៀតបៀន​ផ្លូវភេទ​នេះ​៕


Tag:
 សារព័ត៌មាន​
 ​សេរីភាព​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com