កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា​ជំនួយ​ការខ្លួន មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ជំនួស​កៅអី Wenger
04, May 2018 , 4:33 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United ជឿជាក់ថា​ជំនួយការ​របស់ខ្លួន​លោក Rui Faria មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​អ្នកចាត់ការ Arsenal ក្រោយ​ការចាកចេញ​របស់លោក Arsene Wenger នៅ​បញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​



​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស​ក៏បាន​ចុះផ្សាយ​ដែរ​ថា​លោក Faria វ័យ​៤២​ឆ្នាំ​កំពុង​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​របស់ Arsenal ដើម្បី​ជំនួស​តំណែង​អ្នក​ចាត់​សញ្ជាតិ​បារាំង ដែល​ត្រៀម​ចាក​ចេញពី​ទឹកដី Emirates ក្រោយ​ដឹកនាំ​អស់​រយៈពេល​ជិត ២២ ឆ្នាំ​។​

​ជំនួយការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ដើរ​តាម​លោក Mourinho ដឹកនាំ​ក្រុម​ចំនួន​៦​ផ្សេងគ្នា​រហូតមកទល់​បច្ចុប្បន្ន ពោលគឺ​ចាប់តាំងពី​អ្នក​ទាំងពីរ​នៅ​ដឹកនាំ FC Porto កាលពី ១៤​ឆ្នាំមុន ដោយ​ឈ្នះ​ពានរង្វាន់​សរុប ២៥​ពាន​រួចមកហើយ​។​

​នៅពេល​សួរថា​តើ​ជំនួយការ​របស់ខ្លួន​នឹង​ក្លាយជា​អ្នកចាត់ការ Arsenal ឬ​យ៉ាងណា​នោះ អតីត​អ្នកចាត់ការ Chelsea និយាយថា​៖«​ខ្ញុំ​ក៏​គិត​ដូច្នេះ​ដែរ តែ​ខ្ញុំ​មិន​ច្បាស់​ទេ ថា​គាត់​ចង់​ក្លាយជា​អ្នកចាត់ការ​នោះ​។ អ្នក​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​គិតថា​វា​ជា​រឿង​ល្អ​ទេ ខ្ញុំ​សូម​ឆ្លើយថា "​បាទ​"​។ ហើយ​ខ្ញុំ​និយាយ​បែបនេះ ព្រោះ​គាត់​លើសពី​ជំនួយការ​របស់ខ្ញុំ គាត់​គឺជា​មិត្ត​របស់ខ្ញុំ ប្រសិនបើ​មិត្ត​ខ្ញុំ​មានលទ្ធភាព​ទទួលបាន​ការងារ​ដ៏​ធំ​នេះ​នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ជួយ​គាត់ ហើយ​ជូនពរ​ឲ្យ​គាត់​មានសំណាង​»​។​


Rui Faria (ឆ្វេង) Jose Mourinho (កណ្តាល) និង Andre Billas-Boas កាលនៅដឹកនាំ Chelsea

​ក្រៅពី​លោក Rui Faria សមាសភាព​ផ្សេងទៀត​ដែល​អាច​ឡើងមក​ជំនួស​តំណែង Wenger រួមមាន​លោក Luis Enrique អតីត​អ្នកចាត់ការ Barcelona, Mikel Arteta ជំនួយការ​លោក Pep Guardiola នៅ Man City, Joachim Low គ្រូ​ជម្រើសជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន​, Carlo Ancelotti ដែល​បច្ចុប្បន្ន​នៅ​ទំនេរ​ពី​ការងារ​, Massimiliano Allegri គ្រូបង្វឹក Juventus, Leonardo Jardim គ្រូបង្វឹក​ក្លិប Monaco និង Patrick Vieira គ្រូបង្វឹក​ក្លិប New York City ជាដើម​នោះ ក៏​ស្ថិតក្នុង​បញ្ជី​ដែរ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Jose Mourinho
  Rui Faria
  Arsene Wenger
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com