សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​បញ្ជាក់ថា «​វាសនា​» ខុសពី «​សំណាង​»
ពីនេះ ពីនោះ / មិនយល់...!
សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​បញ្ជាក់ថា «​វាសនា​» ខុសពី «​សំណាង​»
05, Jul 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​វាសនា​» ដែល​គេ​អាច​សរសេរ​ម្យ៉ាងទៀត​ជា វាស្នា សម្រាប់​បញ្ជាក់​ន័យ​ថា ជា​ចរិយា ឬ​ចរិត​របស់​មនុស្ស ដែលមាន​ពី​កំណើត​។  ចំណែក​ពាក្យ «​សំណាង​» ប្រែ​មក​ថា ជា​ភ័ព្វ របស់​មនុស្ស​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​តាមដាន​ទស្សនា​ស្តាប់​ការបកស្រាយ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ខាងក្រោម​ដូចតទៅ​៖




​ពាក្យ «​វាសនា​» ត្រូវបាន​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា​ជា បុព្វចរិយា​របស់​មនុស្ស មានន័យថា ជា​បុគ្គល​ដែលមាន​ចរិត និង​អាកប្បកិរិយា​តាំងពី​កំណើត​។ «​វាសនា​» គឺ​សំដៅលើ​ឫកពា​ដើម​របស់​មនុស្ស ដូចជា ដើរ​លឿនៗ​, ចូលចិត្ត​រាំ​, និយាយ​ខ្លាំងៗ ជាដើម​។ មនុស្ស​មួយចំនួន​តែង​យល់ថា ខ្លួនឯង​មិនមាន​វាសនា តែ​ការពិត​មនុស្ស​មាន​វាសនា​គ្រប់ៗ​គ្នា គ្រាន់​តែមាន​វាសនា​ខុសគ្នា​តែប៉ុណ្ណោះ​។

​តាមរយៈ​ការបញ្ជាក់​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត «​វាសនា​»  មិនមែនជា​ព្រេងសំណាង​ឲ្យ​លាភ ឲ្យ​ប្រយោជន៍ ឬ​ឲ្យ​ទ្រព្យសម្បត្តិ​ដល់​មនុស្ស​នោះទេ​។ ប៉ុន្តែ​បើ​គេ​កសាង​វាសនា​ល្អ នោះ​នឹង​បាន​វាសនា​ល្អ តែបើ​កសាង​វាសនា​អាក្រក់ នោះ​វាសនា​ក៏​អាក្រក់​ដែរ​។

​បើតាម​ប្រសាសន៍​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត អះអាងថា​៖«​នៅក្នុង​គម្ពីរ​សាសនា មានតែ​ព្រះពុទ្ធ​តែប៉ុណ្ណោះ​ដែល​អាច​កាត់ផ្តាច់​វាសនា​ទាំងឡាយ​បាន​។ នៅពេលដែល​ព្រះពុទ្ធ​បាន​ត្រាស់ដឹង និង​បរិ​និ​ពា្វ​ន  ឫកពា អាកប្បកិរិយា ទាំងអស់​របស់​ព្រះអង្គ រួច​ផុតពី​រូប​កាយ​របស់​ព្រះអង្គ​»​។

​ចំណែក​ពាក្យ «​សំណាង​» សម្គាល់​លើ​ភ័ព្វ​របស់​មនុស្ស មានន័យថា ដែល​គួរ ដែលមាន​សេចក្តីសុខ​។  ប៉ុន្តែ​មនុស្ស​មិនអាច​មើលឃើញ​ភ័ព្វសំណាង​បានឡើយ​។ ពាក្យ «​សំណាង​» គេ​ហៅ​ម្យ៉ាង​ទៀតថា ជា​លាភ ឬ​ហេង សំដៅយក​សេចក្តី​ថា ជោគ​ដែល​បាន​ចម្រើន​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​ដដែល​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com