ជាតិ
សិល្បះ
សិល្បៈ​ចម្រុះ​បុរាណ និង​សម័យ ក្នុង​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ បង្ហាញ​ពី​វប្បធម៌​ខ្មែរ​
04, May 2018 , 8:59 am        
រូបភាព
​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ រៀបចំឡើង​ដោយ​សិស្ស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់ទី​៥ ខែឧសភា​នេះ ដោយ​នឹង​បង្ហាញ​នៅ​ទម្រង់​សិល្បៈ​ជាច្រើន មាន​ទាំង​បុរាណ និង​សម័យ ដែល​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​។​



​កញ្ញា ក្រួច ច័ន្ទ​វ​ត្តី​ស្រី​វ​លក្ខ​ណ៏ ប្រធាន​គណៈកម្មការ​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានឱ្យដឹងថា​កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ បង្ហាញ​ពី​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​។ កញ្ញា​ថា ពេល​ល្ងាច​មាន​សម្ដែង​សិល្បៈ​ចម្រុះ​ច្រើន​ដូចជា​ថ្ងៃ​ដំបូង សម្ដែង​ចាប៉ីដងវែង ដើរ​ម៉ូដ​សម័យ​លង្វែក ប្រគំ​ភ្លេង​មហោរី រាត្រី​ត្រជាក់ (​បទ​ចម្រៀង​ព្រះរាជ​និពន្ធ​របស់​សម្ដេច​តា​) អា​យ៉ៃ​ឆ្លើយឆ្លង​។ រីឯ​ថ្ងៃ​បន្ទាប់​មាន​សម្ដែង​ចាប៉ីដងវែង របាំ​ក្រមា របាំ​ក្ងោក ចម្រៀង​និពន្ធ​ខ្លួនឯង (Original song) របស់​មហាវិទ្យាល័យ​តូរ្យតន្ត្រី របាំ​ក្ងោក​ប៉ៃលិន យ៉ី​កេ  ល្ខោននិយាយ របាំ​សហ​សម័យ​ក្ងោក ការដើរ​ម៉ូដ​ច្នៃ​ពី​ផ្ទាំងគំនូរ​។



​ចំណែកឯ​នៅ ថ្ងៃ​បញ្ចប់​នឹងមាន​ការប្រគំ​ភ្លេង​មហោរី ចាប៉ីដងវែង របាំ​បួងសួង ល្ខោនខោល ក្បាច់គុន​ល្បុក្កតោ របាំ​ឆ្មា ការដើរ​ម៉ូដ​ពី​របស់​កែច្នៃ និង​ចម្រៀង​Original Song ជាដើម​។  កញ្ញា ច័ន្ទ​វ​ត្តី​ស្រី​វ​លក្ខ​ណ៏ បញ្ជាក់​បន្ថែមថា​៖«​កម្មវិធី​យើង ធ្វើ​គឺ​បង្ហាញ​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ យើង​ចង់​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​។ ភាគច្រើន​យើង​បង្ហាញ​ទម្រង់​សិល្បៈ​ចម្រុះ​នេះ នៅពេល​ល្ងាច​។ យើង​ចង់ឱ្យ​អ្នកទស្សនា​មក​មើល​ឱ្យបាន​ច្រើន ជាពិសេស​យើង​មាន​របាំ​ឆ្មា ដែល​យើង​ទើប​បង្កើត​ថ្មី វា​មិនសូវ​បាន​យកទៅ​សម្ដែង​ច្រើន​នោះទេ​»​។



​ក្រៅពី​ការសម្ដែង​សិល្បៈ​ចម្រុះ ដែល​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ បានរៀបចំ​អ្នកទស្សនា​អាច​ចូលទៅ​មើល​ស្នាដៃ​របស់​មហាវិទ្យាល័យ​ទាំង​៥ បូក​នឹង​ឆ្នាំ​មូលដ្ឋាន ដែល​ដាក់តាំង​បង្ហាញ​នៅតាម​បន្ទប់​ផ្សេងៗ​បាន​ផងដែរ​៕













Tag:
 សិល្បៈ​
  សាលា​វិចិត្រសិល្បៈ​
 ​តាំងពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com