កីឡាជាតិ
ជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​អូឡាំពិក​តំបន់ ដែលមាន​ជាង​៣០​ប្រទេស​ចូលរួម​
04, May 2018 , 7:39 pm        
រូបភាព
លោក វ៉ាត់​ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលកន្លងទៅ
លោក វ៉ាត់​ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលកន្លងទៅ
ដោយ:
​ដោយបាន​សិទ្ធ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​អូឡាំពិក​តំបន់ OS/OCA Regional Forum ចន្លោះ​ពីថ្ងៃ​ទី​៦-៧ ឧសភា នៅ​សណ្ឋាគារ​សុខា​។ វេទិកា ដែល​ពិភាក្សា​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​កីឡា​អាស៊ី​នេះ មាន​សមាជិក​ជាង​១០០​នាក់​មកពី​៣៥​ប្រទេស​ចូលរួម​។ កម្ពុជា​រំពឹងថា តាមរយៈ​វេទិកា​នេះ​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​មកលើ​ចលនា​អូឡាំពិក​កម្ពុជា​។ កម្ពុជា​ក៏​គ្រោង​ធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព​ចុងក្រោយ​សម្រាប់​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ក្នុង​វេទិកា​នេះ​ផងដែរ​។​



​អ្នកជំនាញ​កីឡា​មក​អាស៊ី​ខាងកើត អាស៊ី​កណ្តាល និង​អាស៊ីអាគ្នេយ៍​ប្រមាណ​ជា​១០០​នាក់  នឹង​មកជួប​ជុំគ្នា​នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធ​ល្អៗ​ពី​ការអភិវឌ្ឍ​វិស័យ​កីឡា ក៏ដូចជា​ពិភាក្សា​ពី​បញ្ហា​វិស័យ​កីឡា ក្នុង​វេទិកា​អូឡាំពិក​តំបន់ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពីថ្ងៃ​ទី​៦-៧ ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ត្រើយម្ខាង​។ ក្នុងចំណោម​សមាជិក​ចូលរួម​ទាំង​៣៥​ប្រទេស ក៏មាន​វត្តមាន​របស់​អាមេរិក និង​ចក្រភព​អង់គ្លេស​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។​

​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា ក្រៅ​ពិភាក្សា​ពី​បញ្ហា​វិស័យ​កីឡា ក៏មាន​ការធ្វើ​បទ​បង្ហាញ​របស់​គណៈកម្មកា​រ​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន​នៅ​អា​ហ្ស​ង់​ទីន កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី និង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ទាំងនោះ​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ទាំងនេះ​ផងដែរ​។

​លោក វ៉ា​ត់ ចំរើន យល់ថា ការធ្វើ​ម្ចាស់ផ្ទះ​វេទិកា​អូឡាំពិក​តំបន់​នេះ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូចជា បាន​ផ្សព្វផ្សាយ​ពី​ការរីកចម្រើន​នៃ​ចលនា​អូឡាំពិក​នៅ​កម្ពុជា​។ ពិសេស​ទទួល​បានការ​គាំទ្រ និង​ទំនុកចិត្ត​កាន់តែខ្លាំង​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​ទាំង​បញ្ហា​សន្តិសុខ និង​ស្ថេរភាព​នយោបាយ​។

«​អត្ថប្រយោជន៍​ចំពោះ​យើង គឺ​ទំ​នុ​ច​ចិត្ត​អន្តរជាតិ​មកលើ​ស្ថេរភាព​នយោបាយ សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ ម្យ៉ាងទៀត​វា​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​ដំណើរ​វិវិត្ត និង​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​របស់​យើង​។ ដូច្នេះ​វា​ចំណេញ​សម្រាប់​យើង​ក្នុងការ​ទាក់ទាញ​ការគាំទ្រ និង​ការជួយឧបត្ថម្ភ​ពី​អន្តរជាតិ​»​។ នេះ​ជាការ​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​វេទិកា​អូឡាំពិក​តំបន់​របស់លោក វ៉ា​ត់ ចំរើន​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​ប្រើ​វេទិកា​នេះ​ទាក់ទាញ​ការគាំទ្រ និង​ជួយ​ឧ​បត​ម្ភ​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​តាមរយៈ​ការបង្ហាញ​ពី​គម្រោង និង​ការវិវត្ត​ចុងក្រោយ​នៃ​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ វេទិកា​អូឡាំពិក​តំបន់​នេះ តែងតែ​ផ្តល់ជូន​ដល់​ប្រទេស ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ធំៗ ដើម្បី​បង្ហាញ​ការចាប់អារម្មណ៍ ក៏ដូចជា​ទាក់ទាញ​ការគាំទ្រ​ពី​បរទេស​។

​នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​អូឡាំពិក​តំបន់​នេះ​។ កាលពី​៤​ទៅ​៥​ឆ្នាំមុន កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​វេទិកា​នេះ​ម្តង​រួចមកហើយ ដោយ​កាលណោះ​រៀបចំ​នៅ​ខេត្តសៀមរាប​ដែលមាន​ប្រទេស​ចូលរួម​តែ​ជាង​២០​ប្រទេស​ប៉ុណ្ណោះ​៕


Tag:
 NOCC
  វ៉ា​ត់ ចំរើន​
  វេទិកា​អូឡាំពិក​តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com